កំពូល​តារា​បង្ហាញ​ម៉ូត​ដែល​មាន​ត្រចៀក​ថ្លង់

លោក Nyle DiMarco គឺ​ជា​ម្ចាស់​ជ័យ​លាភី​ក្នុង​កម្មវិធី​ America’s Next Top Model ជុំទី​ ២២ ដែលជា​ជុំចុងក្រោយបង្អស់ ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​កម្មវិធី​នេះ លោក​​​ជា​បេក្ខជន​តែ​មួយ​រូបគត់ ដែល​មាន​​បញ្ហា​ត្រចៀក​ថ្លង់ ហើយ​អាច​ដណ្ដើម​យក​ជោគ​ជ័យ​ក្នុង​កម្មវិធី​ជ្រើស​រើស​តារា​បង្ហាញ​ម៉ូដ​​ប្រចាំ​សហរដ្ឋ​​អាមេរិក។

​DiMarcoទទួល​បាន​ពានរង្វាន់​​នៅ​វគ្គចុង​ក្រោយ​ដោយ​បាន​ផ្ដួល​គូ​ប្រជែង​​របស់​ខ្លួន​ម្នាក់​ទៀត គឺ​នាង​ Mamé Adjei ហើយ​លោក​ក៏​ជា​បេក្ខជន​ទី​ពីរ​ផង​ដែរ​ក្នុង​កំណត់​ត្រា​នៃ​កម្មវិធី​​តារា​បង្ហាញ​ម៉ូត​នេះ ដែល​អាច​ឈរ​លើ​តំណែង​កំពូល​នេះ​បាន​។
ជា​បន្ដ ខេមបូ​មេក​ សូមនាំ​ចំណាប់​អារម្មណ៍​​ប្រិយមិត្ត​មក​ ស្គាល់​ពី​ជីវប្រវត្តិ​ត្រួសៗ​របស់​ បុរសសង្ហារ ត្រចៀក​ថ្លង់​ ដែល​ពិភព​លោក​កំពុង​ផ្ដោត​ក្រសែ​ភ្នែក​លើរូបគេ។

​​​Nyle DiMarco កើត​នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា ឆ្នាំ​១៩៨៩ នៅ​ទីក្រុង​ញ៉ូវយ៉ក សហរដ្ឋអាមេរិក។ គាត់​បាន​ប្រសូត​នៅ​ក្នុង​គ្រួសារ​មួយ​ ដែល​មាន​​ត្រចៀ​ក​ថ្លង់​ពី​កំណើត គឺ​ទាំង​ឪពុក​ម្ដាយ​របស់​គាត់ បង​ប្អូន​ប្រុស និង​ជីដូនជីតា សុទ្ធ​​តែ​មាន​ជំងឺ​ថ្លង់​នេះ​ប្រចាំ​កាយ​ជាប់​មក​រហូត។ គាត់​បាន​បញ្ចប់​ការ​សិក្សា នៅ​សកល​វិទ្យាល័យ​ Gallaudet ដែល​ជា​សកលវិទ្យាល័យ​តែមួយ​គត់ សម្រាប់​បណ្ដុះ​បណ្ដាល​មនុស្ស​ថ្លង់ ក្នុង​ពិភពលោក។ DiMarco បាន​កំណត់​យក​ ភាសា​កាយ​វិការ​បែប​អាមេរិកាំង ជា​ភាសា​កំណើត​របស់​លោក ហើយ​លោក​មាន​ជំនាញ​​ក្នុង​ការ​​យល់​ពី​សម្ដី​មនុស្ស​បាន តាមរយៈ​ការ​ធ្វើ​ចលនា​មាត់។ លោក​អាច​ទំនាក់​ទំនង​ជាមួយ​សង្គម​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ដោយ​ពុំ​​បាច់​និយាយ​ស្ដី។

ជិវិតការងារ៖

​​​អាជីពបង្ហាញម៉ូត៖

លោក​បាន​ធ្វើ​ជា​តារា​បង្ហាញម៉ូត បែប Freelance បាន​ប្រមាណ​ជាង​១ឆ្នាំ មុន​ពេល​ដែល​លោក​បាន​ទាក់ទង​ជាមួយ​​អ្នក​ផលិត​កម្មវិធី American’s Next Top Model។ គាត់​ត្រូវ​បាន​​មហាជន​ទូទៅ​​​ស្គាល់​ តាមរយៈ​ Instaramរបស់​គាត់​ ពេល​ស្ថិត​​ក្នុង​វ័យ​ ២៥​ឆ្នាំ ដោយ​ពុំ​មាន​អ្នកណា​ដឹងថាគាត់​​ជាមនុស្ស​ថ្លង់​ជា​សាធារណៈ​ឡើយ។ ដូចដែល​បញ្ជាក់​ពី​ខាង​ដើម ក្នុង​ការងារ​របស់​លោក ជោគជ័យ​ធំ​បំផុត គឺ​ជ័យ​លាភី​​ក្នុង​កម្មវិធី​ជ្រើសរើស​កំពូល​តារា​បង្ហាញ​ម៉ូត​កម្រិត​ពិភព​លោក​នេះ​ឯង។

អាជីព​សម្ដែង៖​

ក្នុង​ប្រវត្តិ​សម្ដែង ​លោក​ធ្លាប់​ដើរជា​តួឯក​ក្នុង​រឿង In the Can alone again របស់​ផលិតកម្ម​ភាព​យន្ដ ASL ដែល​ភាព​យន្ដ​នេះ​ប្រើសញ្ញា​កាយវិការ​ ជំនួស​ភាសា​និយាយ ដោយ​ភ្ជាប់​នឹង English Subtitle។

DiMarco មិន​ដែលបដិសេធ​ខ្លួនឯង​ ជាមួយ​ឱកាស​ការងារ​សិល្បៈ​​ទេ ទោះ​បី​ជា​គាត់​អ​សមត្ថភាព​ក្នុង​ការ​ស្ដាប់ឮ បែបនេះ​ក៏ដោយ។ គាត់​បែរ​ជា​យល់​ឃើញ​ថា​ ភាព​តម្លង់​ របស់​ខ្លួន​​ជា ​អត្ថប្រយោជន៍​ចំពោះ​ការ​ងារ​​បង្ហាញ​ម៉ូត​ទៅ​វិញ ព្រោះ​លោក​យល់​​ថា​វា​ជា​ការ​ប្រសើរ ក្នុង​ការ​មានទម្លាប់​ជាមួយ​នឹង​ការ​បញ្ជូន​សារ​ ដើម្បី​កាច់​រាង ដោយ​ពុំ​ចាំបាច់​ឲ្យ​គេ​​​និយាយ​បញ្ជា។ បន្ថែម​លើ​នេះ​គាត់​បាន​បញ្ជាក់​ថា ចំពោះ​តួអង្គ​គ​ថ្លង់​ក្នុង​​ភាពយន្ត គួរ​តែ​ត្រូវ​​ឲ្យ​មនុស្ស​គថ្លង់​ពិតៗ​ជា​អ្នក​សម្ដែង៕

ដោយ៖ NEA
Reference: WikiWand


  • កំពូល​តារា​បង្ហាញ​ម៉ូត​ដែល​មាន​ត្រចៀក​ថ្លង់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/06  Category:បច្ចេកវិទ្យា
Tags: