នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ២០​គ្រួសារ​រស់នៅ​សង្កាត់​ដង្កោ

នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ២០​គ្រួសារ​រស់នៅ​សង្កាត់​ដង្កោ



ភ្នំពេញ​ ៖​ លោក​នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ដង្កោ បាន​នាំ​យក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន ២០​គ្រួសារ រស់នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។

អំណោយ​ដែល​ត្រូវ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​២០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម មី​១​កេស ត្រីខ ១០​កំប៉ុង ឃី​ត ១​កញ្ចប់ (​មុង​១ ភួយ​១ ក្រមា​១ សារុង​ ១) និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល។

ក្នុង​ឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា បាន​ធ្វើការ​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​លើកឡើង​ពី​ការយកចិត្តទុកដាក់របស់​សម្តេច​ដល់​ការ​លំបាក​របស់​បងប្អូន ដែលជា​និច្ចកាល​សម្តេច​បាន​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​យកចិត្តទុកដាក់ និង​រាយការណ៍​អំពី​បញ្ហា ការលំបាក និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ជនក្រីក្រ ជន​ងាយ​រងគ្រោះ កុមារកំព្រា អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺ​អេដស៍ ចាស់ជរា និង​អ្នក​ជួប​គ្រោះ​មហន្តរាយ​ផ្សេងៗ។ ជាមួយគ្នានេះ​លោក​អភិបាល ក៏បាន​ពាំនាំ​នូវ​ការ​យកចិត្តទុកដាក់​របស់​លោក​ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ផងដែរ។

លោក​ប្រធាន​កិត្តិយស​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត អនាម័យ​ការរស់នៅ ដើម្បី​ឲ្យ​មាន​សុខ​ភាព​ល្អ រស់នៅ​បាន​យូរ​អង្វែង ជាពិសេស​ដោយសារ​រដូវ​នេះ​មាន​សភាព​ក្តៅ​ខ្លាំង សូម​បងប្អូន​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ ចៀសវាង​ការខ្វះខាត​ទឹក​ប្រើប្រាស់ ហើយ​ប្រសិនបើ​មាន​បញ្ហា​ខ្វះខាត​ទឹក សូម​រាយការណ៍​បន្ទាន់​មកកាន់​អាជ្ញាធរ ដើម្បី​មាន​វិធានការ​បាន​ទាន់ពេលវេលា ដោយ​មិន​ទុក​បណ្តោយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ឡើយ ៕