ខ្យល់​កន្ត្រាក់​វាយប្រហារ​កីឡដ្ឋាន និង​ផ្ទះ​ជាង​១៩២​ខ្នង​នៅ​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល​កីឡដ្ឋាន​ខេត្ត​ប្រវែង​ជាង​១០០​ម៉ែត្រ​ធ្លាក់​ដល់​ដី​សង្កត់​ដើមឈើ​បាក់​រាប​ដល់​ដី និង​ប៉ើង​ដំបូលផ្ទះ ដំបូល​សាលារៀន​ឃុំ​ច្រេស និង​រលំ​ផ្ទះ​ទូ​ទាំង​ខេត្ត​ចំនួន​១៩២​ខ្នង ក្នុង​នោះ​ខូច​ធ្ងន់​ទាំងស្រុង​១០៦​ខ្នង ខូចខាត​ស្រាល​៨៦​ខ្នង សង្កត់​ឲ្យ​រង​របួស​មនុស្ស​ម្នាក់ រន្ទះបាញ់​ក្របី​ងាប់​២​ក្បាល​។ គ្រោះ​មហន្តរាយ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៥ ឧសភា ២០១៦ ។

នៅ​ក្រុង​ស្វាយ​រៀង រលំ​ផ្ទះ​អស់​៧៥​ខ្នង ស្រាល​៥៦​ខ្នង ខូចខាត​ទាំងស្រុង​១៩​ខ្នង ក្រុង​បា​វិត​រលំ​ផ្ទះ​ចំនួន​០២​ខ្នង នៅ​ស្រុក​រំដួល រលំ​ផ្ទះ​អស់​៤២​ខ្នង ស្រុក​ស្វាយ​ជ្រំ​រលំ​ផ្ទះ​អស់​៣៤​ខ្នង និង​នៅ​តាម​បណ្តា​ស្រុក​កំពង់​រោ​ទិ៍ ខ្យល់​កន្ត្រាក់រ​លំបាក់​ដើមឈើ រលំ​ផ្ទះ​ជា​ច្រើន​ខ្នង​ទៀត ។ រហូត​ដល់​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ស្ងប់​ភ្លៀង​ខ្យល់ ក៏​ឃើញ​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ដឹកនាំ​ក្រុមការងារ​ចុះ​មក​ត្រួតពិនិត្យ​ការ​ខូចខាត​ទាំងនេះ​។ ចំណែកឯ​ឆ្នេរទន្លេ​ឯណោះ​វិញ កន្លែង​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ក៏​រលំ​រោង​តាំង​លក់​ផលិតផល​រាប​ដល់​ដី ទទឹក​សម្លៀក​បំពាក់ និង​ទំនិញ​ដាក់​លក់​ខូចខាត​អស់ មិន​អាច​ដាក់​លក់ ក៏​ត្រូវ​បង្ខំ​ផ្អាក​ការ​លក់ដូរ​។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុង​ស្វាយ​រៀង និង​បណ្តា​ក្រុង ស្រុក​ទូ​ទាំង​ខេត្តស្វាយរៀង ជួប​គ្រោះ​មហន្តរាយ​ដ៏​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក ខ្យល់​កន្ត្រាក់​កួច​យក​ដំបូល​កីឡដ្ឋាន​ខេត្ត​ទាំងមូល​ប្រវែង​ជាង​១០០​ម៉ែត្រ ទម្ងន់​ជាង​៥០​តោន ខ្យល់កួច​យក​ចេញពី​សសរ​ប៉ើង​ឡើង​លើ​មេឃ រំលង​បង្គោល​ភ្លើង​ធ្លាក់​សង្កត់​បាក់​ដើមឈើ​រាប​ដល់​ដី និង​ដាច់​របូត​ខ្សែកាប​អគ្គិសនី​ក្នុង​ក្រុង​ស្វាយ​រៀង បណ្តាល​ឱ្យ​ដាច់​ភ្លើង​២​ម៉ោង នៅ​បណ្តោយ​ផ្លូវ​លេខ​២០៤ ដាច់​ភ្លើង​៧​ម៉ោង ។ ក្រុម​អគ្គិសនី​សាខា​ស្វាយ​រៀង បាន​ដឹកនាំ​កម្លាំង​ត​ប្រព័ន្ធ​ភ្លើង​ឡើង​វិញ រហូត​ដល់​ម៉ោង​១០​យប់ ទើបបាន​រួច និង​បើក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ធម្មតា​វិញ​។

លោក​អភិបាលខេត្ត​បាន​កំពុង​ឲ្យ​លោក​ចៅសង្កាត់ លោក​អភិបាលក្រុង ស្រុក បូក​សរុប​ការ​ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដើម្បី​ដឹកនាំ​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នាំ​យក​អំណោយ​សង្គ្រោះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។ នៅ​ថ្ងៃ​ទី​៦ ឧសភា នេះ មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ចែក​អំណោយ​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រង​គ្រោះ​១៩២​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ក​៣០​គីឡូក្រាម ធុង​ទឹក​មួយ មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​មួយ​យួរ ឃី​ត​មួយ​កញ្ចប់ និង​ប្រាក់​២​សែន​រៀល​៕