របរ​ឆ្លាក់​ថ្ម នៅ​ភូមិ​ភ្នំ​ជញ្ជាំង ក្លាយជា​ភូមិ​១ ផលិតផល​១ ហើយ​លក់ដាច់​ក្នុងស្រុក​

បន្ទាយមានជ័យ:
របរ​អារ ដាប់ ឆ្លាក់​ចម្លាក់​ធ្វើ​ពី​ថ្មភក់ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានក្លាយ​ជា​របរ​ប្រពៃណី លក្ខណៈ​គ្រួសារ​និង​ប្រចាំ​ភូមិ​ស្រុក ហើយ​ត្រូវ​ទទួលស្គាល់​ជា "​ភូមិ​១​ផលិតផល​១" ប៉ុន្តែ​គេ​លក់ដាច់​តែ​ក្នុងស្រុក មិន​លក់​ទៅ​បរទេស​ឬ​លក់​ភ្លៀវ​ទេសចរ​អន្តរជាតិ​នោះដែរ​។​
    
យុវជន​សាន ដា​រ៉ូ អាយុ​២២​ឆ្នាំ រស់នៅ​នឹង​ភូមិ​ភ្នំ​ជញ្ជាំង​ជា​ម្ចាស់​ដី និង​ផ្ទះ​ប្រកប​របរ​ចម្លាក់​ថ្ម​តែម្តង​។ យុវជន​និយាយប្រាប់​ថ្ងៃទី​៥​ឧសភា​ថា ខ្លួន​ចេះ​អារ ដាប់ ឆ្លាក់​ថ្ម​ពី​អ្នក​រៀមច្បង​ក្នុងភូមិ​ខ្លះ ហើយ​បែក​រីកចម្រើន​ខ្លួន​និង​បូកផ្សំ​មើល​ក្នុង​ទ្រឹស្តី​ឯកសារ​ចាស់ៗ​មួយចំនួន​។​
    
យុវជន​បន្តថា​: មកទល់​ឥឡូវនេះ បាន​ប្រក​បរបរ​នេះ ដោយ​ឆ្លាក់​ខ្លួនឯង​លក់ខ្លួន​ឯង​ក្នុង​រូបភាព​តូចៗ​តាម​លទ្ធភាព ហើយ​លក់​វា​ទៅកាន់​ម៉ូយ​តូចៗ​ដែរ​។ តែ​លក់ដាច់​ជាងគេ គឺ​អោយ​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​និង​ព្រះសង្ឃ​តាម​វត្ត​។  
  
 ហេតុនេះ​បើជា​ពុទ្ធបរិស័ទ ដែលជា​កសិករ​ធ្វើស្រែ​ចម្ការ​ធ្វើ​មិនបាន គ្រោះរាំងស្ងួត អាកាសធាតុ​ឡើង​កំដៅ​ដូច្នេះ វា​ប៉ះពាល់​ខ្លាំង​ដល់​ការលក់​ថ្ម​ចម្លាក់​។​
 ចំណែក​លោក​យ៉ែម កេ​ន ម្ចាស់​កន្លែង​ឆ្លាក់​ថ្ម​ធំ​មួយ​ដាក់ឈ្មោះ​ខ្លួន​ជា​យីហោ និយាយ​ថ្ងៃទី​៥​ឧសភា​ថា របរ​ដាប់ អារ ឆ្លាក់ កែច្នៃ​ថ្ម​នៅ​ភូមិ​ភ្នំ​ជញ្ជាំង​នេះ គឺ​មានតែ​អ្នកស្រុក​កំណើត​ទីនេះ​ជា​អ្នកធ្វើ ហើយ​ដំបូង​ប្រវត្តិ​បំផុត​នៅ​ឆ្នាំ​១៩៩៦-៩៧ ពួកគេ​បាន​រៀន​ជំនាញ​ឆ្លាក់​ជា​មរតក​ជាក់ស្តែង​ពី​លោក​គឹម ចិន ជា​អ្នក​ឆ្លាក់​និង​បើក​អាជីវកម្ម​ចម្លាក់​ធំជាងគេ​មុនគេ​នៅ​ភូមិ​ភ្នំ​ជញ្ជាំង​នេះ​។​
  
