វិធី​ងាយ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពី​ព្រលឹម​ជាមួយ​នឹង​អារម្មណ៍​ស្រស់​ស្រាយ

មាន​មនុស្ស​មិន​តិច​ទេ​ដែល​តែង​តែ​ក្រោក​ពី​គេង​យឺត​ពេល​ ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ត្រូវ​ទៅ​​រៀន​ ឬ បំពេញ​កិច្ច​ការ​ងារ​ផ្សេងៗ​ មិន​ទាន់​ម៉ោង រហូត​ដល់​​ពេល​ខ្លះ​​អាច​នឹង​បាត់បង់​ការ​ងារ​ទៀត​ផង។

មនុស្ស​គ្រប់​គ្នា​តែង​តែ​មាន​អារម្មណ៍​ខ្ជិល​នៅ​ពេល​ព្រឹក ដែល​បណ្ដាល​ឲ្យ​ពួក​គេ​ត្រូវ​អូស​បន្លាយ​ពេល​វេលា​ក្នុង​ការ​គេង​រហូត​ដល់​ជ្រុល​ម៉ោង។ តែ​សម្រាប់​ពេល​នេះ​ខ្ញុំ​នឹង​ណែនាំ​ប្រិយមិត្ត​ពី​គន្លឹះ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ក្រោក​ពី​ព្រលឹម ជាមួយ​នឹង​អារម្មណ៍​ស្រស់​ស្រាយ​ទៀត​ផង។

1. កំណត់​គោល​ដៅ​សម្រាប់​ព្រឹក​ស្អែក​ មុន​ពេល​អ្នក​ចូល​ទៅគេង​​

ការ​កំណត់​គោលដៅ​សម្រាប់​ព្រឹក​ថ្ងៃ​ថ្មី​របស់​អ្នក​ អាច​ជួយ​ឲ្យ​អ្នក​អាច​ក្រោក​ពី​ដំណេក​ទាន់​ពេល​បាន​ ដោយសារ​នៅ​ពេល​ដែល​អ្នក​កំណត់​គោល​ដៅ​ខួរក្បាល​របស់​អ្នក​នឹង​ចងចាំ​នូវ​អ្វី​ដែល​អ្នក​បាន​កំណត់ នៅ​ពេល​ដែល​អ្នក​ដឹង​ខ្លួន​ពី​ដំណេក​ភ្លាម​ អ្នក​នឹង​នឹក​ឃើញ​ពី​គោល​ដៅ​ដែល​អ្នក​បាន​កំណត់​កាល​ពី​យប់​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​ចង់​បន្ត​គេង​នៅ​លើ​គ្រែ​បន្ត​ទៀត​នោះ​ទេ ។

ឧទាហរណ៍ ៖ ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​ប្រលង​របស់​អ្នក​ដូច​នេះ នៅ​យប់​ថ្ងៃ​នេះ​អ្នក​កំណត់​ក្នុង​ចិត្ត​ថា​ថ្ងៃ​ស្អែក ត្រូវ​តែ​ភ្ញាក់​ឲ្យ​ទាន់​ម៉ោង​ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ត្រូវ​បាត់​បង់​នូវ​ការ​ប្រលង​របស់​អ្នក។

2. យក​នាឡិការោទ៍​របស់​អ្នក​ ឲ្យ​ឆ្ងាយ​ពី​គ្រែ​គេង​បន្តិច

បើ​សិន​ជា​អ្នក​​មាន​ទម្លាប់​ក្នុង ការ​បិទ​នាឡិការោទ៍ ហើយ​បន្ត​គេង​ទៅ​វិញ​នោះ​ អ្នក​គួរ​តែ​សាក​ល្បង​វិធី​នេះ។ ព្រោះ​ថា​នៅ​ពេល​នាឡិការោទ៍ រោទិ៍​ឡើង​​វា​នឹង​រំខាន​ដល់​ភាព​ងងុយគេង​របស់​អ្នក ដែល​បង្ខំ​អោយ​អ្នក​ត្រូវ​តែ​បិទ​វា តែ​បើ​សិន​វា​នៅ​ជិត​ដៃ​របស់​អ្នក​ អ្នក​នឹង​គ្រាន់​តែ​យក​ដៃ​របស់​អ្នក​រាវ​ទៅ​រក​នាឡិការោទ៍​រួច​បិទ​វា​ទាំង​ភ្នែក​របស់​អ្នក​នៅ​បិទ​នៅឡើយ។ តែ​ប្រសិន​បើ​វា​នៅ​ឆ្ងាយ​ជាង​គ្រែ​គេង​របស់​អ្នក​បន្តិច​ អ្នក​ត្រូវ​តែ​បង្ខំ​ចិត្ត​ ក្រោក​ ឬ ឈោង​ទៅ​បិទ​វា ​ការ​ក្រោក​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​គេង​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ក្រោក​ពី​គ្រែ​គេង​ទាន់​ពេល​វេលា។

