គណៈកម្មការ​ចម្រុះ​សាលាក្រុង​កំពង់ចាម​ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​កន្លែង​លក់ដូរ ​នៅ​របង​មន្ទីរពេទ្យ​

គណៈកម្មការ​ចម្រុះ​សាលាក្រុង​កំពង់ចាម​ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​កន្លែង​លក់ដូរ ​នៅ​របង​មន្ទីរពេទ្យ​



កំពង់ចាម ៖ គណៈកម្មការ​ចម្រុះ​សាលាក្រុង​កំពង់ចាម​ ដែល​មាន​បុគ្គលិក​ក្រុង​កំពង់ចាម​ កងរាជ​អាវុ​ធ​ហត្ថ​ និង​នគរបាល​ក្រុង​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០១៦ ​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្បែរ​ច្រកទ្វារ​ខាងក្រោយ​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ដែល​អាជីវក​រដាក់​ទំនិញ​លក់​នៅ​ក្បែរ​នោះ ​តែ​ខាង​អាជីវករ​មួយ​កន្លែង​នោះ​ធ្វើការ​ប្រឆាំង​តវ៉ា​មិន​រើ​ទំនិញ​ចេញពី​កន្លែង​លក់ ​ថែម​ទាំង​ប្រតា​យ​ប្រតប់​ ជាមួយ​សមត្ថកិច្ច​ទៅវិញ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង៨ព្រឹក​ធ្វើ​ឲ្យ​អ្នកដំណើរ​ទៅមក​តាមផ្លូវ​នាំគ្នា​ ចោមរោម​ឈរ​មើល​ភាព​ប្រទូស្ត​សរាយ​នេះ​។​
​ ​
លោក ស៊ា​ម យូ​សេង នគរបាល​សណ្ដាប់ធ្នាប់​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ​អាជីវករ​ ដែល​សមត្ថកិច្ច​ចុះ​រុះរើ​ឥវ៉ាន់​នោះ​ ឈ្មោះ គាង ម៉ុំ ភេទ​ស្រី ​អាយុ​៤៧ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​ក្រហម​គែ ​សង្កាត់​សំ​បួរមាស ​ក្រុង​កំពង់ចាម​ បាន​ដាក់​ឥវ៉ាន់​លក់​នៅ​លើ​ចិញ្ចើមថ្នល់​ជាប់​របង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ត្រ​ង់​ច្រក​ទ្វារ​ខាងក្រោយ។​

​នៅក្នុង​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​ អ្នកស្រី​ គាង ​ម៉ុំ​ និង​បងប្អូន​កូនចៅ​ស្រីៗ​ប្រមាណ​៣-៤នាក់​បា​ន​ធ្វើ​ការ​តវ៉ា​ចំពោះ​សមត្ថកិច្ច​ ដោយ​មិន​ព្រម​រើ​កន្លែង​ចេញទៅ​លក់​នៅ​តាម​តូប​ ដែល​សាលាក្រុង​រៀ​ប​ចំ​ឲ្យ​នោះ​ទេ​ ថែមទាំង​បាន​វាយ​តដៃ​ប្រតាយប្រតប់​ទៅលើ​សមត្ថកិច្ច​ទៀត​ផង។​
​ ​
លោក ​ស៊ា​ម យូ​សេង​ បញ្ជាក់​ថា ​ការ​ដាក់​លក់ទំនិញ​នៅ​លើ​ចិញ្ចើមថ្នល់​ក្បែរ​ច្រក​ទ្វារ​ចេញចូល​របស់​មន្ទីរ​ពេទ្យ​យ៉ាង​អានាធិបតេយ្យ​បែបនេះ​គឺ​វា​ធ្វើ​ឲ្យ​មាន​ការពិបាក ​ដែល​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ត្រូវ​ដឹក​អ្នកជំងឺ​ចេញចូល ​ដោយ​ត្រូវ​កកស្ទះ​នៅពេល​អ្នក​ធ្វើ​ដំណើរ​ឈរ​ចូល​ទិញ​ទំនិញ​ ដែល​ អ្នកស្រី ​គាង ​ម៉ុំ​ ដាក់​លក់​ក្បែរ​ច្រក​ទ្វារ​របស់​មន្ទីរពេទ្យ​។​

