ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

6 Videos


ភ្នំនាង កង្រី គឺជាភ្នំមួយដែលទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ «ពុទ្ធិសែន នាង កង្រី» ឬ រឿង «នាង ១២» ។ នៅក្នុងចំណោមរមណីយដ្ឋាន ឬ តំបន់ទេសចរណ៍ចំនួន ២៣ កន្លែងនៅទូទាំងខេត្តកំពង់ឆ្នាំង តំបន់ភ្នំនាង កង្រីនៅតែមានភ្ញៀវទេសចរចូលទៅទស្សនាច្រើនគួរសម ដោយមានអ្នកខ្លះទៅទស្សនាផ្ទាល់ ឬ ទស្សនាពីត្រើយម្ខាងនៃមាត់ទន្លេផ្សារក្រោម ។ ស្របពេលជាមួយគ្នានេះក៏មានភ្ញៀវទេសចរមួយចំនួនបានសម្តែងការមិនសប្បាយចិត្តក្រោយពីត្រឡប់មកពីកម្សាន្តនៅតំបន់នោះវិញ ដោយពួកគាត់បានបញ្ជាក់ថា នៅទីនោះពុំមានអភិវឌ្ឍ ឬ សេវាកម្មទេសចរណ៍អ្វីសម្រាប់ទាក់ទាញភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះឡើយ ។

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

លោក ស៊ី ថា ភ្ញៀវទេសចរជាតិម្នាក់នៅក្រុងភ្នំពេញមានប្រសាសន៍ថា លោក និង ភ្ញៀវទេសចរចំនួន ១៨ នាក់ផ្សេងទៀតបានចំណាយប្រាក់ ៣០ ដុល្លារ ដើម្បីជួលកាណូតជិះទៅទស្សនាកម្សាន្តតាមដងទន្លេសាប និង ទៅទស្សនាដល់ភ្នំនាង កង្រី ផ្ទាល់តែម្តង ។ នៅទីនោះលោកពុំឃើញមានអ្នកលក់ម្ហូបអាហារ ឬ ទឹកសុទ្ធសម្រាប់ភ្ញៀវទេសចរឡើយ ហើយលោកឃើញប្រជាពលរដ្ឋប្រមាណជាង ២០០ គ្រួសារ រស់នៅក្បែរនោះភាគច្រើនប្រកបរបរនេសាទ និង ធ្វើស្រែចម្ការបន្តិចបន្តួចដែលពួកគាត់មានជីវភាពក្រលំបាក ។ ភ្នំនាង កង្រី ជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រ ហើយគេចង់ដឹងថានៅលើកំពូលភ្នំនោះមានអ្វីខ្លះ ? ដល់ពេលឡើងទៅមិនឃើញមានការអភិវឌ្ឍអ្វីទាំងអស់មានតែព្រៃ ហើយរូបសំណាកគេធ្វើតំណាងបន្តិចបន្តួចនៅទីនោះមិនមានច្រើនឡើយ ។

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

ឯភ្ញៀវទេសចរម្នាក់ទៀត អ្នកស្រី ធីដា បានឱ្យដឹងដែរថា អ្នកស្រី និង អ្នកក្រុងភ្នំពេញជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរមកទស្សនានៅខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំង ក៏សម្រេចចិត្តនាំគ្នាឆៀងចូលមកទស្សនាភ្នំនាងកង្រីនេះតែម្តង ។ បើទោះបីជាអ្នកស្រីមិនបានឡើងដល់លើភ្នំក៏អ្នកស្រីមានការសប្បាយរីករាយណាស់ ពេលបានមកដល់ភ្នំនេះ ។ ក្រៅពីនោះក្រុមរបស់អ្នកស្រីក៏បានជិះកាណូតគយគន់តាមដងទន្លេសាប មើលផ្ទះបណ្តែតទឹក អង្គុយនៅមាត់ទន្លេផ្សារក្រោមហើយអាចមើលឃើញយ៉ាងច្បាស់នូវជួរភ្នំដែលមានរាងស្រដៀងមនុស្សដេក ដូចជារឿងព្រេងនិទានដែលបានដំណាលតៗគ្នាមកនោះពិតមែន ។

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

ភ្នំនាង កង្រី លាតសន្ធឹងពីទិសខាងកើតទៅទិសខាងលិច ប្រវែងប្រមាណជាងពីរគីឡូម៉ែត្រ និង មានកម្ពស់ប្រហែល ៦០០ ម៉ែត្រ ស្ថិតនៅជាប់ភូមិសំរោង ឃុំពោធិ៍ និង ភូមិត្របែក នៃឃុំត្រងិល ស្រុកកំពង់លែង ដែលមានចម្ងាយប្រមាណជា ១៤ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។ ភ្ញៀវទេសចរដែលមានបំណងទៅកម្សាន្តនៅតំបន់ភ្នំនាង កង្រី ត្រូវចំណាយពេលប្រហែលជាកន្លះម៉ោង ដើម្បីធ្វើដំណើរតាមកាណូត ឬ ទូកដដែលចតនៅកំពង់ផែផ្សារក្រោមរង់ចាំដឹកភ្ញៀវទេសចរ ដែលមានតម្លៃចាប់ពី ៣០ ទៅ ៤០ ដុល្លារ ក្នុងតម្លៃចរចាត្រូវរ៉ូវគ្នា ។

