ក្រុមការងារ​និង​អាជ្ញាធរ​ប្រកាស​ស្តារ​ប្រឡាយ​និង​កសាង​សំណង់​ទ្វារ​ទឹក

ក្រុមការងារ​និង​អាជ្ញាធរ​ប្រកាស​ស្តារ​ប្រឡាយ​និង​កសាង​សំណង់​ទ្វារ​ទឹក



កណ្តាល ៖ ក្រុមការងារ​ថ្នាក់​ជាតិ​ប្រចាំ​ស្រុក​កណ្តាលស្ទឹង​ និង ​អាជ្ញាធរ​ខេត្តកណ្តាល​បាន​ធ្វើ​ការ​ប្រកាស​ស្តារ​ប្រឡាយ​លេខ​៨៥ និង​កសាង​សំណង់​ទ្វារ​ទឹក នៅ​ស្រុក​កណ្តាលស្ទឹង ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​ពិសេស​បង្កបង្កើត​ផល​។ ការ​ស្តារ​ប្រឡាយ​និង​កសាង​សំណង់​ទ្វា​ទឹក​និង​បញ្ចប់​នៅ ​ខែមិថុនា​ ឆ្នាំ​២០១៦​ខាងមុខនេះ។

សូម​បញ្ជាក់​ថា ​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៦ លោក ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​ជា​មួយ លោក​ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់​ជាតិ​ប្រចាំ​ស្រុក​កណ្តាលស្ទឹង ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ទីតាំង​សាងសង់​សំណង់​ទ្វារ​ទឹក ស្ថិតនៅ​ប្រឡាយ​លេខ​៥៨ កែង​ប្រឡាយ​លេខ​៨៥ នៅ​ចន្លោះ​រវាង​ឃុំ​ទ្រា​, ឃុំ​ព្រែករកា​, ឃុំ​សៀមរាប​, និង​ឃុំ​ព្រែកស្លែង។

ក្នុង​ឱកាស​នៃ​ការ​ចុះពិនិត្យ​ទីតាំង​សាងសង់​ទ្វារ​ទឹក​នោះ លោក​អភិបាល និង​លោក ម៉ម ប៊ុននាង បាន​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញា​ជរ​មូលដ្ឋាន កងកម្លាំង និង ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១៤៧​នាក់ ដើម្បី​ស្តាប់ និង​ពិគ្រោះ​យោបល់ នូវ​រាល់​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដើម្បី​រក​វិធី​ដោះស្រាយ និង​ខិតខំ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​។

លោក​ម៉ម ប៊ុននាង​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ​ក្រុម​ការងារ​ថ្នាក់​ជាតិ​និង​អាជ្ញាធរ​ធ្វើការ​ស្តារ​និង​សាងសង់​បង្ហើយ​ប្រឡាយ​លេខ​៥៨ ប្រវែង ១៥០​ម​និង​ជួសជុល​ខ្នង​ប្រឡាយ​ទាំងសងខាង​ដោយ​ក្រាល​គ្រួស​ក្រហម ពី​កែង​ប្រឡាយ​លេខ ៨៥ ដល់​ផ្លូវជាតិ​លេខ​២។

កសាង​សំណង់​ទ្វារ​ទឹក​០១​កន្លែង នៅត្រង់​ប្រឡាយ​លេខ​៥៨ កែង​ប្រឡាយ​៨៥ មាន បណ្តោយ ៦​ម និង​ទទឹង ៣,៨​ម កម្ពស់​៤​ម និង​ដាក់​លូ​ចំនួន​០២ មុខកាត់ ៣,៥០​ម ដើម្បី​បង្ហូរទឹក​ពី​ប្រឡាយ​លេខ​៥៨ ចូល​ប្រឡាយ​លេខ​៨៥។

​ស្តារ​ប្រឡាយ​លេខ​៨៥ ប្រវែង ១​គ​.​ម ស្ថិតនៅ​ភូមិ​បឹង​ក្អែក ឃុំ​ព្រែករកា ដើម្បី​បញ្ជូន​ទឹក​បន្ត។លោក​ម៉ម ប៊ុននាង ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ការ​ស្តារ​ប្រឡាយ​និង​កសាង​ទ្វារ​ទឹក​និង​ត្រូវ​បញ្ចប់​ការងារ​សំណង់ ឲ្យ​ហើយ​ក្នុង ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខនេះ​៕