យីឌុប​ដឹក​ឈើ​គគីរ​ខុសច្បាប់​មួយ​គ្រឿង ​អស់លក្ខណ៍ ​ត្រូវ​ជំនាញ​មេព្រៃ​បង្ក្រាប

យីឌុប​ដឹក​ឈើ​គគីរ​ខុសច្បាប់​មួយ​គ្រឿង ​អស់លក្ខណ៍ ​ត្រូវ​ជំនាញ​មេព្រៃ​បង្ក្រាប



ព្រះវិហារ ​៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​បាន​ចុះ​ចាប់​ឃាត់​រថយន្ត​យី​ឌុប​មួយ​គ្រឿង ​ដែល​ក្រុម​កម្មករ​ស៊ីឈ្នួល​ កំពុង​លើកដាក់​ឈើ​អារ​លេខ​១​ប្រភេទ​ឈើ​គគីរ​ បាន​មួយ​ចំនួន​ធំ​ ​​នៅ​ចំណុច​ស្រះ​ទឹក​ជាប់​វាល​កប់ខ្មោច​ខាងជើង​ផ្លូវជាតិ​លេខ​០៩ ​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ពោធិ៍ ​ឃុំ​ពោធិ៍​ស្រុក​ត្បែងមានជ័យ។ ឈើ​អារ​ ដែល​បង្ក្រាប​បាន​សុទ្ធតែ​ជា​ឈើ​លេខ​០១​ យក​ទៅ​ត្រាំ​ទឹក​ឲ្យ​ឆាប់​ចាស់​ដើម្បី​បំភ័ន្ត​ភ្នែក​អាជ្ញាធរ​ មាន​សមត្ថកិច្ច។

ប្រជាពលរដ្ឋ​បង្ហើប​ឲ្យ​ដឹង​ថា ​ឈ្មួញ​ឈើ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ​គឺ​ជា​ម្ចាស់​រថយន្ត​យី​ឌុប​ ល្មើស ​ហើយ​ឈើ​ទាំង​នោះ​ បាន​ដឹកជញ្ជូន​ចេញពី​ភូមិ​ពោធិ៍​ឃុំ​ពោធិ៍​ និង​ភូមិ​បុស្ស​ធំ​ឃុំ​ប្រមេរ ​ស្រុក​ត្បែងមានជ័យ​ ​​ចំនួន​០៥​រថយន្ត​ទៅ​១០​រថយន្ត​យី​ឌុប​រួច​ទៅ​ហើយ ​រហូតមកដល់​ពេល​នេះ​គឺ​អាច​ផ្ទុក​ឈើ​ចាប់ពី​៣០​ទៅ​៤០​ម៉ែត្រគូប​ក្នុង​០១​រថយន្ត​យី​ឌុប។ ឈ្មួញ​ឈើ​បាន​រត់ការ​បង់លុយ​ក្បាល​ទ្បាន​ទៅឲ្យ​សមត្ថកិច្ច​ប្រមាណ​៣០​នាក់​ ដែល​រាយ​បណ្តាក់​គ្នា​ដូច​ខ្យង​ទាំងយប់​ទាំង​ថ្ងៃ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​០៩​ និង​លេខ​៦២​ចំនួន​១០​ម៉ឺន​រៀល​ជា​ថ្នូរ​មិន​ឲ្យ​ចាប់​បង្ក្រាប។

លោក​បញ្ញា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ទើប​កាន់តំណែង​ថ្មី​បានឲ្យដឹង​ថា​ឈ្មួញ​ឈើ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទុក​រថយន្ត​ និង​ឈើ​ចោល​នៅ​ចំណុច​លើកដាក់​ឈើ​ ហើយ​អ្នកបើកបរ​​បាន​យក​សោ​រថយន្ត​យី​ឌុប​ល្មើស​ទៅ​តាម​ខ្លួន។ ខាង​ជំនាញ​មេព្រៃ​បាន​ហៅ​ជាង​សោ​ទៅធ្វើ​ដើម្បី​នាំយក​វត្ថុតាង​រថយន្ត​ និង​ឈើ​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត។ លោក​បញ្ជាក់​ថា ​ឈើ​អារ​នៅ​ក្នុង​រថយន្ត​មាន​ប្រមាណ​០៤​ម៉ែត្រគូប​ប៉ុណ្ណោះ។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​ម្នាក់​ផ្សេងទៀត​បានឲ្យដឹង​ថា ​មេខ្លោង​ជួញដូរ​ឈើ​ និង​ជា​ម្ចាស់​ឈើ​ខុសច្បាប់​ខាងលើ​ឈ្មោះ​កេ​ន​ មកពី​ខេត្ត​សៀមរាប​ នេះ​បើ​តាម​ការស្រាវជ្រាវ​ និង​ស៊ើបសួរ​អ្នកភូមិ​នៅ​ចំណុច​លើកដាក់​ឈើ។ ឈើ​ខុសច្បាប់​ទាំងនេះ​នឹង​តម្រូវឲ្យ​ឈ្មួញ​ឈើ​ចូលខ្លួន​បង់​ប្រាក់​ផាក​ពិន័យ​ចូល​រដ្ឋ​០១​គុណ​នឹង​៣​លើ​បរិមាណ​ឈើ​សរុប។

លោក​អ៊ិត​ភូម្រា ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​បាន​ថ្លែង​ឲ្យដឹង​ដូច្នេះ​ថា​ លោក​បាន​បង្គាប់​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រោម​ឱវាទ​ចុះ​ទៅ​ឃាត់​រថយន្ត​យី​ឌុប​ដឹក​ឈើ​អារ​មួយ​គ្រឿង​ខាងលើ​ ដោយសារ​ម្ចាស់​ឈើ​មិន​មាន​ច្បាប់​អនុញ្ញាត​ដឹក​​ជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ​ ហើយ​ហ៊ាន​ធ្វើ​សកម្មភាព​លើកដាក់​ឈើ​លើ​រថយន្ត​ទាំង​កណ្តាល​ថ្ងៃ​ទៀត។
​ ​អ្នកសារព័ត៌មាន​មិនទាន់​ជួប​សួរនាំ​លោក​កេ​ន​ ដែលជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ម្នាក់​នៅ​​ឡើយ​ទេ​ថា​តើ​វត្ថុតាង​ឈើ​អារ​លេខ​០១​គគីរ​ប្រភេទ​ក្តារ ​និង​ឈើ​ឃ្នាប​រួម​ទាំង​រថយន្ត​ល្មើស​មួយគ្រឿង​ខាងលើ​ពាក់​ស្លាក​លេខ​តាកែវ​៣A២១៦៩​ពណ៌​ស​ជា​របស់​លោក​ពិតប្រាកដ ​ឬមួយ​យ៉ាងណា​ ហើយ​លោក​ដឹកជញ្ជូន​យក​ទៅលក់​នៅ​ខេត្ត​ណា​ដែរ ?​

សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុម​ភ្នាក់ងារ​ទូរទស្សន៍​ ដែល​មាន​កាមេរ៉ា​ធំៗ​ប្រចាំខេត្ត​ព្រះវិហារ​ទៅ​ថត​ផ្សាយ​ដែរ​ ប៉ុន្តែ​មិន​ឃើញ​ពួកគេ​ទៅ​យក​ព័ត៌មាន​នោះ​ទេ​តាំងពី​ព្រឹក​រហូតដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​នេះ៕

យីឌុប​ដឹក​ឈើ​គគីរ​ខុសច្បាប់​មួយ​គ្រឿង ​អស់លក្ខណ៍ ​ត្រូវ​ជំនាញ​មេព្រៃ​បង្ក្រាប