ក្រុមទ័ព រំពឹងផ្តួលអាស៊ីអឺរ៉ុប ដើម្បីទប់ការប្រជែងរបស់បឹងកេតអង្គរ

ការប្រជែងយកតំបន់កំពូលតារាងនៃក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីក ឆ្នាំ២០១៦ របស់ក្រុមបឹងកេតអង្គរ ជាមួយក្រុមក្រសួងការពារជាតិ(ទ័ព) នៅសប្តាហ៍ទី៧នេះ ប្រហែលជាមិនអាចទៅរួចនោះទេ ខណៈទ័ព ត្រូវវិលទៅជួបក្រុមកំពុងឈរនៅបាតតារាងអាស៊ីអឺរ៉ុប ហើយបឹងកេត ត្រូវជួបក្រុមកំពុងញាំញីជាមួយលទ្ធផលស្មើ អគ្គស្នងការនគរបាលជាតិ(ប៉ូលិស)នោះ។
sat
បើតាមទម្រង់លេង និងឆន្ទៈរបស់ក្រុមទ័ព នៅពេលនេះ អាចនិយាយបានថា ក្រុមអាស៊ីអឺរ៉ុប មិនអាចរារាំងការរកបាន៣ពិន្ទុបន្ថែមរបស់ក្រុមទ័ព បាននោះទេ ខណៈជំនួប២លើកកាលពីឆ្នាំ២០១៥ អាស៊ីអឺរ៉ុប បានចាញ់ក្រុមទ័ព ៤-២ ទាំង២ជើង ប៉ុន្តែក្រុមបឹងកេត មិនប្រាកដថា អាចយកឈ្នះលើក្រុមប៉ូលិស ១០០ភាគរយនោះទេ។

បើទោះបីជា៦ប្រកួតកន្លងមកនេះ ក្រុមប៉ូលិស រកមិនទាន់ឃើញការឈ្នះ ដោយបានត្រឹមស្មើ៤ និងចាញ់២ប្រកួត ប៉ុន្តែប៉ូលិស ក៏អាចបង្អាក់បឹងកេត តាមរយៈការចែកពិន្ទុគ្នាផងដែរ ព្រោះក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង សុទ្ធតែបានត្រឹមស្មើជាមួយប៉ូលិស ដូចគ្នា រីឯការប្រកួតជើងទី១កាលឆ្នាំ២០១៥ បឹងកេត ក៏បានបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ ជាមួយប៉ូលិស ដែរ មុនពេលបឹងកេត ឈ្នះ ៤-១ នៅជើងទី២។
sat1
លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បាននិយាយថា៖«ក្នុងនាមជាគ្រូបង្វឹក ខ្ញុំពិតជាចង់ឃើញក្រុមទទួលបានលទ្ធផលល្អបន្ថែមទៀត។ ការប្រកួតកន្លងមកយើងបានជួបជាមួយក្រុមខ្លាំងៗ ហើយយើងក៏ធ្វើបានល្អផងដែរ រីឯលើកនេះយើងត្រូវជួបក្រុមនៅក្រោមយើង ប៉ុន្តែយើងមិនធ្វើប្រហែស ឬមើលស្រាលគេនោះទេ»។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖«យើងត្រូវតែពង្រឹងទាំងការរៀបចំ និងទម្រង់លេងរបស់កីឡាករ គឺយើងត្រូវតែធ្វើអ្វីឲ្យមានភាពប្រសើរឡើង ហើយខ្ញុំមានការជឿជាក់ថា យើងនឹងទទួលបាន៣ពិន្ទុបន្ថែម ដើម្បីបន្តឈរនៅលើកំពូលតារាង ក្នុងសប្តាហ៍នេះ ព្រោះការប្រកួតរដូវកាលនេះគេគិតពី head to head ដូច្នោះយើងនៅតែមានប្រៀប បើទោះបីជាបឹងកេត រកបាន៣ពិន្ទុបន្ថែមដូចយើងក៏ដោយ ដោយសារក្រុមបឹងកេត ធ្លាប់ចាញ់យើង ក្នុងជើងទី១ កន្លងមកនេះ»។
sat2
ចំណែកក្រុមណាហ្គាវើល ដែលកំពុងមាន១០ពិន្ទុនោះ នឹងត្រូវជួបក្រុមមាន៩ពិន្ទុ ខេមបូឌានថាយហ្គឺរ ដែលពួកគេធ្លាប់ចាញ់ ២-១ ក្នុងជើងទី១ និងឈ្នះ ២-០ វិញនៅជើងទី២។ ការវិលមកជួនគ្នាលើកនេះ ណាហ្គាវើល អាចនឹងជួបការលំបាកច្រើន នៅពេលកីឡាករសំខាន់ គួច សុកុម្ភៈ និង ឃឹម បូរី សុទ្ធតែកំពុងព្យាបាលរបួសដ៏ធ្ងន់របស់ពួកគេនោះ រីឯលោក ហុក សុជីវ័ន្ត គ្រូបង្វឹកក្រុមខេមបូឌានថាយហ្គឺរ បានចាត់ទុកការជួបណាហ្គាវើល លើកនេះជាការប្រកួតដ៏ធំ និងសំខាន់ ដែលលោកបានត្រៀមលក្ខណៈសម្បត្តិ រួចរាល់អស់ហើយ។

ចំណែកក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នឹងត្រូវវិលទៅជួបក្រុមវេស្ទើន ដែលពួកគេធ្លាប់ឈ្នះ ៣-១ ទាំង២លើក ក្នុងការប្រកួតកាលពីឆ្នាំ២០១៥៕
sat3
កម្មវិធីប្រកួតនៅថ្ងៃសុក្រនៅថ្ងៃសៅរ៍
– ក្រសួងការពារជាតិ v អាស៊ីអឺរ៉ុប នៅស្តាតចាស់ ម៉ោង ៣:៣០
– ស៊ីម៉ាក់ v វេស្ទើន នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:០០

២ប្រកួតនៅថ្ងៃអាទិត្យ
-ប៉ូលិស v បឹងកេត នៅពហុកីឡដ្ឋានជាតិ ម៉ោង ៣:៣០
-ខេមបូឌានថាយហ្គឺរ v ណាហ្គាវើល នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:០០