ក្រុមចំបាប់កម្ពុជា នឹងប្រកួតជម្រុះអូឡាំពិកនៅតួកគី ចាប់ពីថ្ងៃសុក្រនេះទៅ

បេក្ខភាពកីឡាចំបាប់២រូបរបស់កម្ពុជា គឺកីឡាករ ងួន មករា និងកីឡាការិនី ចូវ សុធារ៉ា នឹងចាប់ផ្តើមប្រកួតជម្រុះអូឡាំពិកកម្រិតពិភពលោក នៅប្រទេសតួកគី នៅថ្ងៃសុក្រនេះ ខណៈព្រឹត្តិការណ៍ដ៏ធំដែលមានអត្តពលិកមកពីជុំវិញពិភពលោកចូលរួមនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃអាទិត្យ ខាងមុខនេះ។
cambosport
កីឡាករ ងួន មករា និងម្ចាស់មេដាយមាសនៅស៊ីហ្គេម ចូវ សុធារ៉ា បានធ្វើដំណើរទៅកាន់ប្រទេសតួកគី ជាមួយលោក ធិន វិចិត្រ កាលពីថ្ងៃល្ងាចថ្ងៃអង្គារ ដើម្បីចូលរូមការប្រកួតជម្រុះនេះ ដោយក្នុងនោះ ងួន មករា នឹងត្រូវប្រកួតក្នុងប្រភេទទម្ងន់៧៤គីឡូក្រាម ហើយ ចូវ សុធារ៉ា ប្រកួតក្នុងទម្ងន់៥៣គីឡូក្រាម។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ហាក់មិនសូវសង្ឃឹមចំពោះការឈ្នះបានមេដាយមាស ឬប្រាក់ របស់ ងួន មករា និង ចូវ សុធារ៉ា ដើម្បីឈ្នះបានកៅអីទៅប្រកួតនៅអូឡាំពិក នៅប្រទេសប្រេស៊ីល ក្នុងខែសីហា ខាងមុខនោះទេ ព្រោះនេះជាការប្រកួតជម្រុះកម្រិតពិភពលោក មិនប្រកួតជម្រុះកម្រិតអាស៊ី ដែលកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានឈ្នះមេដាយមាស នៅប្រទេសហ្វីលីពីន កាលពីពាក់កណ្តាល ខែមេសា កន្លងមកនោះទេ។
cambo2
លោក ធិន វិចិត្រ បានបញ្ជាក់ថា៖«យើងលំបាកសង្ឃឹមចំពោះការឈ្នះកៅអីក្នុងការប្រកួតនេះណាស់ ព្រោះនេះជាការប្រកួតជម្រុះកម្រិតពិភពលោក ដែលមានអត្តពលិកនៅជុំវិញពិភពលោកបានចូលរួម ប៉ុន្តែយើងនឹងព្យាយាមឲ្យអស់លទ្ធភាព ដើម្បីបានសិទ្ធិផលល្អពីការប្រកួតនេះ ព្រោះបើយើងបានសិទ្ធិផលល្អ NOCC អាចសុំទៅ IOC ឬសហព័ន្ធកីឡាចំបាប់អន្តរជាតិ ដើម្បីយើងអាចមានឱកាសទៅប្រកួតអូឡាំពិក នៅប្រេស៊ីល តាមសិទ្ធិអនុគ្រោះ ព្រោះតាំងពីបានចូលរួមម្តងកាលពីឆ្នាំ១៩៩៦មក ចំបាប់របស់យើង មិនធ្លាប់ទទួលបានសិទ្ធិទៅចូលរួមប្រកួតអូឡាំពិក ទៀតនោះទេ»៕