 លោក​និយាយ​បន្តថា​: របរ​ឆ្លាក់​ថ្ម​នេះ​មានតែ​៣-៤​កន្លែង​ពីដំបូងៗ ។ រីឯ​វត្ថុធាតុដើម​ថ្មភក់ គឺ​ភាគច្រើន​នៅក្នុង​ភ្នំ​ជញ្ជាំង​ដែលមាន​ថ្មភក់​ពណ៌​ក្រហម​, ស​, ប្រផេះ​, លឿង​, ហៃ​ឡាយ​..​និង​ថ្មភក់់​មកពី​ខេត្តព្រះវិហារ​មាន​ពណ៌​ខៀវ​។​
     
​សូមបញ្ជាក់ថា ចម្លាក់​ថ្ម ឥឡូវនេះ​បាន​រីកចម្រើន​យ៉ាងខ្លាំង​ដោយសារ ៖ ទី​១-​អ្នកស្រុក​ក្នុង​សហគមន៍​ភ្នំ​ជញ្ជាំង​ពេញចិត្ត​និង​ខិតខំ​ដើម្បី​ជីវភាព​ផង ដើម្បី​កេរ​ឈ្មោះ​ភូមិ​ឃុំ​ផង​។ ទី​២-​ពលរដ្ឋ​មាន​ជំនឿ​លើ​របរ​នេះ ហើយ​បច្ចុប្បន្ន​គេ​ហ៊ាន​ខ្ចី​ឥណទាន​ធនាគារ​ដើម្បី​ពង្រីក​របរ​។ ទី​៣-​កត្តា​រីកចម្រើន សន្តិសុខ សុវត្ថិភាព ស្ថេរភាព​របស់​ប្រទេស​និង​មូលដ្ឋាន ហើយ​មាន​ផ្លូវ ភ្លើង ទឹក​។ ទី​៤-​ពលរដ្ឋ វត្ត ស្ថាប័ន ក្រុមហ៊ុន អាជីវកម្ម​នានា​ដុះដាល ហើយ​ពួកគេ​មានលទ្ធភាព​កុំ​ម្ម៉​ង់​ទិញ​រូបចម្លាក់​ពី​ថ្ម ជំនួស​ចម្លាក់​ឬ​ស្មូន​ពី​ស៊ីម៉ងត៍ ឬ​ដី​ដុត​។ ទី​៥-​តម្រូវ​ទីផ្សារ គឺ​ទីផ្សារ​ក្នុងស្រុក​ច្រើនឡើង​ពិសេស​គឺ​ចម្លាក់​ពុទ្ធរូប រូប​ទាក់ទិន​សាសនា វប្បធម៌ ប្រពៃណី​និង​ជំនឿ​នានា​។ រូបចម្លាក់​ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល អំណាច ភាពរុងរឿង ឡើងរាសី​និង​និមិត្តរូប​នានា​។ ទី​៥-​ផ្នែក​នៃ​សំណង់​ចម្រុះ​ទំនើប​និង​បូរាណ បែប​ស្កឹមស្កៃ​ជាដើម​។​
    
 លោក​យ៉ែម កេ​ន និយាយទៀតថា អ្នក​ឆ្លាក់​និង​កន្លែង​ចម្លាក់​និ​មួយ​ត្រូវខិតខំ​ធ្វើ​ប​ច្ចប្ប​ន្ន​ភាព លើកកម្ពស់​ទឹកដៃ រចនាបថ​រូប​ដូច​ពី​បូរាណ​និង​ក្បួនខ្នាត មានគុណ​ភាព ហើយ​ការអភិរក្ស ការអភិវឌ្ឍន៍​ដើម្បី​បម្រើ​ទីផ្សារ​តាម​តម្រូវ​ចិត្ត ហើយ​រូបចម្លាក់​ទីនេះ ក៏មាន​លក្ខណៈពិសេស​ដា​ច់​ដោយឡែក និង​លើសពី​កន្លែង​ឆ្លាក់​ដទៃទៀត​នៅ​ខេត្ត រាជធានី​នានា​ផងដែរ​។​
  