បច្ចុប្បន្នតំបន់ភ្នំនាង កង្រី មានចំណុចពិសេសចំនួនពីរ គឺការទស្សនារូបចម្លាក់ថ្មទាក់ទងទៅនឹងរឿងព្រេង «ពុទ្ធិសែននាងកង្រី» នៅវត្តគិរីភក្តី និង ការទស្សនាព្រៃធម្មជាតិនៅតាមជួរភ្នំ ឬ នៅអាស្រមនាង កង្រី ស្ថិតនៅភូមិត្របែក ឃុំត្រងិល ។

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

មន្ត្រីមន្ទីរទេសចរណ៍ និង អាជ្ញាធរមូលដ្ឋាននៅខេត្តកំពង់ឆ្នាំងបានអះអាងថា គេនឹងយកតំបន់ភ្នំនាង កង្រី ធ្វើជាតំបន់ទេសចរណ៍ធម្មជាតិ ក្រោយពីស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលមានចម្ងាយជាង ១៤ គីឡូម៉ែត្រ ត្រូវបានតភ្ជាប់នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ។

លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងមានប្រសាសន៍ថា បច្ចុប្បន្នមន្ត្រីមន្ទីរទេសចរណ៍ និង អាជ្ញាធរបានចេញផែនការអភិវឌ្ឍលើវិស័យទេសចរណ៍នៅតំបន់ ភ្នំនាង កង្រី នេះហើយ ក៏ប៉ុន្តែនៅមិនទាន់មានក្រុមហ៊ុន ឬ អ្នកដែលមានធនធានណាច្បាស់លាស់ ចូលមកវិនិយោគនៅឡើយ ។ ក្រោយពីមានការអភិវឌ្ឍតំបន់នេះឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និង មានភ្ញៀវទេសចរកាន់តែច្រើនឡើងចូលមកទស្សនា ហើយប្រជាពលរដ្ឋនៅតំបន់នោះនឹងបានទទួលផលប្រយោជន៍ជាច្រើនពីការអភិវឌ្ឍនេះ ។ នៅទីនោះយើងមានផែនការបង្កើតរមណីយដ្ឋានមួយគឺតំបន់រមណីយដ្ឋានជុំវិញភ្នំនាង កង្រី  គឺយើងរៀបចំជាផ្លូវធ្វើដំណើររៀបចំជារោងលម្ហែ រៀបចំជាទីកន្លែងផ្ញើយានយន្តគ្រប់ប្រភេទ កន្លែងលក់ដូរ ហើយយើងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅទីនោះឱ្យចេះធ្វើនំ ឬ ឱ្យចេះរករបរអ្វីដែលទាក់ទងនឹងការ ទិញរបស់ភ្ញៀវទេសចរដើម្បីឱ្យពួកគាត់ផលិត ព្រោះថាកំណើនចំណូលថវិការដ្ឋក៏ដូចជាកំណើននៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ គឺកើតចេញពីវិស័យទេសចរណ៍ដែលមានភាគរយច្រើនគួរសមដែរ ។

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

ទោះជាយ៉ាងណាក៏ប្រជាពលរដ្ឋនៅតំបន់នោះមួយចំនួនមានការភ័យខ្លាចនឹងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ឬ ក្រុមហ៊ុនឯកជនទៅលើទីតាំងនោះ ព្រោះខ្លាចមានការប៉ះពាល់ដល់ដីធ្លីរបស់ពួកគាត់ ដោយសារតែកន្លងមកពួកគាត់មើលឃើញថា បញ្ហា ឬ ជម្លោះដីធ្លីបានកើតចេញពីគម្រោងអភិវឌ្ឍទាំងនោះ ។ ទោះជាយ៉ាងណា មន្ត្រីរបស់មន្ទីរទេសចរណ៍ និង អាជ្ញាធរឃុំពោធិ៍ ស្រុកកំពង់លែងមានជំនឿថា ការអភិវឌ្ឍវិស័យទេសចរណ៍នេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញវានឹងធ្វើឱ្យអ្នកភូមិនៅតំបន់នោះមានមុខរបរច្បាស់លាស់ និង ជីវភាពកាន់តែធូរធារទៀតផង ។

លោកមេឃុំពោធិ៍មានប្រសាសន៍ថា អាជ្ញាធរ និង ប្រជាពលរដ្ឋនៅក្នុងឃុំនេះ ពិតជាមានការសប្បាយចិត្ត និង ចង់ឃើញការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ប្រជាពលរដ្ឋជាង ២០០ គ្រួសារ រស់នៅភូមិសំរោង ឃុំពោធិ៍ ជាប់ភ្នំនាង កង្រីនឹងទទួលបានផលប្រយោជន៍ច្រើន ប្រសិនបើគម្រោងអភិវឌ្ឍនេះត្រូវបានគេដំណើរការពិតមែននោះ ។

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​

ទាក់ទងនឹងរឿង «ពុទ្ធិសែន នាង កង្រី» អាជ្ញាធរខេត្តកំពង់ឆ្នាំងដែលកាលដឹកនាំដោយលោក ភោគ សាមឿន ( ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ) បានកសាងរូបសំណាក ពុទ្ធិសែន នាង កង្រី ដ៏ធំមួយនៅលើសួនច្បារផ្សារក្រោម ។ លុះមកដល់ឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៣ ដែលដឹកនាំដោយ លោក ស៊ូ ភារិន្ទ បានផ្លាស់ប្តូរទីតាំងរូបសំណាកនោះពីផ្សារក្រោមមកនៅលើសួនច្បារក្បែរវិមានឯករាជ្យវិញ ៕

                                                                                                                        ធានី

ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​នាង ក​ង្រី​