​លោក លី​ណា បុគ្គលិក​សាលាក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃទី២៨ ​ខែ​មករា​ ឆ្នាំ២០១៦​សាលាក្រុង​កំពង់ចាម​បាន​ធ្វើ​ការ​ប្រជុំ​ណែនាំ​ដល់​អាជីវករ​នៅ​ផ្សា​ក្រោយ​មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម​ដោយមាន​ចំនួន​អាជីវករ​២៩​នាក់។​ ក្នុង​ខ្លឹមសារ​ប្រជុំ​នេះ​គឺ​ខាង​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ចេញ​ថវិកា​សង់​តូប​លក់​នៅ​ខាងក្រោយ​របង​មន្ទីរពេទ្យ ​ហើយ​ការ​ចូល​លក់​ក្នុង​តូប​នេះ​គឺ​មិន​យក​ថវិកា​របស់​អាជីវករ​ឡើយ​ ដោយ​សម្រេច​ឲ្យ​អាជីវករ​ចាប់​តូប​តាម​លេខ​រៀង​ក្នុង​នោះ​អ្នកស្រី​មិន​ចូល​រួម ​និង​មិន​ធ្វើ​កិច្ចសន្យា​ឡើយ​ ដោយ​លក់​នៅ​ក្បែរ​ច្រក​ទ្វារ​ខាងក្រោយ​របស់​មន្ទីរពេទ្យ​(​កន្លែង​លក់​ស​ព្វ​ថ្ងៃ​)។​
​ ​
លោក​ លី​ណា ​បាន​បញ្ជាក់​បន្ថែម​ថា ​ការ​ដាក់​ទំនិញ​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ​និង​ទ្រូងផ្លូវ​បែបនេះ​វា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ ដល់​ចរាចរ​រថយន្ត​សង្គ្រោះ​បន្ទាន់​ ក៏ដូចជា​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ។​
​ ​
អាជីវករ​មួយចំនួន​ ដែល​បាន​ចូល​លក់​ក្នុង​តូប​ខាងលិច​របង​មន្ទីរពេទ្យ​ បាន​សំណូម​ពរ​ដល់​អាជ្ញាធរ​ក្រុង​កំពង់ចាម​ឲ្យ​បញ្ឈប់​ការលក់ដូរ​របស់​អាជីវករ​នៅ​ក្បែរ​ច្រក​ទ្វារ​ទៅ​ នោះ​ពួកគាត់ ​និង​គោរព​តាម​ការសម្រួល​របស់​អាជ្ញាធរ​ក្រុង។​
​ ​
ដោយឡែក​អ្នកស្រី ​គាង ​ម៉ុំ​ បាន​ជំទាស់​រឹងរូស​ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង ​និង​គណៈកម្មការ​រៀបចំ​ផ្សារ​ក្បែរ​មន្ទីរពេទ្យ ​ទើប​នៅ​ថ្ងៃទី​០៦ ខែ​​ឧសភា​ ឆ្នាំ២០១៦​ សមត្ថកិច្ច​ចម្រុះ​ បាន​ចុះ​រុះរើ​កន្លែង​លក់ដូរ​របស់​អាជីវករ ​គាង ​ម៉ុំ ​ដោយ​មានការ​ប្រទូស្ត​សារាយ​គ្នា​អស់​រយៈពេល​កន្លះ​ ម៉ោង​ទើប​អ្នក​ស្រី​ គាង ​ម៉ុំ ​ពន្យារពេល​ចាំ​ដល់​ថ្ងៃស្អែក ​គាត់​នឹង​រុះរើ​ឥវ៉ាន់​ចេញ​។​
​ ​
លោក​ លី​ណា បញ្ជាក់​ថា ​កន្លងមក​សាលាក្រុង​បាន​ធ្វើ​ការណែនាំ​ឲ្យ​អាជីវករ​លក់​នៅ​តាម​របង​មន្ទីរ​ពេទ្យ​អស់​ជាច្រើនលើក​មក​ហើយ ​ក្នុង​នោះ​អាជីវករ​ជាច្រើន​បាន​សម្រេច​ចិត្ត​តាម​ការរៀបចំ​របស់​សាលាក្រុង។​ ដោយឡែក​តែ​អ្នកស្រី​ គាង ​ម៉ុំ ​មិន​ព្រម​អនុវត្តន៍​តាម ​ព្រោះ​ដាក់​លក់​នៅ​ក្បែរ​ច្រក​ទ្វារ​​ចេញចូល​ទើប​លក់ដាច់​ជាងគេ៕​

គណៈកម្មការ​ចម្រុះ​សាលាក្រុង​កំពង់ចាម​ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​កន្លែង​លក់ដូរ ​នៅ​របង​មន្ទីរពេទ្យ​

គណៈកម្មការ​ចម្រុះ​សាលាក្រុង​កំពង់ចាម​ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​កន្លែង​លក់ដូរ ​នៅ​របង​មន្ទីរពេទ្យ​

គណៈកម្មការ​ចម្រុះ​សាលាក្រុង​កំពង់ចាម​ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​កន្លែង​លក់ដូរ ​នៅ​របង​មន្ទីរពេទ្យ​

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​