កម្ពុជា​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចាញ់​បោក​មេខ្យល់​ចូល​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន ២៩​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ពេល​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង ២៩​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន សារភាព​ថា ក្រុម​ពួកគេ​មាន​គ្នា​ទាំង​អស់ ៦០​នាក់ បាន​ចូល​ទៅ​​កាន់​ខេត្ត​ប្រាជីនបុរី (Prachinburi) របស់​ថៃ ជាង ១០​ថ្ងៃ​មក​ហើយ ដោយ​មាន​មេខ្យល់​បបួល​ពួកគេ​ចូល​ទៅ​កាប់​ឈើ​អាកាស្យា​នៅ​ថៃ ដោយ​សន្យា​ថា ឲ្យ ១​ដើម ២០០​បាត ស្មើ​ប្រមាណ ២​ម៉ឺន​រៀល។

ក្រសួង​ការបរទេស​ឲ្យ​ដឹង​បន្ថែម​ថា លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា អាជ្ញាធរ​ថៃ ​មួយ​ក្រុម​បាន​ចុះ​ព័ទ្ធ​ចាប់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូល​ទៅ​ជញ្ជូន​ឈើ​ក្រញូង​ពីលើ​ភ្នំ​ចុះ​មក​វាលរាប​នៅ​ក្នុង​ឧទ្យាន​ជាតិ​ថាប់ឡាន ខេត្ត​ប្រាជីនបុរី។ ក្នុង​ពេល​នោះ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​បាញ់​កាំភ្លើង​មួយ​គ្រាប់​ដើម្បី​ជា​សញ្ញា​ឲ្យ​ពួកគេ​បំបែកហ្វូង​រត់ ប៉ុន្តែ​ពុំ​មាន​ករណី​ផ្ទុះ​អាវុធ​រវាង​អាជ្ញាធរ​ថៃ និង​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

ក្រោយ​ព្រឹត្តិការណ៍​នោះ ពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន រួម​ទាំង​វត្ថុតាង​គ្រឿងយន្ត​អារ​ឈើ​១ និង​រថយន្ត​ជនជាតិ​ថៃ ១​គ្រឿង។ ចំណែក​ពលរដ្ឋ​ខ្មែរ ១៨​នាក់​ទៀត បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ថៃ ចាប់​នៅ​យប់​ថ្ងៃ​ដដែល ព្រោះ​ពួកគេ​មិន​ស្គាល់ផ្លូវ។ ពួកគេ​នឹង​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​ខ្លួន​ទៅ​ឲ្យ​តុលាការ​កាត់​ទោស​ពី​បទ​ឆ្លងដែន​ចូល​ទឹកដី​ថៃ ខុស​ច្បាប់។

ក្រោយ​បាន​ចុះ​ពិនិត្យ​ដល់​ទី​កន្លែង​រួច ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​ពន្យល់​ប្រាប់​អាជ្ញាធរ​ថៃ ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ជា​ជនរងគ្រោះ ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឲ្យ​ចូល​ទៅ​លី​សែង​ឈើ ហើយ​ចំណែក​ឧបករណ៍​អារ​ឈើ​ក៏​ពុំ​មែន​ជា​របស់​ពួកគេ​នោះ​ដែរ។

ក្រសួង​ការបរទេស​អះអាង​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នឹង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ពិនិត្យ​លទ្ធភាព​កសាង​សំណុំរឿង​ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​សម្រាល​ទោស និង​រក​មេធាវី​ការពារ​ក្តី​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​នៅ​ពេល​ឡើង​តុលាការ​ក្នុង​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។