Microsoft ជំរុញ​ការអភិវឌ្ឍន៍ការ​​គ្រប់គ្រង​ទិន្នន័យ ជាមួយ​ប្រព័ន្ធ SQL Server 2016

ក្រុមហ៊ុនMicrosoft បាន​ណែនាំ​ប្រព័ន្ធ SQL Server 2016 ​ដែល​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​នៅ​កម្ពុជា វិភាគ​និង​ប្រើប្រាស់​ទិន្នន័យ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។

 

លោកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន Microsoft បាន​និយាយ​ថា​ ប្រព័ន្ធ SQL Server ឆ្នាំ 2016 ជួយ​ក្នុង​ការ​គ្រប់គ្រង និង​វិភាគ​ទិន្នន័យ ដោយ​មាន​ប្រតិបត្តិការ​កាន់​តែ​លឿន និង​អាច​ធ្វើការ​វិភាគ​កម្រិត​ខ្ពស់ ក៏​ដូចជា​មាន​មុខងារ​ពាក់ព័ន្ធ​នឹង cloud។

 

Microsoft ជំរុញ​ការអភិវឌ្ឍន៍ការ​​គ្រប់គ្រង​ទិន្នន័យ ជាមួយ​ប្រព័ន្ធ SQL Server 2016

 

លោក​ស្រី Rena Chai

 

ថ្លែង​នៅ​ក្នុង​ពិធី​នៅ​ព្រឹក​នេះ លោក​ស្រី​ថា កម្ពុជា​បាន​ចូល​មក​ដល់​យុគសម័យ​មួយ ដែល​ទិន្នន័យ​បាន​ក្លាយ​ទៅ​ជា​កត្តា​ជំរុញ​សំខាន់​នៅ​ក្នុង​អាជីវកម្ម។ ក្រុមហ៊ុន Microsoft មាន​គោលដៅ​ជួយ​លើក​កម្ពស់​ស្ថាប័ន​អាជីវកម្ម​នៅ​កម្ពុជា​ ផ្តល់​ដំណោះស្រាយ​និង​ជម្នះ​រាល់​បញ្ហា​នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល។

 

ប្រព័ន្ធ SQL Server ឆ្នាំ 2016 ជា​មូលដ្ឋាន​ទិន្នន័យ​ដំបូង​គេ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា cloud ។ វា​មាន​សមត្ថភាព​ខ្ពស់ មាន​ភាព​បត់បែន​និង​អាច​វិភាគ​ប្រតិបត្តិការ​អនឡាញ​សំខាន់ៗ (OLTP) និង​សមត្ថភាព​រក្សា​ទុក​ទិន្នន័យ។ វាមាន​សមត្ថភាព​អស្ចារ្យ​ជាច្រើន​ដូចជា មុខងារ​តែងតែ​ការពារ (Always Encrypted) និង​សុវត្ថិភាព​គ្រប់​កម្រិត (Role Level Security) ដែល​ត្រូវ​បាន​គេ​ធ្វើតេស្ត​នៅ​លើ​ប្រព័ន្ធ Azure ដោយ​អ្នក​ប្រើប្រាស់​រាប់​រយ​ពាន់​នាក់ និង​បាន​ធ្វើការ​គណនា (queries) រាប់​ពាន់​លាន​ដង។

 

នៅ​ក្នុង​បទ​បង្ហាញ​បច្ចេកទេស លោក Vivek Ravindranនាយក​ផ្នែក​វិភាគ​ទិន្នន័យ​របស់​ក្រុមហ៊ុន​Microsoft ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​សម្គាល់​ឃើញ ស្ថាប័ន​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឈាន​ឆ្ពោះ​ទៅ​រក​បច្ចេកវិទ្យា​ថ្មីៗ ដូចជា​ទិន្នន័យ​ធំ (big data) និង​អ៊ីនធឺណិត​វត្ថុ (Internet of Things) ដែល​ការអភិវឌ្ឍន៍​ទាំង​នេះ បង្ហាញ​ពី​ការ​ផ្លាស់ប្ដូរ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក​ថា SQL Server ឆ្នាំ 2016 អាច​ជួយ​ឲ្យ​ស្ថាប័ន​ទាំង​ឡាយ អភិវឌ្ឍ​និង​រីកចម្រើន​ទៅមុខ​ជាមួយ​ការ​ប្រើប្រាស់​ទិន្នន័យ​ប្រកប​ដោយ​និរន្តរភាព​។

 

លោក​​បញ្ជាក់​ថា មាន​ហេតុផល​ច្រើន ដែល​គួរ​លើក​សរសើរ​អំពី​ប្រព័ន្ធ SQL Server ឆ្នាំ 2016 ។ ប្រព័ន្ធ​នេះ មិនមែន​គ្រាន់​តែ​ជា​មូលដ្ឋាន​ទិន្នន័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ប្រព័ន្ធ​ទិន្នន័យ​ទូលំទូលាយ ដែល​អាច​លើក​កម្ពស់​កម្មវិធី​នា​ថ្ងៃ​អនាគត ដែល​មាន​សារសំខាន់​មិន​អាច​ខាន​បាន និង​មាន​ភាព​ឆ្លាតវៃ ដើម្បី​ឲ្យ​សហគ្រាស​កម្ពុជា​អាច​ប្រើប្រាស់​អំណាច​នៃ​ទិន្នន័យ​ ដើម្បីអភិវឌ្ឍខ្លួន និង​អាជីវកម្ម​របស់​ពួកគេ។

 

ចុច​អាន៖ Microsoft និង​អេស៊ីលីដា​​ឈាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​កម្មវិធី​មាន​តម្លៃ​ទឹកប្រាក់​ច្រើន​លាន​ដុល្លារ

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា