លោក ម៉ុង ឫទ្ធី គ្រោង​នាំចេញ​ផ្លែស្វាយ​ជាង​៥០​តោន​នៅ​២០១៦ និង​១០០​តោន​នៅ​២០១៧

ភ្នំពេញ​៖ បើទោះបីជា​កម្ពុជា​មិនទាន់មាន​ទំនិញ​នាំចេញ​ច្រើន​ក៏ដោយ​ក្តី ក៏​លោក ម៉ុង ឫទ្ធី មហា​សេ​ដី្ឋ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ព្យាយាម​នាំចេញ​ទំនិញ​កសិកម្ម​របស់លោក​ទៅ​ក្រៅប្រទេស​ដែរ​។ ក្រៅពី​កសិផល​ដូងប្រេង​របស់លោក លោក ម៉ុង ឫទ្ធី បាន និង​កំពុង​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​ត្រៀម​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក និង​ទីផ្សារ​កូរ៉េខាងត្បូង​បន្ថែមទៀត​។

​លោក ម៉ុង ឫទ្ធី សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មហាសេដ្ឋី​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​នាំចេញ​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា​ទៅ​ក្រៅប្រទេស​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន​របស់​គ្រោង​នាំចេញ​ផ្លែស្វាយ​កែវ​រមៀត និង​ផ្លែស្វាយ​អៃ​វិ​ន​ចំនួន ៥៤ ៤៦៩ គីឡូក្រាម​(​ជាង​៥០​តោន​)​ទៅកាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប ហើយ​នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ ក្រុមហ៊ុន​របស់លោក ម៉ុង ឫទ្ធី គ្រោង​នឹង​បង្កើន​ការនាំចេញ​ឲ្យ​បាន​ពីរដង​លើសពី​ឆ្នាំ​២០១៦ ពោល គឺ​ឲ្យ​ដល់​១០០​តោន​នៅ​ឆ្នាំក្រោយ​។

ក្រៅពី​ទីផ្សារ​អឺរ៉ុប អាស៊ី និង​អាមេរិក ក៏​ចាប់អារម្មណ៍​ស្វាយ​ខ្មែរ​ដែរ​។ លោក ម៉ុង ឫទ្ធី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​អាមេរិក​ត្រៀម​ជួយ​បង្រៀន​បុគ្គលិក​យើង​ម្នាក់​ឲ្យ​ចេះ​របៀប​វេច​ខ្ចប់ មុននឹង​គេ​អាច​ទិញ​ផ្លែស្វាយ​ពី​យើង​។ ម្យ៉ាងទៀត យើង​កំពុង​ចរចា​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ទៀត​»​។ លោក ម៉ុង ឫទ្ធី បានបញ្ជាក់​ទៀតថា ប្រទេស​បារាំង​ជា​អ្នកបញ្ជា​ទិញ​ផ្លែស្វាយ​ពី​រូបលោក ហើយ​អ្នកជំនួញ​នៃ​ប្រទេស​នេះ ចែកចាយ​បន្តទៅ​កាន់​ប្រទេស​ដទៃទៀត​នៅក្នុង​ទ្វីបអឺរ៉ុប តែ​លោក ម៉ុង ឫទ្ធី មិនអាច​បញ្ជាក់​បានទេ​។

​ទាក់ទង​ទៅនឹង​តម្លៃ​លក់​ចេញពី​កម្ពុជា ឬ​តម្លៃ​លក់​ចេញ​នៅលើ​ទីផ្សារ​អឺរ៉ុប លោក ម៉ុង ឫទ្ធី មិន​ចង់បង្ហាញ​ទេ ពីព្រោះ នេះ​គឺជា​កិច្ចការជំនួញ​ដែល​នាំ​ឲ្យ​គូប្រកួត​ប្រជែង​ដឹង​ព័ត៌មាន​លម្អិត​ពេក​។ តែ​លោក​ព្យាយាម​ផ្តល់​ជា​ចម្លើយ​ទូទៅ​ថា កាលពី​ពេលមុន អ្នក​ដាំ​ស្វាយ​នៅ​កម្ពុជា​អាច​លក់​ផ្លែស្វាយ​ក្នុង​មួយ​ហិកតា​បាន​ពី​៨០០​ទៅ​១០០០​ដុល្លារ ឥឡូវនេះ អ្នក​ដាំ​អាច​លក់​ជូន​លោក​ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​ខាងក្រៅ​ក្នុងតម្លៃ​ពី​២០០០​ទៅ​២៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ហិកតា​។ «​អ្វីដែល​ខ្ញុំ​ធ្វើ គឺ​ចង់​ជួយ​ពលរដ្ឋ​ខ្មែរ​ដែល​ដាំ​ស្វាយ​»​។ នេះ គឺជា​ការលើកឡើង​រប​ស់លោក ម៉ុង ឫទ្ធី​។

លោក ឫទ្ធី បាន​បន្តទៀតថា លោក​មាន​ចម្ការ​ស្វាយ ៥០០​ហិកតា ក្នុងនោះ​មួយ​ភាគ លោក​ទទួលបាន​ទិន្នផល​ហើយ មួយ​ភាគ​ទៀត លោក​មិនទាន់​ទទួលបាន​ទិន្នផល​នៅឡើយ​ទេ​។ ផ្លែស្វាយ​ដែល​លោក​បាន​នាំចេញ និង​គ្រោង​នាំចេញ គឺជា​ផ្លែស្វាយ​របស់លោក​ខ្លះ និង​មួយ​ភាគ​ទៀត គឺជា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