អ្នក​សាធារណរដ្ឋ​ពិបាក​សម្រេច​ថា​គួរ​គាំទ្រ​ឬ​មិន​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​?

​អតីត​ប្រធានសភា​អាមេរិក លោក John Boehner ប្រកាសថា​លោក​នឹងចូលរួម​ក្នុង​សមាជ​បក្ស​សាធារណរដ្ឋ ខែកក្កដា​ដែល​នឹងត្រូវ​រៀបចំ​ឡើយ​នៅ Cleveland​។ លោក​ទំនងជា​នឹង​បោះឆ្នោត​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ទោះជា​អ្នក​សាធារណរដ្ឋ​ខ្លះ​មិន​គាំទ្រ​ក៏ដោយ​។ តែ​ប្រធានសភា​បច្ចុប្បន្ន​លោក Paul Ryan ថា​លោក មិនទាន់​ត្រៀមលក្ខណៈ​ប្រកាស​គាំទ្រ​លោក​ឡើយ​។​

អ្នក​សាធារណរដ្ឋ​កំពុងតែ​ខ្វែងគំនិត​គ្នា​ជុំវិញ​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​ក្លាយជា​តំណាង​របស់​គណបក្ស​ដែល​ត្រូវ​ចូលរួម​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​។ ខ្លះ​ថា ខ្លួន​មិន​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ឡើយ ។ តែ​អ្នក​សាធារណរដ្ឋ​ខ្លះ​ទៀតថា គេ​នឹងចូលរួម​ក្នុង​សមាជ​ដើម្បី​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​។​

ក្នុងចំណោម​អ្នកគាំទ្រ​សេដ្ឋី​អចលនទ្រព្យ​លោក ដូ​ណា​ល់ ត្រាំ គឺ​លោក John Boehner អតីត​ប្រធានសភា ដែល​ទើប​ចុះ​ចេញពី​តំណែង​ចុងឆ្នាំ​មុន​។ អ្នកនាំពាក្យ​របស់​អ្នកនយោបាយ​ខាងលើនេះ​បានបញ្ជាក់​នៅ​ថ្ងៃ ព្រហស្បតិ៍​ទី ៥ ឧសភា​ម្សិលមិញ​នេះ​ថា លោក John Boehner នឹងចូលរួម​ក្នុង​សមាជ​បក្ស​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ខែកក្កដា​ខាងមុខ​។
​គេ​រំពឹងថា​លោក John Boehner នឹង​បោះឆ្នោត​គាំទ្រ​និង​លើកសរសើរ​លោក ដូ​ណា​ល់ ត្រាំ នៅពេល​ខាងមុខ​ផងដែរ​។ នេះ​ក៏​ព្រោះថា លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បេក្ខជន​ដូ​ណា​ល់ ត្រាំ​នេះ​។ អ្នក​ទាំងពីរ​ក៏​ឧស្សាហ៍​ចេញ​វាយ​កូន​ហ្កោ​ល​ជាមួយគ្នា​ដែរ​កន្លងមក​។

ចំណែក​អ្នក​ដែល​មើលឃើញ លោក ដូ​ណា​ល់ ត្រាំ ក្នុង​ផ្លូវ​អវិជ្ជមាន​នោះ​មាន​ច្រើន​ដែរ​។ ហើយ​ពួកគេ​នឹងមិន​ចេញមុខ​គាំទ្រ និង​បោះឆ្នោត​ឲ្យ​លោក​ឡើយ​។ ម្សិលមិញ​នេះ អ្នកនាំពាក្យ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ត្រកូល​ប៊ុ​ស (Bush) ទី ៤១ និង ទី ៤៣ ប្រកាសថា អ្នកនយោបាយ​ទាំងពីរ​នាក់​គ្មាន​គម្រោង​ប្រកាស​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​ឡើយ ហើយ​អ្នក​ទាំងពីរ​ក៏បាន​ដកខ្លួន​ចេញពី​នយោបាយ​ហើយ​។ ការធ្វើ​បែបនេះ វា​ផ្ទុយ​ពី​ទម្លាប់​ដែល​អតីត​ប្រធានាធិបតី​ធ្លាប់ធ្វើ​កន្លងមក ហើយ​វា​ក៏​បង្ហាញ​ពី​ការ​បែកខ្ញែក​គ្នា​ក្នុង​បក្ស​ដែរ​។​

ត្រលប់មក​មើល អ្នក​សាធារណរដ្ឋ​ដែលមាន​ឥទ្ធិពល​ខ្លាំង​លោក Paul Ryan ជា​ប្រធានសភា​វិញ​ម្តង​។ លោក​មិន​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​ឡើយ​។ ម្សិលមិញ​នេះ លោក Paul Ryan បានប្រកាស​រួចហើយ​ថា លោក​មិនទាន់​ត្រៀមខ្លួន​រួចរាល់​ឡើយ​ដើម្បី​បោះឆ្នោត​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ។ ប្រធានសភា​រូបនេះ បានបញ្ជាក់​ជាមុន​ថា បើសិន​លោក ដូ​ណា​ល់ ត្រាំ ពិតជា​ចង់បាន​ទទួល​ការគាំទ្រ​ពី​សមាជិក​បក្ស លោក​ចាំបាច់​ត្រូវធ្វើ​យ៉ាងណា​បង្ហាញ​ពី​សមត្ថភាព​និង​លក្ខណៈសម្បត្តិ​ដែល​សក្តិ​សមជា​អ្នក​អភិរក្ស​ដែល​អាច​បង្រួបបង្រួម​បក្ស​បាន​ជោគជ័យ​៕