រថយន្ត​សាំង​យ៉ុង​២​គ្រឿង​បុក​គ្នា ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​សំណាង​មិន​មាន​អ្នក​ស្លាប់

រថយន្ត​សាំង​យ៉ុង​២​គ្រឿង​បុក​គ្នា ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​សំណាង​មិន​មាន​អ្នក​ស្លាប់



កំពត ៖ រថយន្ត​តួ​រី​ស ចំនួន ២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​ក្លាយ​ជា​អគ្គិភ័យ យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត។

បើ​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ឃើ​ញ​រថយន្ដ​១​គ្រឿង​ម៉ាក​សាំង​យ៉ុង​ ពណ៌​លឿង​ បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើ​ត លុះ​មកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់តែ​រថយន្ដ​បាន​បែក​កង់​មុខ ​ហើ​យ​រេ​ចង្កូត​គាប​ជួន​មាន​រថយន្ដ​១​គ្រឿង​ម៉ាក​សាំង​យ៉ុង ពណ៌​សំបក​ឪឡឹក​បើកបរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា​ក៏​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​រថយន្ដ​ទាំងពីរ​តែម្ដង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ ដើម្បី​បាញ់​ពន្លត់ភ្លើង។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត បាន​មាន​ប្រសាសន៍ ប្រាប់​ថា គ្រោះថ្នាក់​ចរាចរ​រថយន្ត​ទាំង​២​គ្រឿង​នេះ បាន​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​រងគ្រោះថ្នាក់ ដល់​អាយុជីវិត និង រង​របួស ដល់​អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​នោះទេ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ការ​ជួយ​អន្តរាគមន៍​នេះ កម្លាំង​នគរបាល​ការិយាល័យ​អគ្គិភ័យ​របស់​លោក បាន​ប្រើ​រថយន្ត​រថយន្ដ​ចំនួន​២​គ្រឿង​បាញ់​ពន្លត់ភ្លើង​ទើប​អាច​គ្រ​ប់​គ្រង​សភាព​ការ​បាន​ទាំងស្រុង៕