សហភាព​អឺរ៉ុប ​ប្រចាំ​កម្ពុជា ​នឹង​រៀបចំ​ទិវា​អឺរ៉ុប​ឆ្នាំ​២០១៦ លើកកម្ពស់​ការ​ជិះ​កង់​ដើម្បី​បរិស្ថាន​

សហភាព​អឺរ៉ុប ​ប្រចាំ​កម្ពុជា ​នឹង​រៀបចំ​ទិវា​អឺរ៉ុប​ឆ្នាំ​២០១៦ លើកកម្ពស់​ការ​ជិះ​កង់​ដើម្បី​បរិស្ថាន​



ភ្នំពេញ ៖ ដោយមាន​កិច្ចសហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ នឹង​រៀបចំ​ប្រារព្ធ​ទិវា​អឺរ៉ុប​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​ «​សហភាព​អឺរ៉ុប និង​កម្ពុជា រួមគ្នា​ដើម្បី​ផែនដី​»​ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា​ខាងមុខនេះ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ស្ថាន​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ទីប្រឹក្សា​ នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា នេះ​ជា​ព្រឹត្តិការណ៍​លើក​ទី​៤​ហើយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បន្ត​ថា ជាទូទៅ​ ទិវា​អឺរ៉ុប ប្រារព្ធ​នៅ​រៀងរាល់​ថ្ងៃ​​ទី​៩ ខែ​ឧសភា នៃ​ឆ្នាំ​នីមួយៗ នៅ​តាម​បណ្ដា​ប្រទេស​ទាំងឡាយ ដែល​ជា​សមាជិក​ នៃ​សហភាព​អឺរ៉ុប និង​តាម​បណ្ដា​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​ផ្សេងៗ​ប្រមាណ​ជាង​១៤០​ប្រទេស ​នៅ​ទូទាំង​ពិភពលោក ដើម្បី​រំលឹក​នូវ​សេចក្ដី​ថ្លែង​ការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​រដ្ឋមន្ត្រី​បារាំង​លោក ​Robert Schuman នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៥០ ដែល​បាន​បើក​ទំព័រ នៃ​ដំណើរការ​កសាង​សហភាព​អឺរ៉ុប ក្រោយ​ការ​បំផ្លិចបំផ្លាញ​ក្នុង​សង្គ្រាម​លើក​ទី​II​។ ព្រឹត្តិការណ៍​នេះ ​ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​សាមគ្គីភាព ក៏ដូចជា​រក្សា​នូវ​សន្តិភាព​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល​អស់​រយៈ​ជាង​៦០​ឆ្នាំ​មក​ហើយ។

លោក​ទីប្រឹក្សា ​នៃ​សហភាព​អឺរ៉ុប​បន្ថែម​ថា ព្រឹត្តិការណ៍​អឺរ៉ុប​ ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ «​សហភាព​អឺរ៉ុប និង​កម្ពុជា រួមគ្នា​ដើម្បី​ផែនដី​» យើង​រៀបចំ​ឲ្យ​មាន​កម្មវិធី​លើកកម្ពស់​ការ​ជិះ​កង់ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍ ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​ព្រឹក នៅ​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូឡាំពិក​។ ការជ្រើសរើស​ប្រធានបទ​ «​រួមគ្នា​ដើម្បី​ផែនដី​» ​ដោយសារតែ​ការ​ជិះ​កង់ គឺជា​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ល្អ គ្មាន​ផ្សែង និង​ដោយសារតែ​បញ្ហា​ធំ​បំផុត​មួយចំនួន ដែល​យើង​ប្រឈមមុខ​ទាក់ទង​នឹង​បរិស្ថាន ក៏ដូចជា​ឱកាស​ពន្យល់​ទៅកាន់​ពិភពលោក ​ទាក់ទង​នឹង​គុណ​តម្លៃ​របស់​សហភាព​អឺរ៉ុប អំពី​កិច្ចការពារ​សិទ្ធិមនុស្ស ការ​ជំរុញ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​សង្គម កិច្ច​ការពារ​បរិស្ថាន ក៏ដូចជា​ការទប់ស្កាត់​នូវ​ការប្រែប្រួល​អាកាសធាតុ​ផ្សេងៗ។

ទន្ទឹម​នឹង​កម្មវិធី​លើកកម្ពស់​ការ​ជិះ​កង់ ​ដើម្បី​បរិស្ថាន ព្រឹត្តិការណ៍​នេះ ​ក៏​មាន​កម្មវិធី​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប និង​សហការី​មកពី​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​តាម​សាកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង និង​ចូលរួម​ជា​វាគ្មិន​នៅ​ក្នុង​វិទ្យុ​ ដើម្បី​ជជែក​ពិភាក្សា​អំពី​សហភាព​អឺរ៉ុប គោលដៅ និង​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ទីប្រឹក្សា​សហភាព​អឺរ៉ុប​រូប​នេះ​ក៏បាន​ជម្រាប​ជូន​ថា កម្មវិធី​ជិះ​កង់​នេះ នឹង​ចេញដំណើរ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​បញ្ចប់​ដំណើរ​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក​ផង​ដែរ​។ ពោល​គឺ​ចេញដំណើរ​ពី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ឆ្ពោះ​ទៅ​វិមានឯករាជ្យ​ ឆ្លងកាត់​ផ្លូវ​ព្រះមុនីវង្ស ផ្លូវ​៣១០ ឡើង​មក​ផ្លូវ​ឧកញ៉ា​ ញ៉ឹក​ ជូ​ឡុង ផ្លូវ​ម៉ៅសេទុង ចុះ​មក​វិមានឯករាជ្យ​វិញ ឆ្ពោះ​តាម​ផ្លូវ​ព្រះ​នរោត្តម​ឆ្លងកាត់​វត្តភ្នំ រហូតដល់​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ រួច​ឡើងមក​តាមផ្លូវ​ព្រះមុនីវង្ស កាត់​តាមផ្លូវ​កម្ពុជា​ក្រោម កាត់​តាមផ្លូវ​មុខ​បុរី​កីឡា រង្វង់​មូល​នាង​គង្ហីង ​ចូល​មក​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​វិញ​ជាទី​កន្លែង​ផ្ដាច់ព្រ័ត្រ​។​

លោក​ទីប្រឹក្សា​ នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថា នឹង​មាន​មនុស្ស​ជាង​៤.០០០​នាក់ ត្រូវ​បាន​រំពឹង​ថា នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​និរន្តរភាព​ដើម្បី​ផែនដី។​

បើ​តាម​លោក​ស្រី តៃ លីដា តំណាង​គណៈកម្មការ​ស្ត្រី និង​កីឡា មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​នេះ យើង​នឹង​រៀបចំ​ក្រុម​កីឡាករ​ជាច្រើន​នាក់​ទៀត​ ដើម្បី​ចូល​រួម​ផង​ដែរ៕
សហភាព​អឺរ៉ុប ​ប្រចាំ​កម្ពុជា ​នឹង​រៀបចំ​ទិវា​អឺរ៉ុប​ឆ្នាំ​២០១៦ លើកកម្ពស់​ការ​ជិះ​កង់​ដើម្បី​បរិស្ថាន​