មុន​ចូល​​គេង​កុំ​ភ្លេច​ដោះ​ Contact lens ប្រយ័ត្ន​ដូច​បុរស​ម្នាក់​នេះ

បច្ចុប្បន្ន​នេះ​ Contact lens មាន​ការ​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ពី​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ​រួម​ទាំង​កម្ពុជា​ផង​ដែរ។ គេ​ប្រើប្រាស់​វា​ដើម្បី​ជំនួស​ការ​ពាក់​វ៉ែនតា​​ក្នុង​ការ​ពារ​ភ្នែក​ពី​ធូលី​ដី ឬ​សម្រាប់​អ្នក​មាន​ជំងឺ​ភ្នែកមីញ៉ូប​ជាដើម ហើយ​លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​វា​គឺ​​បង្កើន​ភាព​ស្រស់​ស្អាត​នៃ​កែវ​ភ្នែក។

ទន្ទឹម​នឹង​សារ​ប្រយោជន៍​ទាំង​នេះ​វា​ក៏​អាច​ផ្ដល់​ផល​ប៉ះ​ពាល់​ទៅ​ដល់​ភ្នែក​របស់​អ្នក​ផង​ដែរ​ប្រសិន​បើ​អ្នក​ប្រើប្រាស់​វា​មិន​បាន​ត្រឹម​ត្រូវ។ ជាក់​ស្ដែង​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Chad Groeschen ជា​​អ្នក​ដែល​មុជ​ទឹក​ក្រោម​បាទ​សមុទ្រ​ បាន​បាត់​បង់​ភ្នែក​ម្ខាង​ដោយ​សារ​ការ​ពាក់ Contact Lens មិន​បាន​ត្រឹម​ត្រូវ។

គាត់​បាន​រៀប​រាប់​ថា គាត់​បាន​ទិញ​ Contact lens ប្រភេទ​ការពារ​ភ្នែក​យក​មក​ប្រើប្រាស់ ហើយ​គាត់​គួរ​តែ​ដោះ​វា​ចេញ​មួយ​ថ្ងៃ​ម្ដង​តាម​ការ​ណែនាំ​នៅ​លើ​សំបក​វេច​ខ្ចប់ ប៉ុន្តែ​គាត់​មិន​បាន​ធ្វើ​ដូចនោះ​ទេ គាត់​បាន​ពាក់​វា​ពេញ​មួយ​អាទិត្យ​ទាំង​ពេល​ងូត​ទឹក​និង​ពេល​គេង។ ថ្ងៃ​មួយ​ភ្នែក​របស់​គាត់​ចាប់​ផ្ដើម​មាន​អាការៈ​រមាស់​ប៉ុន្តែ​គាត់​គិត​ថា​ប្រហែល​គ្រាន់​តែ​ជា​ អាឡែកស៊ី​ធម្មតា​។

ប៉ុន្តែ​អ្វី​មិន​ដូច​ការ​គិត​របស់​គាត់​នោះ​ទេ នៅ​​យប់​មួយ​គាត់​បាន​ភ្ញាក់​ឡើង​ដោយ​មាន​ដុំ​អាប់​នៅ​នឹង​ភ្នែក​ខាង​ឆ្វេង​របស់​គាត់ ជាមួយ​នឹង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ គាត់​ក៏​សម្រេច​ចិត្ត​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ពិនិត្យ​ភ្នែក​របស់​គាត់។ ហើយ​អ្វី​ដែល​គ្រូពេទ្យ​និយាយ​ប្រាប់​គាត់​ធ្វើ​ឲ្យ​គាត់​ស្ទើរ​តែ​មិន​ជឿ មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អាការៈ​ដូចនេះ​ដោយ​សារ​ភ្នែក​របស់​គាត់​ឆ្លង​​មេរោគ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា Pseudomonas ដែល​អាច​បណ្ដាល​ឲ្យ​ខ្វាក់​ភ្នែក​បាន។

អ្វី​ៗ​គ្រប់​យ៉ាង​សម្រាប់​គាត់​គឺ​ហួស​ពេល​ទៅ​ហើយ​ដោយ​សារ​មេរោគ​នេះ​បាន​រាលដាល​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​គាត់​ត្រូវ​បាត់​បង់​ភ្នែក​ខាង​ឆ្វេង​របស់​គាត់​​មក​ដល់​សព្វ​ថ្ងៃ​នេះ។ នេះ​ក៏​ដោយ​សារ​គាត់​យឺត​យ៉ាវ​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ ហើយ​កំហុស​ដ៏​ធំ​របស់​គាត់​គឺ​ការ​ប្រើប្រាស់​ Contact Lens មិន​បាន​ត្រឹម​ត្រូវ​។ នេះ​ជា​មេរៀន​មួយ​សម្រាប់​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ពាក់ Contact Lens សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​វា​ កុំ​ពាក់​វា​ក្នុង​រយៈ​ពេល​យូរ​ ជា​ពិសេស​​ត្រូវ​តែ​ពាក់​វា​ទៅ​តាម​ការ​ណែ​នាំ​ដែលមាន​នៅ​លើ​សំបក​វេចខ្ចប់​របស់​វា​និង តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ៕

 

ប្រែសម្រួលដោយ ៖ Mr DEE
ប្រភព ៖ 

​​


  • មុន​ចូល​​គេង​កុំ​ភ្លេច​ដោះ​ Contact lens ប្រយ័ត្ន​ដូច​បុរស​ម្នាក់​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ជីវិតនិងសង្គម
Tags: