បុរស​ម្នាក់​ជិះ​ម៉ូតូ​ចូលផ្លូវ​អាទិភាព​ត្រូវ​រថយន្ត​ទេសចរណ៍​បុក​បណ្ដាល​ឲ្យ​ស្លាប់​

បុរស​ម្នាក់​ជិះ​ម៉ូតូ​ចូលផ្លូវ​អាទិភាព​ត្រូវ​រថយន្ត​ទេសចរណ៍​បុក​បណ្ដាល​ឲ្យ​ស្លាប់​



កណ្តាល ៖ បុរស​ម្នាក់​ដែល​បើក​ម៉ូតូ​វីវ៉ា​ត្រូវ​រថយន្តបុក​ស្លា​ប់ ខ​ណៈ​បត់​ឆ្វេង​ចូល​ផ្លូវ​អាទិភាព​របស់​រថយន្ត​ដែល​បើក​ល្បឿន​យ៉ាង​លឿន​នោះ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​នោះ​កើតឡើង​នៅ ថ្ងៃ​ទី​០៦ ​ខែឧសភា ឆ្នាំ២០១៦​លើ​ផ្លូវ​លេខ​៨​ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​(៣៩-៤០)​ចំណុច​ភូមិ​វិហារ​សួគ៌​ត្បូង ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល។

នគរបាល​ចរាចរណ៍​ស្រុក​ខ្សាច់​កណ្តាល​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​១​នាក់​ស្លាប់ ​គឺ​ឈ្មោះ​សយ សុខា​ ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​វិហារ​សួ​គ៌ ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល។

ជនរងគ្រោះ​ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌ខ្មៅ ​គ្មាន​ស្លាក​លេខ​។ រីឯ​រថយន្ត​ដែល​បើក​បុក​ម៉ូតូ​នោះ​គឺ​ម៉ាក​សាំ​យ៉ុង​ ប្រភេទ​ទេសចរណ៍ ពណ៌​សំបក​ឪឡឹក​ ពាក់​លេខ​ភ្នំពេញ​2AC-8548 បើកបរ​ដោយ​ឈ្មោះ​អឿ ពិសី​ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​នៅ​ភូមិ​បារាយ​ ឃុំ​បារាយ​ ស្រុក​កំពង់លាវ​ ខេត្តព្រៃវែង។

នគរបាល​បាន​ស្រង់​សំដី​សាក្សី​និយាយ​ថា ​នៅ​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​បត់​ទៅ​កើត​ក៏​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ាក​សាំង​យ៉ុង​ធុន​ទេសចរណ៍​ ពណ៌​សំបក ​ឪ​ឡឹ​ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AC-8548​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ រួម​ដំណើរ​១០​នាក់​មិន​ស្គាល់​អត្តសញ្ញាណ។

ករណី​នេះ​បណ្តាល​ឲ្យ​ស្លាប់​០១​នាក់ ប្រុស​ឈ្មោះ​សយ សុខា បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ។ ចំណែក​អ្នកបើកបរ​រថយន្ត​ និង ​រថយន្ត​ត្រូវ​បាន​សម​ត្ថ​កិច្ច​ឃាត់ខ្លួន​បា​នប​ញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​ដើម្បី​សួរនាំ។

នគរបាល​បញ្ជាក់​ពី​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បង្ក​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។ ចំណែក​វត្ថុ​តាង​យក​មក​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក។ រីឯ​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​៕