របរ​ស៊ីឈ្នួល​ ធ្វើ​ត្បាល់​ថ្ម ​របស់​អ្នកភូមិ​ដៃ៤

របរ​ស៊ីឈ្នួល​ ធ្វើ​ត្បាល់​ថ្ម ​របស់​អ្នកភូមិ​ដៃ៤

 

ប្រិយមិត្ត​ប្រហែលជា​ធ្លាប់​ប្រើ​ត្បាល់បុក​គ្រឿង​ហើយ​មែន​ទេ? ចុះ​តើ​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ឃើញ​គេ​ធ្វើ​ត្បាល់​ថ្ម​ដែរ ឬ​អត់? ថ្ងៃនេះ​ Sabay សូម​នាំ​អារម្មណ៍​អ្នក​ទាំងអស់​គ្នា​ទៅ​មើល​គេ​ធ្វើ​ត្បាល់​ថ្ម​តូច​បុក​គ្រឿង​នឹង​ទាំង​អស់​គ្នា។

 

សំឡេង​រ៉ែៗ​លាន់​ទ្រហឹង​ចេញពី​ម៉ូទ័រ​ឆាប ព្រមទាំង​បញ្ចេញ​ល្អង​ធូលី​ពណ៌​ស ប៉ើង​តាម​ជំនោរ​ព្រះពាយ​ផាត់ផាយ​ពី​ចម្ងាយ នៅ​ពេល​ដែល​យើង​ធ្វើដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​កងមាស​ត្រង់​ភូមិ​ដៃ។

 
របរ​ស៊ីឈ្នួល​ ធ្វើ​ត្បាល់​ថ្ម ​របស់​អ្នកភូមិ​ដៃ៤

 

លោក អ៊ិត សាវុធ ជា​កម្មករ​ស៊ីឈ្នួល​ធ្វើ​ត្បាល់​ថ្ម​ឲ្យ​គេ ដែល​មាន​ទីតាំង​ក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ខណៈ​ដៃ​កំពុងតែ​កាន់​ម៉ូទ័រ​ឆាប​ថ្ម​ស្ទើរតែ​ក្លាយទៅជា​ត្បាល់​ទៅ​ហើយ​នោះ បាន​ឈប់សម្រាក​មួយ​ភ្លែត ដើម្បី​ឲ្យ​ភ្នាក់ងារ Sabay បាន​សាកសួរ។

 

លោក​ សាវុធ បាន​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា រាល់ថ្ងៃ​ពី​ព្រលឹម​ទល់​ព្រលប់ គាត់​ស៊ីឈ្នួល​ធ្វើ​ត្បាល់​ថ្ម​ឲ្យ​គេ ដោយ​យក​តម្លៃ ២ ៧០០៛ ក្នុង​ត្បាល់​មួយ ក្នុង​នោះ​គាត់​ជា​អ្នក​ដាប់ និង​ឆាប​ឲ្យ​ចេញ​ជា​ត្បាល់​យក​ថ្លៃ ១ ៧០០៛ ឯ​កូន​របស់​គាត់​ជា​អ្នក​ខាត់ និង​លាបថ្នាំ​គិត​ថ្លៃ ១ ០០០រៀល។

 
របរ​ស៊ីឈ្នួល​ ធ្វើ​ត្បាល់​ថ្ម ​របស់​អ្នកភូមិ​ដៃ៤

 

សាវុធ ប្រកបការងារ​នេះ​ ប្រមាណ​ជា ៣ឆ្នាំ​មក​ហើយ ដោយ​ក្នុង១ថ្ងៃ គាត់​អាច​ធ្វើ​ត្បាល់​បាន​ពី ១៥ ទៅ ២០ត្បាល់ “បើ​ថ្ម​ផុយ ងាយ​ដាប់ ងាយ​ឆាប អាច​ធ្វើ​បាន ២០ត្បាល់ តែ​បើ​ថ្ម​រឹង ធ្វើ​បានតែ ១៥ទេ។

 

ចំណែក​អ្នក​ស្រី ផល្លា​ ជា​ប្រពន្ធ​របស់​គាត់​វិញ​ប្រាប់​ថា “អ្នកជិតខាង​ក្បែរ​គាត់​ក៏​ប្រកប​របរ​នេះ​ដែរ គ្រាន់តែ​ធ្វើ​ផ្សេងគ្នា ផ្ទះ​ខ្ញុំ​ធ្វើ​ត្បាល់ ផ្ទះ​មួយទៀត​ធ្វើ​អង្រែ អ្នកខ្លះ​ទៀត​ធ្វើ​ត្បាល់​កិនម្សៅ។ អ្នកស្រី ផល្លា ​បន្ថែម​ទៀត​ថា “របរ​នេះ​មិន​ចំណាយ​អ្វី​ច្រើន​ទេ ឲ្យ​តែ​មាន​កម្លាំង និង​ភ្លើង (អគ្គិសនី) ព្រោះថា​ថ្ម​សម្រាប់​ធ្វើ​ត្បាល់​ខាង​ថៅកែ​គេ​យក​មក​ឲ្យ​ស្រាប់។

ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ពី​ការ​ធ្វើ​ត្បាល់​នេះ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖
 

 
របរ​ស៊ីឈ្នួល​ ធ្វើ​ត្បាល់​ថ្ម ​របស់​អ្នកភូមិ​ដៃ៤
 

របរ​ស៊ីឈ្នួល​ ធ្វើ​ត្បាល់​ថ្ម ​របស់​អ្នកភូមិ​ដៃ៤
 

របរ​ស៊ីឈ្នួល​ ធ្វើ​ត្បាល់​ថ្ម ​របស់​អ្នកភូមិ​ដៃ៤

 

អត្ថបទ៖ គីម សាយ