ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ពិធីបិទសិក្ខាសាលាស្តីពី បទដ្ឋានការងារជាលក្ខណៈអន្តរជាតិ សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ នៅក្នុងពេលប្រើប្រាស់កម្លាំងនិងអាវុធ

ភ្នំពេញ:

 នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា បាននឹងកំពុងប្រារព្ធពិធីបិទសិក្ខាសាលា ស្តីពីបទដ្ឋានការងារជាលក្ខណៈអន្តរជាតិសម្រាប់មន្ត្រីប្រតិបត្តិច្បាប់ នៅក្នុងពេលប្រើប្រាស់កម្លាំងនិងអាវុធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង សីុភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក Bart Vermeiren ប្រធានបេសកកម្មប្រចាំ ICRC កាកបាតក្រហមអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ លោក វរសេនីយ៍ ជា នាយអាវុធហត្ថ និងសិក្ខាកាមជាច្រើនរូបផងដែរ។ ការសិក្សានេះមានរយៈពេល៥ថ្ងៃចាប់ ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ហើយមានសិក្ខាកាមដែលជានាយអាវុធហត្ថមកពីអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន៣០រូប និងនាយទាហានចំនួន៥រូបមកពីបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម។ លោក Bart Vermeiren ថ្លែងអណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានអនុញ្ញាតឱ្យមានសិក្ខាសាលានេះ និងបានកោតសរសើរសិក្ខាកាមទាំងអស់ ពេលម៉ោងសិក្សាបានខិតខំយកចិត្តទុកដាក់រៀនសូត្រ ជាពិសេសចូលរួមសកម្មភាពរស់រវើក ហើយពួកគាត់យល់ដឹងច្រើន។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹងដែលបានសិក្សានេះទៅផ្សព្វផ្សាយបន្តដល់នាយទាហានក្រោមឱវាទក្នុងអង្គភាពរបស់ខ្លួន និងយកចំណេះនេះទៅអនុវត្តក្នុងតួនាទី ភារកិច្ច ស្របតាមច្បាប់ វិន័យ និងក្រមសីលធម៌។