ពេល​សួរថា រូប​បែបណា រូប​ឆ្លាក់​ខ្លួនឯង​ឬ​រូប​កុំ​ម្ម៉​ង់​និង​រូប​អ្វីខ្លះ ថ្ម​សំណង់​អ្វីខ្លះ​លក់ដាច់​ជាងគេ​? នៅពេលណា ខែ​ណា​? ម្ចាស់​សិប្បកម្ម​អារ ដាប់ ឆ្លាក់​ថ្ម​ធំជាងគេ​យីហោ​ហេង ហេង និយាយថា គេ​កំណត់​មិន​បានទេ​។ ជួន​ភ្ញៀវ​មក​កុំ​ម្ម៉​ង់ ជួន​ភ្ញៀវ​មក​ឃើញ​រូប​ក័​ទិញ​ភ្លាមៗ​តែម្តង ហើយ​ខ្លះ​ទិញ​នេះ ខ្លះ​ទិញ​នោះ មិន​ប្រាកដ​មួយណា​ទេ​។ តែបើ​រូប​និង​គ្រឿងសំណង់​ធំៗ ច្រើនតែ​អតិថិជន​ជា​អ្នកបញ្ជា​ទិញ​ព្រោះ គេ​មិន​ហ៊ាន​ធ្វើ​ទុក​ត្បិត​ចំណាយ​ដើមទុន​ខ្ពស់​ទាំង​វត្ថុធាតុដើម ,​ការដឹកជញ្ជូន​, ថ្លៃ​សេវា​ផលិត ឆ្លាក់ ច្នៃ ការ​និង​រចនា​ជាដើម​។​
   
អ្នក​ប្រក​បរបរ​នេះ បាន​ផលិត​រូបចម្លាក់​ផ្សេង​រាប់រយ​ពាន់​មុខ ពោលគឺ​ស្ទើរតែ​រូប​អ្វី​ក៏មានដែរ​អោយតែ​អ្នកទិញ​ត្រូវការ ហើយ​យក​គំរូ​មក​បង្ហាញ​។ ទោះយ៉ាងណា ពួកគេ​និយាយ​ប្រហាក់ប្រហែលគ្នា​ថា រូប​ដែល​ពុទ្ធបរិស័ទ អាចារ្យ ព្រះសង្ឃ​ទិញ គឺ​ច្រើនជាងគេ​។​
  
 វា​ក៏​ពាក់ព័ន្ធ​នឹង​ជីវភាព​វិ​វ​ត្តិ​ន៍​របស់​ពលរដ្ឋ​ដែរ​។ ដូចជា​ឆ្នាំ​កន្លង​នេះ​អ្នកស្រុក​ធ្វើស្រែ ធ្វើ​ដំឡូង​មី​និង​កសិកម្ម​មិនសូវ​បាន​ផល ហើយ​ថោក​ក៏​វា​ធ្វើ​ឲ្យ​ចម្លាក់​ថ្ម​លក់​មិនសូវ​ដាច់​ដែរ​។​
 
ចំណែក​អតិថិជន​ជា​ភ្ញៀវទេសចរ​អន្តរជាតិ មាន​តិចតួច​ណាស់​ដែល​ពួកគេ​ទិញ​។ បើ​ទិញ​គឺ​បាន​រូប​ត្រឹម​ប៉ុន​កំភួនដៃ​ប៉ុណ្ណោះ​។​
 
  លោក​ហែម សារិន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ ទទួល​អន្តរ​វិស័យ​និយាយថា នៅ​សហគមន៍​ចម្លាក់​ថ្ម​ភូមិ​ភ្នំ​ជញ្ជាំង​នេះ មាន​ទីតាំង​អាជីវកម្ម​មធ្យម​និង​តូច​ជាង​២០​កន្លែង​និង​ធំ​៤​កន្លែង​។​
  
លោក​និយាយ​បន្តថា របរ​នេះ​ឥឡូវនេះ​រីកចម្រើន​ខ្លាំង ហើយ​វា​ក្លាយជា​ទីតាំង​ភូមិ​១​ផលិតផល​១​ដី​ល្បី​មួយ បន្ថែម​លើ​នោះ ពលរដ្ឋ​តាម​កន្លែង​ខ្លួន ឥឡូវ​បាន​ពង្រីក​របរ​ស្មូន​រូប​ពី​ស៊ីម៉ងត៍ ពី​ដី​ដុត​និង​ដាំ​ផ្កា និង​លក់ទំនិញ​ជាច្រើន​ទៀត​ដល់​ភ្ញៀវ​។​
    ប៉ុន្តែ​ពលរដ្ឋ​អ្នកស្រុក​កំណើត​នៅ​សហគមន៍​នេះ គ្មាន​នរណាម្នាក់​បើក​ជា​ក្រុមហ៊ុន និង​ក៏​មិនទាន់​ចងក្រង​គ្នា​ជា​សមាគម​ដើម្បី​ពង្រឹងពង្រីក​និង​ការពារ​សហគមន៍​នៅឡើយ​ដែរ​។​
  
