លោក​ជា សុផារ៉ា ថា​នឹង​រាយការណ៍​ជូន​សម្ដេច អ្នក​ដែល​រំលោភ​ដី​ប្រជាពលរដ្ឋ ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ

លោក​ជា សុផារ៉ា ថា​នឹង​រាយការណ៍​ជូន​សម្ដេច អ្នក​ដែល​រំលោភ​ដី​ប្រជាពលរដ្ឋ ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ



ភ្នំពេញ ៖ ក្នុងពេលដែល​រឿង​រំលោភ​ដីធ្លី​ជា​ចំណុចក្ដៅ​ដែល​ត្រូវ​ដោះស្រាយ លោក​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ដែនដី ថា​នឹងដាក់​បញ្ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ និង​រាយការណ៍​ជូន​សម្ដេច ចំពោះ​អ្នក​ដែល​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ ទោះបី ឋានៈ​អ្នកនោះ​ធំ​ប៉ុណ្ណា​ក៏ដោយ​។

លោក ជា សុផារ៉ា បាន​ថ្លែង​សង្កត់​ធ្ងន់​ៗ​ថា “​ខ្ញុំ​នឹងដាក់​បញ្ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​សម្រាប់​ការស្នើ​ចុះបញ្ជី ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី និង​រាយការណ៍​ជូន​សម្តេច រាល់​បុគ្គល​ណា​ដែល​តែងតែមាន​ករណី​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ ទោះ​ឋានៈ​ធំ​ប៉ុណ្ណា​ក៏ដោយ​”។ លោក ជា សុផារ៉ា បាន​ថ្លៃ​ង​បែបនេះ នៅក្នុង​អង្គប្រជុំ​ពិនិត្យ​លទ្ធផល​ការងារ​ខែមេសា និង​ទិសដៅ​ការងារ​ខែឧសភា ឆ្នាំ ២០១៦ របស់​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ អគ្គនាយកដ្ឋាន​នគរូបនីយកម្ម និង​សំណង់ មន្ទីរ ដ​.​ន​.​ស​.​ស​. រាជធានី​ភ្នំពេញ កណ្តាល និង​ខេត្តសៀមរាប កាលពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៦​។​

ការ​ថ្លែង​បែបនេះ​របស់លោក ជា សុផារ៉ា បានធ្វើ​ឲ្យ​កក្រើក​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​លោក​បាន​សរសេរ​ព្រមាន​ចំពោះ​សំណង់​អាគារ ណាហ្គា​វើ​ល កាល​ពី​ពេល​ថ្មីៗ​នេះ​ថា “​សំណង់​ណា​ហា្គ​កាន់តែ​ហ៊ាន កាន់តែ​ផ្គើន កាន់តែ​លយ​ចេញ​មក​លើ​ផ្លូវ​សាធារណៈ វាយចោល​សិន​កុំ​ឲ្យ​ធា្ល​ប់​”។

ប្រជាជន​ទូទាំង​ប្រទេស​បាន​អបអរសាទរ​យ៉ាង​ក្រៃលែង​ទៅនឹង​ចំណាត់​ការ​របស់លោក ជា សុផារ៉ា ដោយ​នោះ​អ្នកលេង​នៅក្នុង​បណ្ដាញ​សង្គម​និយាយថា “​ពលរដ្ឋ​ទូទាំងប្រទេស​រង់ចាំ​ថ្ងៃនេះ​យូរ​មកហើយ​” និង “​សូម​លោក​ប្រើ​កណ្តាប់ដៃ​ដែក​ទៅ​” ជាដើម៕