លោក ជា សុផារ៉ា ព្រមាន​ដាក់ឈ្មោះ​​អ្នក​រំលោភ​ដី​ពលរដ្ឋ​ក្នុង​បញ្ជី​ខ្មៅ​ជូន​ប្រមុខ​រដ្ឋាភិបាល

រដ្ឋមន្ត្រីថ្មី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ លោក ជា សុផារ៉ា ព្រមាន​​អ្នក​រំលោភ​ដី​ពលរដ្ឋ​ទាំងអស់ ថា​នឹង​ដាក់ឈ្មោះ​អ្នក​​ទាំង​នោះ​ទៅ​​​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​ជូន​ប្រមុខ​រដ្ឋាភិបាល បើ​ទោះ​បីជា​អ្នកនោះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ក៏​ដោយ។

លោក ជា សុផារ៉ា ព្រមាន​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​៦ ឧសភា នេះ សម្រាប់​ការ​ស្នើ​ចុះបញ្ជី ឬ​ផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​របស់​បុគ្គល​ណា​ដែល​តែងតែ​មាន​ករណី​រំលោភ​យក​ដី​ប្រជាពលរដ្ឋ។

លោក ជា សុផារ៉ា ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​ទើប​តែ​ប្ដូរ​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស​លោក អ៊ឹម ឈុនលឹម ដែល​ទើប​ចូល​និវត្ត កាល​ពី​ដើម​ខែ​មេសា។

បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ ភាគច្រើន​កើត​ឡើង​ជាមួយ​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ឧកញ៉ា​ដែល​វិនិយោគ​លើ​វិស័យ​ឯកជន រួម​នឹង​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាដើម។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHA) បង្ហាញ​ថា ទំនាស់​ដីធ្លី​សម្រាប់​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ មាន​ចំនួន ១៨០​ករណី សម្រាប់​ខេត្ត​ក្រុង​ចំនួន​១៦ ក្នុង​ប្រទេស​កម្ពុជា។ ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ប្រជាជន​កម្ពុជា ជាង ៧០​ម៉ឺន​នាក់ ធ្លាប់​ជួបប្រទះ​ជម្លោះ​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។