ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​រក្សាទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​



បន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ​ចំនួន​៧​នាក់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី តាំង ​សុខ​ហេង ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​ចុះ​ប្រតិបត្តិ​ការ​ឃាត់​រថយន្ត​១​គ្រឿង ​ម៉ាក​កាមរី​ នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៥ ​ខែ​ឧសភា ឆ្នាំ​២០១៦ ​ភូមិ​ល្វា ​ឃុំ​បឹង​បេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

ក្រោយពី​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន​ហើយ​នោះ ក៏​ធ្វើ​ការ​ឆែកឆេរ​ក្នុង​រថយន្ត​ បាន​រក​ឃើញ​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២​កូន​ថង់​តូច ស្មើនឹង​០.២៥​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​យ៉ាម៉ា​ចំនួន​៥​គ្រាប់ ​និង​រថយន្ត​១​គ្រឿង​ ម៉ាក​កាម​រី ចង្កូត​ស្ដាំ ស៊េរី​1991 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​បាត់ដំបង​2A1950 ​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ​កាបូប​លុយ​ចំនួន​១​ លិខិត​ឆ្លង​ដែន​១​ក្បាល​ ប័ណ្ណ​ឆ្លង​ព្រំដែន​ចំនួន​១​សន្លឹក។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​ដើម្បី​ធ្វើការ​សាកសួរ​។​

លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ទទួល​លើ​ការងារ​បទល្មើស​គ្រឿង​ញៀន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន ១-ឈ្មោះ​ តាន់ ចាន់ណា ហៅ​អូន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង។ ​២-ឈ្មោះ​ តែ សុវណ្ណ ហៅ​ឈើ​យ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ មុខរបរ​កម្មករ មាន​ទីលំ​នៅ​ភូមិ​ចម្ការ​ចេក ​ឃុំ​គយ​ម៉ែង ​ស្រុក​មង្គល​បូរី ​ខេត្ត​បន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ឯក ស​ ប៊ុន​សឿង​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ​រួចមក ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួកគេ​បាន​ទិញ​គ្រឿងញៀន​ទាំង​អស់​នេះ​ដើម្បី​រក្សាទុក​ប្រើប្រាស់​ពិតប្រាកដ​មែន​។

ជនសង្ស័យ​ និង​វត្ថុតាង ​ត្រូវ​បាន​អាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