Neymar ដកចេញពី Copa America ទុកជើងលេង Olympics

ខ្សែប្រយុទ្ធឆ្នើមក្លិប Barcelona កីឡាករ Neymar ត្រូវបានដកចេញពីក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតពាន Copa America ដែលនឹងចាប់ផ្តើមលេងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ចាប់ពីខែក្រោយនេះទៅ។
Neymar
លោក Dunga គ្រូបង្វឹកក្រុមជម្រើសជាតិ បានទទួលយកសំណើររបស់ក្លិប Barcelona ដែលបានស្នើឲ្យ យកខ្សែប្រយុទ្ធរូបនេះលេងបានតែក្នុងក្របខណ្ឌពានរង្វាន់មួយប៉ុណ្ណោះ គឺ Copa America ឬក៏ Rio Olympics នាថ្ងៃសីហា និងក្រោយមកគ្រូបង្វឹកនេះ បានសម្រេចឲ្យ Neymar លេងក្នុងការប្រកួត Rio Olympics។

ក្រុមរបស់ Dunga ដែលកំណត់ឈ្មោះកាលពីម្សិលមិញ រួមមានកីឡាករក្រោមអាយុ ២៣ឆ្នាំ ៧នាក់ ហើយពួកគេក៏មានឈ្មោះសម្រាប់ការប្រកួតនៅ Rio ផងដែរ។ កីឡាករពីរនាក់ទៀតដែលកំពុងលេងនៅអង់គ្លេស ក៏ត្រូវបានជ្រើសរើសដែរ គឺកីឡាករ Philippe Coutinho របស់ហង្សក្រហម Liverpool និងខ្សែបម្រើកណ្តាលតោខៀវ Chelsea គឺកីឡាករ Willian។

ប្រេស៊ីល ស្ថិតនៅក្នុងពូល B ត្រូវជួបជាមួយប្រទេស អេក្វាឌ័រ ហៃទី និងពេរ៉ូ ហើយត្រូវចាប់ផ្តើមប្រកួតដំបូងជាមួយ អេក្វាឌ័រ នាថ្ងៃទី ៤ មិថុនា នៅកីឡដ្ឋាន Pasadena រដ្ឋ California៕