អាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន២៩នាក់ ដែលបានចូលទៅកាប់ឈើ នៅក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ខេត្តប្រាជីនបុរី ប្រទេសថៃ 

ភ្នំពេញ:
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្រោយពីមានព័ត៌មានចុះផ្សាយនាពេលថ្មីៗនេះថា អាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន២៩នាក់ ដែលបានចូលទៅកាប់ឈើ នៅក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ខេត្តប្រាជីនបុរី ប្រទេសថៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ អោយចុះពិនិត្យដោះស្រាយ អំពីករណីនេះ។

លោកបន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានចុះជួបផ្ទាល់ជាមួយលោកអភិបាលស្រុក ណាឌី ខេត្តប្រាជីនបុរី និងប្រជាពលរដ្ឋខ្មែរដែលពាក់ព័ន្ធនឹងករណីនោះ ដើម្បីសាកសួរព័ត៌មាន ហើយបានទទួលព័ត៌មានដូចតទៅៈ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរថៃមួយក្រុមបានចុះព័ទ្ធចាប់ពលរដ្ឋខ្មែរ មួយក្រុមដែលបានចូលទៅជញ្ជូនឈើក្រញូងពីលើភ្នំ ចុះមកវាលរាបនៅក្នុងឧទ្យានជាតិ ថាប់ឡាន ខេត្តប្រាជីនបុរី។ នាពេលនោះមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់កាំភ្លើងមួយគ្រាប់ ដើម្បីជាសញ្ញាអោយពលរដ្ឋខ្មែរបំបែកហ្វូងរត់។
ពុំមានព្រឹត្តិការណ៍ផ្ទុះអាវុធរវាងអាជ្ញាធរថៃ និងពលរដ្ឋខ្មែរកាប់ឈើខុសច្បាប់នោះទេ។ ពលរដ្ឋខ្មែរបែកហ្វូងត្រូវអាជ្ញាធរថៃចាប់បានចំនួន១១នាក់។ ចំណែកពលរដ្ឋខ្មែរ ១៨នាក់ទៀត បានអោយប៉ូលិសថៃចាប់ខ្លួនព្រោះពួកគេមិនស្គាល់ផ្លូវ។
ពលរដ្ឋខ្មែរទាំង២៩នាក់ បានសារភាពថា ក្រុមខ្លួនមានគ្នាទាំងអស់៦០នាក់ បានចូលទៅ ថៃជាង១០ថ្ងែហើយ ដោយមានមេខ្យល់បបួលពួកគាត់ចូលទៅកាប់ឈើអាកាស្យានៅថៃ សន្យាថាអោយ១ដើម២០០បាត។ ពួកគាត់ត្រូវចែកជា២ក្រុម ឡើងទៅលីឈើដែលថៃកាប់ ហើយស្រាប់ចុះមក។
ពលរដ្ឋខ្មែរទាំង២៩នាក់ត្រូវនាំទៅបុស្តិ៍ប៉ូលីស រួមទាំងវត្ថុតាងគ្រឿងយន្តអារឈើ០១ និង រថយន្តជនជាតិថៃ០១ គ្រឿង។ 
ដោយឡែកនៅព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៦ មានពលរដ្ឋខ្មែរ១៨នាក់ ផ្សេងទៀត បានចូលខ្លួនអោយអាជ្ញាធរថៃចាប់ ដោយហេតុថាពួកគាត់មិនស្គាល់ផ្លូវ។ អាជ្ញាធរថៃ នឹងបញ្ជូនពលរដ្ឋខ្មែរទាំងអស់នោះទៅតុលាការពីបទឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។
ស្ថានអគ្គកុងស៊ុលកម្ពុជា បានពន្យល់ប្រាប់អាជ្ញាធរថៃ ថា ពលរដ្ឋខ្មែរខាងលើជាជនរងគ្រោះ ត្រូវបានគេបោកបញ្ឆោតអោយចូលទៅលីសែងឈើទេ ចំណែកឧបករណ៍អារឈើពុំមែនជារបស់ពួកគាត់ដែរ។ ស្ថានអគ្គកុងស៊ុលនឹងសហការជាមួយអាជ្ញាធរថៃ ដើម្បីពិនិត្យលទ្ធភាពកសាងសំណុំរឿងធ្វើយ៉ាងណាជួយ សំរួលសំរាលទោស និងរកមេធាវីការពារក្តីដល់ពួកគាត់នៅពេលឡើងតុលាការនាពេលខាងមុខ។