ជប៉ុន សន្យា​ផ្តល់​នាវា​ល្បាត​ឲ្យ​វៀតណាម​បន្ថែមទៀត​ដើម្បី​ការពារ​សន្តិសុខ​ដែនសមុទ្រ​

ខណៈពេលដែល​ស្ថានភាព​ជម្លោះ​ដែន​អធិបតេយ្យ​នៅក្នុង​តំបន់​កំពុងតែ​តានតឹង​រវាង​បណ្តា​សមាជិក​អាស៊ាន​មួយចំនួន​ជាមួយនឹង​ចិន​នោះ ជប៉ុន បានប្រកាស​ផ្តល់​នាវា​ល្បាត​វៀតណាម​ដែលជា​ភាគី​ជម្លោះ មួយ​ផងដែរ​នោះ ដើម្បី​ជួយ​ពង្រឹង​ការការពារ​សន្តិសុខ​ដែនសមុទ្រ​។

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Fumio Kishida និង​ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Binh Minh បាន​ព្រមព្រៀង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យ​សន្តិសុខ​ដែនសមុទ្រ​។ កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែឧសភា ក្នុង​ក្រុង​ហាណ​យ​នាឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក Fumio Kishida មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​។​

នា​ជំនួប​ដដែល​នោះ ប្រមុខ​ការទូត​ទាំងពីរ ក៏បាន​ទទូច​ឲ្យ​សមាជិក​របស់​អាស៊ាន​ត្រូវ​សាមគ្គីភាព​គ្នា​លើ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។  នេះ​បើ​យោងតាម​សារព័ត៌មាន Japan Times ដែល​បន្ថែម​ដែរ​ថា លោក Fumio Kishida ក៏បាន​បញ្ជាក់ថា ជប៉ុន នឹង​ផ្តល់​នាវា​ល្បាត​ដែល​ប្រើប្រាស់​ហើយ​បន្ថែម​លើ​នាវា​ល្បាត​ដែល​ផ្តល់​កាលពីមុន​៦​គ្រឿង​ទៅ​ឲ្យ​វៀតណាម​ដើម្បី​ប្រើប្រាស់​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ដែនសមុទ្រ​រប​ស់​វៀតណាម​។​

អ្វីដែល​គួរកត់សម្គាល់​នោះ ការប្រកាស​ផ្តល់​នាវា​ល្បាត​របស់​ជប៉ុន​ទៅ​ឲ្យ​វៀតណាម ធ្វើ​ឡើងខណៈ ពេលដែល​មានការ​ប្រឈមមុខ​គ្នា​ខ្លាំង​រវាង​បណ្តា​ភាគី​ទាមទារ​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​នោះ ចិន ជាមួយនឹង​វៀតណាម និង​ហ្វីលីពីន​។ ភាគី​ទាមទារ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មានដូចជា​ព្រុយ​ណេ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ចិន​។​

ជុំវិញ​ការលើកឡើង​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រួម​ជាមួយនឹង​កិច្ចព្រមព្រៀង​ពង្រឹង​សន្តិសុខ​ដែនសមុទ្រ​រវាង​វៀតណាម​ជាមួយនឹង​ជប៉ុន ប្រាកដ​ណាស់​ថា ចិន មិន​សប្បាយចិត្ត​នោះទេ​។ នោះ​ក៏​ព្រោះតែ​ចិន ទើបតែ​ប្រតិកម្ម​នឹង​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ដែល​បាន​លើក​ពី​ការព្រួយបារម្ភ​ពី​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

នៅ​ថ្ងៃទី​០៤ ខែឧសភា​កន្លងទៅ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Hong Lei បាន​ទទូច​ឲ្យ​ជប៉ុន​កុំ​ឲ្យ​លូកដៃ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដ្បិត ជប៉ុន គ្រាន់តែ​ជា​រដ្ឋ​ខាងក្រៅ​ប៉ុណ្ណោះ​។ បន្ថែម​ពីនេះ ចិន ថែមទាំង​ឲ្យ​ជប៉ុន​ក្រឡេកមើល​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដែល​ធ្លាប់​ចូលទៅ​កាន់កាប់​ទឺ​កដី និង តំបន់​មួយចំនួន​នៅក្នុង​សមុទ្រ​ចិ​ខាងត្បូង​ផងដែរ​នោះ​៕