ក្រុម​ចោរ​២​នាក់ ​ប្រដាប់​​ដោយ​កាំភ្លើង​ខ្លី​២​ដើម​ ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ ដោយ​សុវត្ថិភាព

ក្រុម​ចោរ​២​នាក់ ​ប្រដាប់​​ដោយ​កាំភ្លើង​ខ្លី​២​ដើម​ ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ ដោយ​សុវត្ថិភាព



ភ្នំពេញ​ ៖​ បុរស ​ដែល​គេ​ស្គាល់​ថា​ ជា​​បុគ្គលិក​ធនាគារ​ម្នាក់​ ត្រូវ​បាន​ក្រុម​ចោរ​ ​មាន​គ្នា​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ធ្វើ​សកម្មភាព​​​កៀរ​ស្ទាក់​ដក​​កាំភ្លើង​ម្នាក់​មួយ​ដើម ​គំរាម​ភ្ជង់​ប្លន់​យក​ម៉ូតូ​ រួច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ​មិន​រំខាន​ដល់​សមត្ថកិច្ច​​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឡើយ។

ហេតុការណ៍​នេះ​​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​​ ​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦ ​នៅ​​ចំណុច​ដី​ឡូត៍​គ្មាន​លេខ ​ផ្លូវ​បេតុង ​ភូមិ​បឹង​ឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ។ ក្រុម​ចោរ​២​នាក់​​​ខាង​លើ​ បាន​ភ្ជង់​ប្លន់​យក​ម៉ូតូ ​មួយ​គ្រឿង ​​ម៉ាក​ហុងដា​ សេ​១២៥ ស៊េរី​ ២០១៥ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1DB-0551។

ជនរងគ្រោះ​ឈ្មោះ​ជួប សា​រ៉ា​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ ​បុគ្គលិក​ក្រុមហ៊ុន​ហិរញ្ញវត្ថុ ហ្វីកាហ្វៃណាន់ ​ស្នាក់នៅ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ។

ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រូបគេ​បាន​ទៅ​ជួប​ជាមួយ​អតិជន​នៅ​សង្កាត់​ច្រាំង​ចំរេះ​១ លុះ​ដល់ពេល​ត្រឡប់មកវិញ ក៏បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​ពេលនោះ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​២​នាក់ ​បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក SL ពណ៌ ខ្មៅ មិន​ចាំ​ស្លាក​លេខ ប្រដាប់​ដោយ​អាវុធ​ខ្លី​ចំនួន ២​ដើម។ រំពេច​នោះ​ពួកគេ​ក៏​បាន​ធ្វើ​សកម្មភាព​ជិះ​កៀរ​ម៉ូតូ​ខ្លួន​ឲ្យ​ឈប់ ហើយ​បាន​ដក​កាំភ្លើងខ្លី​ម្នាក់​មួយ​ដើម ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ​រួច​​​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់ស្រមោល ដោយ​សុវត្ថិភាព​ មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​រស់នៅ​សព្វថ្ងៃ មានការ​ភ័យខ្លាច​​ខ្លាំង​ណាស់ ​ដោយសារ​តែ​ថ្មីៗ​នេះ​ មាន​ករណី​ចោរ​ប្លន់​ប្រដាប់​អាវុធ ​បាញ់​ និង​កាប់​យក​ម៉ូតូ មិន​ថា​យប់ ឬក៏​ថ្ងៃ​នោះ​ឡើយ ពិសេស​ខណ្ឌ​ឫស្សីកែវ។

ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ឫស្សីកែវ​សំណូមពរ​ដល់​លោក​អធិការ​ខណ្ឌ​ឫស្សីកែវ​ និង​លោកស្នងការ​ក្រុង​មេត្តា​ជួយ​មាន​វិធានការ​ចំពោះ​ករណី​នេះ​ផង​ ព្រោះ​ប្រជាពលរដ្ឋ​កំពុង​​​​ភ័យខ្លាច​​យ៉ាង​ខ្លាំង។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ត្រឹមតែ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​គីឡូម៉ែត្រ​លេខ​៦​ទាំងអស់​សង្ឃឹម តែ​ប៉ុណ្ណោះ៕

ក្រុម​ចោរ​២​នាក់ ​ប្រដាប់​​ដោយ​កាំភ្លើង​ខ្លី​២​ដើម​ ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ ដោយ​សុវត្ថិភាព

ក្រុម​ចោរ​២​នាក់ ​ប្រដាប់​​ដោយ​កាំភ្លើង​ខ្លី​២​ដើម​ ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ ដោយ​សុវត្ថិភាព