 លោក​ហែម សារិន និយាយ​បន្តថា របរ​និង​អាជីវកម្ម​ទីនេះ មានការ​រីកចម្រើន ជោគជ័យ​ដូច្នេះ​ដោយសារ​ពលរដ្ឋ​ជា​ម្ចាស់ អ្នក​ឆ្លាក់​និង​ការសម្របសម្រួល លើកទឹកចិត្ត​ពី​អាជ្ញាធរ​ដែនដី ជំនាញ​វប្បធម៌ សិប្បកម្ម ឧស្សាហកម្ម  បរិស្ថាន ពាណិជ្ជកម្ម  រ៉ែ​និង​ថាមពល​ជាដើម​។ ក៏​មកពី​កត្តារួម​ចេញពី​គោលនយោបាយ​លទ្ធផល ដឹកនាំ​និង​អនុវត្ត​របស់​រាជរដ្ឋាភិបាល​និង​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​តែម្តង​។​
 
  ចំពោះ​ពលករ​ដែល​ប្រើ​ចំណេះ​ជំនាញ ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន និង​ធ្វើការ​យកប្រាក់​ប្រចាំខែ ឬ​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ បាន​និយាយថា របរ​នេះ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ដែរ លើ​សុខភាព គឺ​លើ​ការប្រើ​កម្លាំង​ខ្លាំង និង​ផលប៉ះពាល់​ពី​ផង់​ធូលី​ហ៊ុយ​ពី​ការ​អារ ដាប់ ឆ្លាក់​និង​រំលីង​ថ្ម​ដែល​ប៉ះពាល់​ដល់​សួត​និង​ផ្លូវដង្ហើម​។​
   
 ដូច​ជាក់ស្តែង​បុព្វការី និង​ជា​ម្ចាស់​មរតក​ឆ្លាក់ ផ្តល់​ជំនាញ​ផលិត​រូប​ពី​ថ្ម​ដំបូង​គេ នៅទីនេះ គឺ​លោក​គឹម ចិន បាន​ស្លាប់​ដោយសារតែ​ធូលី កំទេច​ថ្ម​ហុយ​ចូល​ប្រអប់​សួត​និង​មាត់ ត្រចៀក រន្ធ​ញើស មុខមាត់​។​
    
  តែ​ការកត់សម្គាល់ គឺ​អ្នក​អារ ដាប់ ឆ្លាក់ ផលិត​រូបចម្លាក់​និង​សម្ភារៈ​សំណង់​ពី​ថ្ម​នៅ​ទីនោះ ភាគច្រើន គឺ​មនុស្ស​វ័យក្មេង​អាយុ​ពី​១៦​ឆ្នាំ​ដល់​៤៦​ឆ្នាំ​។​
 
     យុវជន​យុវនារី​អ្នកស្រុក​នៅ​ឃុំ​ជប់​វា​រី និង​ឃុំ​រហាល ដែល​មក​ស៊ីឈ្នួល​ការងារ​ផលិត​ថ្ម បាន​និយាយថា ពួកគេ​បាន​រៀន​ការអនុវត្ត​ជាក់ស្តែង​ពី​រៀមច្បង ហើយ​ក៏មាន​ចំណូលចិត្ត​ធ្វើ​វា​ដែរ​។ ក្នុងនោះ ការទទួល​កម្រៃ គឺ​ទៅតាម​ចំណេះ​ជំនាញ ការងារ​ធ្ងន់​ស្រាល តិច​ច្រើន ដូចជា អ្នកធ្វើ​យកឈ្នួល​ប្រចាំថ្ងៃ គឺ​១​ថ្ងៃៗ​បាន​ឈ្នួល​យ៉ាងតិច​២៥.០០០​រៀល​។ ឯ​អ្នកយក​ប្រាក់ខែ យ៉ាងតិច​១៥០​ដុល្លារ ហើយ​នៅ​កន្លែង ម្ចាស់​ត្រូវ​ផ្តល់​អាហារ​យ៉ាងតិច​ក៏​មួយពេល​ដែរ​៕