ជួយវិភាគគ្នា រឿងនេះ​កាន់តែចម្លែកហើយ!

ខេត្តតាកែវ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ២០១៦ នេះ មានការ​ភ្ញាក់ផ្អើល​ដល់​ប៉ូលិស​ក្រុង និង​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ជាក់ស្តែង ខណៈ​ដែល​កាបូប​ដាក់​លុយ​ត្រូវ​ចោរ​យក​ទៅ​បាត់ រួច​យប់​ឡើង​ចោរប្លន់​នោះ បាន​យក​កាបូប មក​ប្លុង​ចោល​ក្នុង​ប្រឡាយ​ទឹក ស្ថិត​នៅ​មុខ​ផ្ទះ​ម្ចាស់​កាបូប​នោះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោ​៧​ព្រឹក ស្ថិត​ក្នុង​ប្រឡាយ​មុខ​ក្រុមហ៊ុន​ខេ​លីង (​កន្លែង​ចោរប្លន់​) ស្ថិត​នៅ​ភូមិ​ប្រ​ហ៊ូ​ត​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។

លោក​វរសេនីយ៍ត្រី​ឆាយ សា​វុ​ធ អធិការ​នគរបាល​ក្រុង​ដូន​កែវ បាន​ប្រាប់​កោះសន្តិភាព​ថា កាបូប​លុយ​របស់​នារី​រង​គ្រោះ ដែល​ត្រូវ​ចោរប្លន់​ពី​ម្សិលមិញ ត្រូវ​បាន​ចោរប្លន់​យក​មក​ឱ្យ​វិញ ដោយ​បោះ​ចូល​ក្នុង​ប្រឡាយ​មុខ​ក្រុមហ៊ុន​ខេ​លីង មិន​ឆ្ងាយ​ពី​ផ្លូវ​ចូល​ប្រមាណ​ជា​២​ម៉ែត្រ ។ នៅ​ក្នុង​កាបូប​លុយ​នោះ ចោរប្លន់​បាន​ទុក​លុយ​ឱ្យ​ម្ចាស់​កាបូប​វិញ​ចំនួន​៣.៣៧០០​រៀល និង​១​ដុល្លារ ទូរស័ព្ទ​អិន​ចុច​ពិល​១​គ្រឿង​ខណៈ​ក្នុង​កាបូប​នោះ មាន​លុយ​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ ។

លោក​អធិការ​នគរបាល​ក្រុង​បាន​បន្ត​ទៀត​ថា ចំពោះ​ករណី​នេះ សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​យកចិត្តទុកដាក់​បំផុត ព្រោះ​រឿង​ចោរប្លន់​យក​កាបូប​ដាក់​លុយ​ទៅ​បាត់​ហើយ​អត់​គេច បែរជា​យក​កាបូប​ដាក់​លុយ​នោះ មក​ឱ្យ​ម្ចាស​វិញ​នោះ រឿង​នេះ​អាច​ជា​ល្បិច​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៥ ឧសភា វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ស្ថិត​ក្នុងភូមិ​ស​ង្ដា​ត់​ខាងលើ មាន​ចោរប្លន់​ប្រដាប់​អាវុធ​២​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ស៊េ​១២៥១​គ្រឿង បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ​មាស វណ្ណៈ អាយុ​២៩​ឆ្នាំ យក​លុយ​មក​បង់​ឱ្យ​ក្រុមហ៊ុន​ខេ​លីង ជាមួយ​ប្ដី​ឈ្មោះ​រ័​ត្ន នាង ហើយ​ត្រូវ​បាន​ចោរប្លន់​យក​លុយ​អស់​ចំនួន​១.១០០៨​ដុល្លារ​អា​មេ​រិ​ក ជិះ​ម៉ូតូ​គេចខ្លួន ទៅ​ទិស​ខាងលិច​បាត់​ស្រមោល ។