ផ្ទះស្លឹក​១​ខ្នង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ភូមិ​ព្រែក​សាលា​ត្រូវ​ភ្លើង​អស់​ជាង​៤០ ភាគរយ​ដោយសារ​ចង្ក្រាន​បាយ

ផ្ទះស្លឹក​១​ខ្នង​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ភូមិ​ព្រែក​សាលា​ត្រូវ​ភ្លើង​អស់​ជាង​៤០ ភាគរយ​ដោយសារ​ចង្ក្រាន​បាយ



កំពង់ឆ្នាំង ​៖ ​ផ្ទះស្លឹក​ប្រជាពលរដ្ឋ​ក្រីក្រ​១​ខ្នង ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ប្រមាណ​ជាជាង​៤០​ភាគរយ ដោយសារ​ភ្លើងចង្ក្រាន​ដាំបាយ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​នាំគ្នា​ជួយ​ពន្លត់​ទាន់ពេល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​

​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ដឹងថា​ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន ម្ចាស់​ឈ្មោះ គៀង សំ​អៀន អាយុ​៨១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សៀន សុភា អាយុ​៣៥​ឆ្នាំ មានកូន​ប្រុស​ស្រី​៥​នាក់ ផ្ទះ​នេះ​មាន​ទំហំ​៤​គុណ​និង​៤​ម៉ែត្រ សសរ​ធ្វើ​អំពី​កូនឈើ ប្រក់​ស្លឹក រនាប​ឫស្សី ត្រូវ​ភ្លើង​ឆេះ​ដំបូល​ស្លឹក​អស់​ជាង​៤០​ភាគរយ ឆេះ​ទូរទស្សន៍ ស ខ្មៅ ១​គ្រឿង ដោយឡែក​សម្ភា​រៈ​នៅ​ក្នុងផ្ទះ​បន្តិចបន្តួច​ត្រូវបាន​យកចេញ​ទាន់​។​

​ស្ត្រី​ឈ្មោះ សៀន សុភា ជា ម្ចាស់ផ្ទះ​បានអោយដឹងថា នៅ​មុន​ពេល​កើតហេតុ​កូនស្រី​របស់គាត់​បា​ន​បង្កាត់​ភ្លើង​ដាំបាយ​នៅលើផ្ទះ​រួច​ចុះមក​ធ្វើ​កិច្ចការ​នៅក្រោម​ផ្ទះ មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ​។ ​ពេល​ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​ជិតខាង​នៅក្នុង​ភូមិ ក៏បាន​នាំគ្នា​កាន់​ទឹក​ម្នាក់​១​ធុងៗ​មក​ជួយ​ពន្លត់​ទាន់​ពេល​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​បានអោយដឹងថា​ ផ្ទះ​គ្រួសារ​ខាងលើនេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅហើយ ចំណែក​ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ណាស់ រក​មួយថ្ងៃ​សម្រាប់​តែ​មួយថ្ងៃ​ប៉ុណ្ណោះ គ្មាន​ដីស្រែ​ចំការ​ធ្វើ​នឹង​គេ​ឡើយ ហើយ​លោកតា​ជា​មេ​គ្រួសារ​ក៏មាន​វ័យចាស់​ជរា​មិនអាច​ធ្វើការ​ងារ​អ្វី​កើត​ឡើយ ហើយក៏​គ្មាន​មុខរបរ​ពិតប្រាកដ​សម្រាប់​ចិញ្ចឹមជីវិត​និង​គេ​នោះឡើយ​៕