ក្រសួង​រៀបចំ​ពិព័រណ៍​បំផុសគំនិត​យុវជន​ឲ្យ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាលារៀន​អន្តរជាតិ Zaman នឹង​រៀបចំ​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM Festival) ឆ្នាំ​២០១៦ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧-០៨ ខែឧសភា ឆ្នាំ​២០១៦ នាទី​ក្រុង​កោះ​ពេជ្រ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ នៅ​កម្ពុជា​។​

បើតាម​ការប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ មហោស្រព STEM Festival ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្តឡើង នៅក្នុង​អគារ A និង B នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ សិស្ស និស្សិត និង​សាធារណជន​ទូទៅ អាច​ចូលរួម​ដោយ​សេរី​។​

​យុវជន​គួរ​សម្រេចចិត្ត​ជ្រើស​រើសយក​ជំនាញ STEM ព្រោះ​អាជីព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា កំពុងមាន​តម្រូវការ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ពិភពលោក ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ក្រុមហ៊ុន Saint Blanquat &A ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ថវិកា​ដោយ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បានបង្ហាញ​កន្លងមក​ថា វិជ្ជាជីវៈ​អាជីព​ចំនួន ២០ លើ​ផ្នែក STEM នឹងមាន​តម្រូវការ​ខ្លាំង នៅ​កម្ពុជា រយៈពេល ១០​ឆ្នាំ​ខាងមុខ​។ ពួកគេ​បាន​ចងក្រង​អាជីព​ផ្នែក STEM ក្នុង​សៀវភៅ​ម​គ្គុ​ទេសន៍​ការងារ​ចំណងជើង​ថា មុខរបរ ឬ​អាជីព​នៅពេល​អនាគត ក្នុង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM: Science, Technology, Engineering, Math) ។​

​អាជីព​វិជ្ជាជីវៈ STEM ទាំងនោះ រួមមាន ផ្នែក​សំណង់ (​ស្ថាបត្យករ​, វិស្វករ​សំណង់​ស៊ីវិល​, មេការ​សំណង់​, អ្នកឯកទេស​ផ្នែក​សុវត្ថិភាព និង​សុខភាព និង​នាយក​គម្រោង​) ផ្នែក​ផលិតកម្ម (​ប្រធាន​ក្រុម​សង្វាក់​ផលិតកម្ម​, អ្នកបច្ចេកទេស​គ្រឿង​ម៉ាស៊ីន​ស្វ័យប្រវត្តិ​) ផ្នែក​ថាមពល និង​សេវា​ផ្គត់ផ្គង់​សាធារណៈ (​អ្នកជំនាញ​ផ្នែក​ផ្គត់ផ្គង់​ទឹក​, អ្នកជំនាញ​អនាម័យ​ទឹក​) អាហារ និង​ភេសជ្ជៈ (​អ្នកឯកទេស​ផ្នែក​គុណភាព​ចំណីអាហារ​) ផ្នែក​សុខភាព និង​វិទ្យាសាស្ត្រ (​អ្នក​គីមី វិទ្យា​, អ្នកឯកទេស​សុខភាព​សាធារណៈ​, វេជ្ជបណ្ឌិត​, អ្នកបច្ចេកទេស​នៅ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ និង​អ្នក​ចិត្ត​វិទ្យា​) ផ្នែក​គ្រឿងយន្ត (​ជាង​ម៉ាស៊ីន​) ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (​អ្នកឯកទេស​ភ្ជាប់​បណ្តាញ​, អ្នកបង្កើត​សូ​ហ្វ​វែ​) និង​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ (​អ្នកសេដ្ឋកិច្ច​, អ្នក​គណនា​តម្លៃ​, និង​អ្នកវិភាគ​ហរិញ្ញវត្ថុ​)​។​

ប្រសិនបើ​លោកអ្នក​ចង់​ស្វែងយល់​ពី STEM លម្អិត លោកអ្នក​អាច​ចូល​គេហទំព័រ ៕