5យ៉ាង​ ញ៉ាំ​មី​កញ្ចប់​ដោយ​សុវត្ថិភាព

មីកញ្ចប់ ជា​អាហារ​ដ៏ពេញ​និយម សម្រាប់​ពេល​អត់​ម្ហូបញ៉ាំបាយ ពេលនៅ​ម្នាក់ឯង ពេល​ឃ្លានភ្លាមៗ ពេលដាច់លុយ និង​ឱកាស​ជាច្រើនទៀត។ ងាយ​ចម្អិន​ រហ័ស​បាន​ញ៉ាំ ទាន់ចិត្ត ជាមូលហេតុ​ដែលនាំ​ឲ្យយើងជ្រើសរើស​មីកញ្ចប់​មក​ទទួលទាន។ ដោយដឹង​ថា​ “មី” ជា​មិត្ត​ម្នាក់ដ៏ជិតស្និត ក្នុង​របប​អាហារ​របស់​ប្រិយមិត្ត​មួយចំនួនធំ ខេមបូមេក​ សូម​ណែនាំ​អំពី​វិធីមួយ​ចំនួន ដើម្បី​ពិសារ​មីកញ្ចប់​ មិនឲ្យប៉ះពាល​សុខភាព។

1. មាន​មីកញ្ចប់ប្រភេទខ្លះ​មាន​លាយ​ឡំនូវសារធាតុ​គីមី​ មានជាតិពុល ហេតុនេះ ពេលចម្អិនមី​ទទួលទាន​ លោកអ្នកគួរ​ដាក់​គ្រឿង​មី តែ​ពាក់កណ្ដាលបាន​ហើយ ព្រោះថាក្្នុង​គ្រឿងមី​នោះ សម្បូរ​ទៅដោយ​ប៊ីចេង និង​សូដ្យូម ដែល​ផ្ដល់ផលមិនល្អ​ចំពោះ​សុខភាព។

2. ពេលញ៉ាំមី គួរ​បន្ថែម សាច់​ បន្លែ ជាមួយ​ផង ព្រោះ​ដើម្បី​បំពេញ​នូវ​សារជាតិ​ចិញ្ចឹមឲ្យ​បាន​ច្រើន ក្នុង​គោលបំនង​រក្សា​តុល្យភាព​អាហារ។​

3. អំពី​ការ​ស្រុសមីវិញ លោកអ្នកគួរ​ត្រាំមីទុកចោលក្នុង​ទឹកក្ដៅ រយៈពេល​៣នាទីសិន សឹម​ចាក់ទឹកចេោល​ ហើយចាក់ទឹកក្ដៅ​ចូលជាថ្មី ព្រមទាំង​បង់​សាច់​ បន្លែ ស៊ុត​ ចូលបន្ថែមទៀត។

4. ជ្រើសរើស​យក ផលិតផលមី ដែល​បញ្ចូលនូវ សារធាតុអ៊ីយ៉ូត សារធាតុដែក និង​វីតាមីនអា ដើម្បី​ឲ្យ​យើងអាចទទួលបាន​សារធាតុអាហារល្អៗថែមទៀត។

5. មិនគួរ​ទទួលទាន​មីជាប់ជាប្រចាំទេ ព្រោះធ្វើឲ្យ​រាងកាយ​យើងសម្បូរសារធាតុសូដ្យូមច្រើនពេក ដែល​វាជាកត្តាជម្រុញឲ្យកើតជម្ងឺលើសឈាម។

អត្ថបទដោយ៖ NEA
Reference : FoodTips