3. ភ្ញាក់​ភ្លាម​ត្រូវ​តែ​ក្រោក​ឲ្យ​ផុត​ពី​គ្រែ​ជៀស​វាង​ការ​គេង​បន្ត

មនុស្ស​មួយ​ចំនួន​តែ​តែង​មាន​ទម្លាប់​អាក្រក់​នៅ​ពេល​ព្រលឹម គឺ ភ្ញាក់​ហើយ​​តែ​បន្ត​គេង​ទៀត ។ នៅ​ពេល​ដែល​អ្នក​ភ្ញាក់​ពី​គេង​ត្រូវ​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្វាង​ងងុយ ដោយ​វិធី​ផ្សេង ៗ ជៀស​វាង​ការ​ប្រើ​គំនិត “គេង​បន្តិច​ទៀត​ក៏​វា​មិន​ទាន់​ហួស​ពេល​ដែល” “គេង​តែ ១០​ នាទី​ទៀត​ទេ” ព្រោះ​នៅ​ពេល​ដែល​អ្នក​គេង​បន្ត​ទៀត​អ្នក​នឹង​លង់​លក់​កាន់​តែ​ខ្លាំង ដែល​បណ្ដាល​ឲ្យ​អ្នក​កាន់​តែ​ជ្រុល​ម៉ោង​ទៅ​ទៀត។

4. ដុះ​ធ្មេញ​របស់​អ្នក​ បើ​សិន​ជា​អ្នក​នៅ​មាន​អារម្មណ៍​ថា​ងងុយ​គេង

ថ្វី​ត្បិត​តែ​មនុស្ស​មួយ​ចំនួន​បាន​ក្រោក​ចេញ​ពី​គ្រែ​គេង​រួច​មែន​ប៉ុន្តែ នៅ​មិន​ទាន់​ប្រាកដ​ថា​ស្វាង​ងងុយ​នោះ​ទេ ដោយ​ហេតុ​អាច​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ចង់​ទៅ​គេង​បន្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កាន់តែ​យឺត​ម៉ោង​ជាង​មុន​ទៀត។ ដូច​នេះ​ប្រសិន​បើ​អ្នក​ក្រោក​ពី​គេង​រួច​ អ្នក​ត្រូវ​តែ​ទៅ​ដុស​សំអាត​ធ្មេញ​របស់​អ្នក ព្រោះ​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​មាន​​ជាតិ​ម៉ុងតុល​ អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​​បាន និង​មាន​អារម្មណ៍​ស្រស់​ស្រាយ។

5. ផឹកទឹក​ឲ្យ​បាន​មួយ​កែវ

កំឡុង​ពេល​នៃ​ការ​គេង អ្នក​បាន​ចំណាយ​ពេល​យ៉ាង​តិច​បំផុត​ក៏ 6 ទៅ 8 ម៉ោង​ដែរ ដោយ​មិន​បាន​ពិសា​ទឹក​។ ហេតុ​ដូច​នេះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង និង​ងងុយ​គេង នៅ​ពេល​ដែល​អ្នក​អស់​កម្លាំង​អ្វី​ដែល​អ្នក​ត្រូវ​ការ​​បំផុត​គឺ​ទឹក​ មិនមែន​គេង​នោះ​ទេ។ ដូច​នេះ​សូម​បរិភោគ​ទឹក​ឲ្យ​បាន​មួយ​កែវ​នៅ​ពេល​ព្រឹក​ក្រោយ​ពី​ក្រោក​ពី​គេង វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​និង​មាន​អារម្មណ៍​ស្រស់​ស្រាយ។

តែ​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ជា​ចាំ​បាច់​នោះ​គឺ​ការ​ចូល​គេងឲ្យ​បាន​ទៀង​ទាត់ មិន​ត្រូវ​នៅ​ដល់​យប់​ជ្រៅ​នោះ​ទេ ហើយ​យើង​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​យ៉ាង​ហោច​ណាស់​អោយ​បាន 8 ម៉ោង៕

អត្ថបទ ៖ Mr Dee


  • វិធី​ងាយ​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពី​ព្រលឹម​ជាមួយ​នឹង​អារម្មណ៍​ស្រស់​ស្រាយ已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:បច្ចេកវិទ្យា
Tags: