អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ចូល​បំភ្លឺ​នៅ​តុលាការ​​ទាក់​ទង​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​លោក អ៊ូ វីរៈ​

ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​​ប្រឆាំង​នឹង​​អ្នក​វិភាគ​នយោបាយ​​ដ៏​លេចធ្លោ​​គឺ​លោក អ៊ូ វីរៈ ​បាន​ដំណើរ​ការ​​នៅ​ថ្ងៃ​សុក្រ​​ ក្នុងពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​សាកសួរ​លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដឹង​លោក វីរៈ ​ពីបទ​បរិហារកេរ្តិ៍​កាលពី​ចុង​ខែ​មុន​​ទាក់​ទង​នឹង​កិច្ច​សម្ភាស​មួយ​ដែល​លោក​ធ្វើ​ជាមួយ​វិទ្យុ​អាស៊ីសេរី​ ក្នុង​ពេល​នោះ​លោក​ផ្ដល់​យោបល់​ថា ​គណបក្ស​កំពុង​កាន់​អំណាច ​គឺ​កំពុង​ប្រើ​ប្រាស់​រឿង​អាស្រូវ​ផ្លូវ​ភេទ​​​​ ដែល​ទាក់​ទង​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ ដើម្បី​ធ្វើ​ឲ្យ​ខូច​បក្ស​ប្រឆាំង​។

អ្នក​នាំពាក្យ​អយ្យការ​តុលាការ​​​លោក លី សុផាន់ណា ​បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​សុក្រ លោក ឥសាន ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​បណ្ដឹង​​តាង​នាម​ឲ្យ​គណបក្ស​​ត្រូវ​បាន​សាកសួរ​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ មុន​នឹង​ការ​ចូល​បំភ្លឺ​របស់​អ្នក​វិភាគ​រូប​នេះ​នៅ​សប្ដាហ៍​ក្រោយ​។

cam photo front channa (2)លោក សុផាន់ណា បាន​និយាយ​ថា “​ឯកឧត្ដម​ សុខ ឥសាន ​​បាន​បញ្ចប់​ការ​សាកសួរ​​អំពី​ភ័ស្តុតាង​របស់​លោក​ ហើយ​យល់​ថា ​វា​អាច​ជួយ​និង​គាំទ្រ​​ព្រះរាជអាជ្ញា​”។

ថ្លែង​ទៅ​កាន់អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​តុលាការ​ លោក ឥសាន ​​បាន​រិះគន់​​ការ​យល់​ដឹង​អំពី​​ការ​បញ្ចេញ​មតិ​ដោយ​សេរី​របស់​លោក វីរៈ។

លោក ឥសាន បាន​មាន​ប្រសាសន៍​ថា “​ទាក់​ទង​នឹង​លោក អ៊ូ វីរៈ ​និយាយ​​ជាមួយ​វិទ្យុ​អាស៊ីសេរី​ វា​មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ទេ​”។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​បាន​និយាយ​ថា “​នេះ​គឺ​ចេតនា​​របស់​គាត់​​ ហើយ​គាត់​ជា​បញ្ញវន្ត​ គាត់​មិន​យល់​​អ្វី​ទៅ​ជា​សិទ្ធិ​បញ្ចេញ​មតិ ឬ​​អ្វី​ទៅ​ជា​​ការ​បរិហារកេរ្តិ៍​យ៉ាង​ម៉េច? អ្វី​ដែល​គាត់​និយាយ​​គឺ​ជា​ការ​បរិហារកេរ្តិ៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា”។ លោក ឥសាន​ បាន​និយាយ​ថា “​សំណូមពរ​ដល់​​តុលាការ​រក​យុត្តិធម៌​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​លោក អ៊ូ វីរៈ បាន​បរិហារកេរ្តិ៍​​ដែល​បាន​ប៉ះពាល់​ដល់​កិត្តិយស​ និង​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​”។

ទាក់​ទង​តាម​ទូរស័ព្ទ​ លោក វីរៈ បាន​មាន​ប្រសាសន៍​ថា គឺ​លោក ឥសាន ទេ​ដែល​មិន​យល់​ពី​ការ​បញ្ចេញ​មតិ​​​ដោយ​សេរី​។

លោក វីរៈ បាន​និយាយ​ថា “​ខ្ញុំ​គិត​ថា ពិភព​លោក​យល់​​អំពី​​សេរីភាព​នៃ​ការ​​បញ្ចេញ​មតិ​​ ហើយ​ខ្ញុំ​គិត​ថា អ្នក​ដទៃ​​ទៀត​ដែល​​តស៊ូមតិ​ដើម្បី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​​ប្រហែល​ជា​យល់​ស្រប​ដូច​ខ្ញុំ​ និង​និយម​ន័យ​របស់​ខ្ញុំ​​ ច្រើន​ជាង​ការ​បកស្រាយ​របស់​គាត់​”។ លោក​ វីរៈ បាន​និយាយ​បន្ថែម​ថា ការ​​យល់​ឃើញ​​ជា​សាធារណៈ​​ចំពោះ​កិត្តិយស​គណបក្ស​ប្រជាជន​ គឺ​មិន​ពាក់​ព័ន្ធ​នឹង​​ខ្ញុំ​ទេ​”។

លោក វីរៈ បាន​និយាយ​ថា “​តាម​​ត្រង់​ទៅ គ្មាន​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​ទេ។ កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ត្រូវ​វិនិច្ឆ័យ​ដោយ​ពលរដ្ឋ​​កម្ពុជា​”។ អ្នក​វិភាគ​រូប​នេះ​បាន​និយាយ​ថា “​អ្នក​មិន​អាច​បង្ខំ​រឿង​នោះ​ទៅ​លើ​ពលរដ្ឋ​ ឬ​ទៅ​លើ​អ្នក​រិះគន់​ ទៅ​លើ​អ្នក​វិភាគ​បាន​ទេ។ ជា​អ្នក​នយោបាយ​ អ្នក​ត្រូវ​​ស្វែង​រក​ការ​គោរព​ និង​កិត្តិយស​”។

ការ​ចូល​បំភ្លឺ​នៅ​តុលាការ​​របស់​លោក ឥសាន ​​ធ្វើ​ឡើង​​ប៉ុន្មាន​ថ្ងៃ​បុ៉ណ្ណោះ​​ បន្ទាប់ពី​លោក សុខា ត្រូវ​បាន​កោះហៅ​​នៅ​​ក្នុង​​បណ្ដឹង​បរិហារកេរ្តិ៍​ដាច់​​ដោយ​ឡែក​មួយ ដែល​ប្ដឹង​រូប​លោក​ដោយ​សកម្មជន​នយោបាយ​ គឺ​ ធី សុវណ្ណថា ទាក់​ទង​នឹង​​សម្ដី​សាសង​​បន្តុះបង្អាប់​​​ដែល​តាម​ការ​ចោទ​ប្រកាន់​លោក​បាន​​និយាយ​អំពី​នាង​នៅ​​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជា​លក្ខណៈ​ឯកជន​​ជាមួយ​ស្រីកំណាន់​។

មេឃុំ​គណបក្ស​ប្រឆាំង​មួយ​រូប​​ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប និង​បុគ្គលិក​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បួន​រូប ត្រូវ​បាន​​ចាប់​ដាក់​ពន្ធនាគារ​ពីបទ​សូកប៉ាន់​ ជា​ផ្នែក​នៃ​ការ​ស៊ើបអង្កេត​ដែល​កាន់​តែ​ពង្រីក​របស់​រដ្ឋាភិបាល​ទៅ​លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ៕ រើន​

​​​​​​

 

The post អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ចូល​បំភ្លឺ​នៅ​តុលាការ​​ទាក់​ទង​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​លោក អ៊ូ វីរៈ​ appeared first on ខេមបូឌា ដេលី.