ឈរ​នោម​ក្រោម​ដើម​ដូង​ ពេល​មេឃ​កំពុង​ភ្លៀង ​ត្រូវ​រន្ទះបាញ់​ស្លាប់

ឈរ​នោម​ក្រោម​ដើម​ដូង​ ពេល​មេឃ​កំពុង​ភ្លៀង ​ត្រូវ​រន្ទះបាញ់​ស្លាប់



បាត់ដំបង ​៖ ​យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​សុខៗ បាន​ឈប់​ម៉ូតូ​ ហើយ​ទៅ​ឈរ​នោម​ក្រោម​ដើម​ដូង​ ពេល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​ ក៏​ត្រូវ​រន្ទះបាញ់​ចំ​ពី​លើ​ដើម​ដូង​មក​តែ​ម្ដង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៥ ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​កណ្ដោល ឃុំ​បវេល ស្រុក​ប​វេ​ល ខេត្ត​បាត់ដំបង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ស្រប​ពេល​ ដែល​មេឃ​កំពុង​តែ​មាន​ភ្លៀង​ធ្លាក់​ គឺ​គេ​បាន​ឃើញ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​ទាំង​កណ្ដាល​ភ្លៀង​ ហើយ​បាន​មក​ឈប់​សំចត​ម៉ូតូ​នៅ​ក្បែរ​ដើម​ដូង​មួយ​ត្រង់​ចំណុច​កើតហេតុ​ខាង​លើ។

ភ្លាមៗ​នោះ​ដែរ គេ​​សង្កេត​ឃើញថា យុវជន​រូប​នោះ​បាន​ដើរ​តម្រង់​ទៅ​គល់​ដូង ហើយក៏​បាន​ឈរ​នោម​នៅ​ទីនោះ​តែ​ម្តង​ ប៉ុន្តែ​ខណៈ​ដែល​យុវជន​រូប​នេះ​បម្រុង​នឹង​លើក​ខោ​ឡើងវិញ​ទៅ​ហើយ​នោះ​ ស្រាប់​តែ​មាន​សំឡេង​មួយ​បាន​លាន់ឮ​យ៉ាង​ខ្លាំង ហើយក៏​ឃើញ​យុវជន​នោះ​ដួល​ទាំង​ជំហរ​ទៅ​លើ​ធរណី​តែម្តង ទើប​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ទាំង​ប្រជាពលរដ្ឋ​ ក៏ដូចជា​សមត្ថកិច្ច​ បាន​មក​ចោមរោម​មើល ​គឺ​យុវជន​រូប​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ។

នគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថា យុវជន​ដែល​រន្ទះបាញ់​ស្លាប់​មានឈ្មោះ អ៊ា ឈុនលី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរឫស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។ ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ដើម្បី​ធ្វើ​កោសលវិច័យ ​​ហើយ​បាន​អះអាង​ថា ជនរងគ្រោះ​ពិតជា​ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​ពិត​ប្រាកដ ព្រមទាំង​បាន​ធ្វើការ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