ថៃ​ទំនងជា​កម្ទេច​ប្រាសាទព្រះវិហារ​សិប្បនិម្មិត​ចោល ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​កម្ពុជា​

ប្រភពពី​យោធា​ថៃ​បាន​បញ្ជាក់ថា ប្រាសាទព្រះវិហារ​សិប្បនិម្មិត​ដែល​ទើប​កសាង​លើទឹក​ដី​ថៃ ទំនងជា​ត្រូវ​កម្ទេចចោល​វិញ​ហើយ ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ដែលជា​ម្ចាស់​ប្រាសាទ​ពិតប្រាកដ​។ វា​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក្រោយ​ប្រាសាទ​សិប្បនិម្មិត​ទំហំ​តូច​នេះ ត្រូវបាន​កសាង​រួចរាល់​កាលពី​ខែមេសា​កន្លងមក​។​

​មន្ត្រី​យោធា​បាន​និយាយថា ប្រាសាទព្រះវិហារ​សិប្បនិម្មិត​នឹងត្រូវ​វាយចោល​វិញ ដើម្បី​ចៀសវាង​ទំនាស់​ជាមួយ​ភាគី​កម្ពុជា​។ ការលេចចេញ​ព័ត៌មាន​បែបនេះ​គឺ បន្ទាប់ពី​អ្នក​ទេសចរណ៍​ទៅកាន់​តំបន់​ឧទ្យាន​ជាតិ Khao Phra Viharn ដែលមាន​ទីតាំង​ក្នុង​ខេត្ត​ស៊ីសាកេត បាន​រអ៊ូ​ថា ប្រាសាទព្រះវិហារ​សិប្បនិម្មិត​នេះ​នៅ​ទាន់​បើក​ជា​សាធារណៈ​នៅឡើយ​ទេ បើទោះជា​កសាង​រួចហើយ​ក៏ដោយ​។​

​កាសែត Bangkok Post បាន​ស្រង់​ប្រភព​យោធា​ថា មេបញ្ជាការ​ភូមិភាគ​២​ថៃ​លោក Vichai Saejohor បាន​បញ្ជា​ឲ្យ​ផ្អាក​ការបើក​ចូល​ទស្សនា​ប្រាសាទ​សិប្បនិម្មិត​នេះ​។ ទាក់ទិន​នឹង​រឿងនេះ​ដែរ មេបញ្ជាការ​ទ័ពជើងគោក​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ Teerachai Nakwanich ក៏​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការកសាង​ប្រាសាទ ដែល​ចម្លង​តាម​ប្រាសាទព្រះវិហារ​ខ្មែរ​ផងដែរ ដោយ​លោក​និយាយថា ប្រសិន​បើក​ឲ្យ​ចូល​ទស្សនា​មែន វា​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​។​

​ជាមួយគ្នានេះ ក្រសួងការបរទេស​ថៃ​ក៏​បង្ហាញ​ការបារម្ភ​ដូចគ្នា​ផងដែរ ជាមួយនឹង​បញ្ជាក់​ពី​ការលូតលាស់​ទៅមុខ​នៃ​ទំនាក់​ទំ​ង​ថៃ និង​កម្ពុជា ហើយ​គ្មាន​អ្វីដែល នឹងធ្វើ​ឲ្យ​ខូចខាត​ទំនាក់ទំនង​នេះ​ទេ​។

​យ៉ាងណាក្ដី​ប្រភព​យោធា​ថៃ​ក៏​ឲ្យ​ដឹង​ដែរ​ថា មាន​មន្ត្រី​យោធា​ខ្លះ​អះអាង ប្រាសាទព្រះវិហារ​សិប្បនិម្មិត​នេះ គឺ​ធ្វើ​លើទឹក​ដី​ថៃ មិនមែន​លើ​តំបន់​មាន​ជម្លោះ​ឬ​តំបន់​ត្រួតស៊ីគ្នា​នោះទេ​។ មួយវិញទៀត ការកសាង​ប្រាសាទ​ដែលមាន​មាត្រដ្ឋាន​១​លើ​១០ នៃ​ប្រាសាទ​ពិត គឺ​ដើម្បី​តែ​ទាក់ទាញ​ទេសចរណ៍ និង​សម្រាប់​ប្រាប់​ប្រជាជន​ពី​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​។ 

​យោធា​ថៃ​ក៏​និយាយ​ដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុម​យោធា​ថៃ​ប្រចាំខេត្ត​ស៊ីសាកេត កសាង​ប្រាសាទ​ចម្លង​បែបនេះ​។ ប៉ុន្មាន​ឆ្នាំមុន យោធា​ថៃ​ក៏​ធ្លាប់​កសាង​ប្រាសាទ​ចម្លង​ពី​កម្ពុជា​ផងដែរ ហើយ​ភាគី​កម្ពុជា​ក៏​មិនដែល​តវ៉ា​អ្វី​ដែរ​។ ប៉ុន្តែ​ចំពោះ​ករណីនេះ យោធា​ថៃ​ត្រូវបាន​ណែនាំ​ឲ្យ​ហ៊ុមព័ទ្ធ​ប្រាសាទព្រះវិហារ​ចម្លង​នេះ មុននឹង​កម្ទេចចោល​៕