បែក​ធ្លាយ​ឯកសារ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ​ព្រមាន​​​វេជ្ជបណ្ឌិត​ឡី ជឹង

បែក​ធ្លាយ​ឯកសារ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ​ព្រមាន​​​វេជ្ជបណ្ឌិត​ឡី ជឹង



ប៉ោយប៉ែត ​៖ ​លោក​វេជ្ជបណ្ឌិត​​ម្នាក់​ ឈ្មោះ​ឡី ជឹ​ង បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត ស្រុក​ប្រតិបត្តិ​ប៉ោយប៉ែត​ មាន​ភារកិច្ច​ ផ្នែក​វះកាត់ និង​ជា​ម្ចាស់​គ្លីនិក​​ឯកជន​យីហោ «មន្ទីរ​សម្រាក​ព្យាបាល​ឡី ជឹ​ង» ​​​ស្ថិត​​​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥ ​ក្នុង​ភូមិ​បាលិលេយ្យ​១​ សង្កាត់​ក្រុង​ប៉ោយប៉ែត​ ត្រូវ​បាន​ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​​ជា​លាយលក្ខណ៍​អក្សរ​​ចំនួន​៣​ចំណុច​ឲ្យ​កែខ្លួន។

យោង​តាម​លិខិត​ព្រមាន​មួយ​ច្បាប់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ​ចុះ​ថ្ងៃ​ទី​២៣ ខែ​​កុម្ភៈ​ ឆ្នាំ​២០១៦ គឺ​​លោក​វេជ្ជបណ្ឌិត​កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​​​ព្រមាន​ដល់​លោក​វេជ្ជបណ្ឌិត​ឈ្មោះ​ឡី ជឹ​ង ​ចំនួន​បី​ចំណុច​សំខាន់ៗ​គឺ​

១,​មិន​អនុវត្ត​ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ ​ស្របតាម​សិទ្ធិ កាតព្វកិច្ច ជា​អ្នក​ផ្តល់​សេវា និង​សិទ្ធិ​ជា​អ្នកទទួល​សេវា។

២,​មិន​គោរព​នូវ​កិត្តិយស សេចក្ដីថ្លៃថ្នូរ ​​ក្រម​សីលធម៌ និង​មនសិការ​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ។

៣,​ការ​ធ្វើ​ឲ្យ​យឺតយ៉ាវ ដល់​ការសង្គ្រោះ​បន្ទាន់​ផ្នែក​វះកាត់ ក្នុង​ការ​វះកាត់​យក​កូន ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្ពស់​ដល់​អាយុជីវិត ម្ដាយ​និង​កូន ​ឈ្មោះ​អូ ស្រី​ថៃ អាយុ​២២​ឆ្នាំ ដែល​ចូល​សម្រាក​ព្យាបាល​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា កន្លងទៅ។

លិខិត​ព្រមាន​របស់​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​​ទៀត​ថា​ ៖ ​អំណឹះតទៅ សាមីខ្លួន​​​ត្រូវ​ខិតខំ​បំពេញភារកិច្ច​របស់​ខ្លួន ដែល​អង្គភាព​បាន​ប្រគល់​ជូន ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ​ក៏ដូចជា​អ្នក​ជំងឺ មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​ឡី ជឹ​ង​ ជា​គ្រូពេទ្យ​បង្អែក និង​ជា​ម្ចាស់​គ្លីនិក​ឯកជន ​​​យីហោ «មន្ទីរ​សម្រាក​ព្យាបាល​ឡី ជឹង» ដែល​មាន​អាសយដ្ឋាន​ក្នុង​ទីប្រជុំជន​ ក្រុង​ប៉ោយប៉ែត​ មាន​​ចរិត​ក្រអឺតក្រទម​ គ្មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ ជា​គ្រូពេទ្យ ឡើយ។ ម្យ៉ាងទៀត​ប្រសិនបើ​មាន​អ្នក​ជំងឺ​ណា​ម្នាក់ ​ដែល​មាន​សភាព​ក្រីក្រ និង​អាការៈ​ស្រែក​ថ្នូរ​ខ្លាំង ចូល​ទៅ​សម្រាក នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក ក៏ដូចជា​នៅ​ក្នុង​គ្លីនិក​ឯកជន​ផ្ទាល់​របស់​លោក​នោះ ​គឺ​លោក​មិនសូវ​យកចិត្តទុកដាក់ ក្នុង​ការ​ជួយសង្គ្រោះ​ដល់​អ្នក​ជំងឺ​នោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​នេះ​ដែរ ​លោក​វេជ្ជបណ្ឌិត​កែវ សុ​ភ័​ក្ត្រា ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​​ឧសភា​នេះ​​ថា​ ការ​ព្រមាន​របស់​លោក​ ធ្វើឡើង​តាម​ក្រុម​គណៈកម្មការ​វិន័យ​ ហើយ​បើ​គាត់​នៅតែ​ប្រព្រឹត្ត​ខុស​ទៀត​ក្នុង​ការងារ​ជា​គ្រូពេទ្យ​រដ្ឋ​ នឹង​ត្រូវ​លុប​ឈ្មោះ​ចោល។ ដោយឡែក​រឿង​ការងារ​ឯកជន​ ដែល​មាន​មន្ទីរ​សម្រាក​ព្យាបាល​ បើ​គាត់​ប្រព្រឹត្ត​ខុស​គឺ​ជា​រឿង​ផ្លូវច្បាប់​ ជា​អ្នក​ដាក់ទោស៕
​​