អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​វាយតប់​គ្នា​ម្នាក់​សន្លប់​ឈឹង​ម្នាក់​ទៀត​បែក​ក្បាល​របួសធ្ងន់

អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​វាយតប់​គ្នា​ម្នាក់​សន្លប់​ឈឹង​ម្នាក់​ទៀត​បែក​ក្បាល​របួសធ្ងន់



ភ្នំពេញ ៖ បុរស​ពីរ​នាក់​ដែល​គេ​ដឹង​ថា ​ជា​អ្នករក​ស៊ី​រត់​ម៉ូតូឌុប​ពេលយប់​ដូចគ្នា​បាន​ទាស់​ពាក្យសម្ដី​គ្នា​រឿង​ដណ្ដើម​ម៉ូយ​លាយឡំ​នឹង​គំនុំ​ពី​មុន​មក​ផង​នោះ​ ទើប​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា ដោយ​ភាគី​បង្ក​មុន​ដែល​មាន​មាឌ​ស្គម​បាន​យក​ច្រវាក់​សោ​វាយ​ក្បាល​ទៅលើ​គូ​ទំនាស់​របស់​ខ្លួន​ដែល​មាន​មាឌធំ​ជាង​បណ្ដាល​ឲ្យ​បែក​ក្បាល​បន្ទាប់មក​បុរស​នោះបាន​ដេញ​វាយតប​វិញ​ពេល​តាម​ទាន់​វាយ​រហូត​សន្លប់​សល់​តែ​ដង្ហើមចង្រិត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំគ្នា​ចោមរោម​មើល។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ២០១៦ ​នៅ​ចំណុច​មុខ​ព្រលាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ពី​សាក្សី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​រវាង​ភាគី​ទាំងពីរ​នេះ​គេ​មិន​ដឹង​ថា​ អ្នកណា​ជា​ជនរងគ្រោះ​ ឬ​ អ្នកណា​ជា​ជន​បង្ក​ទេពី​ព្រោះ​អ្នក​វាយ​គេ​មុន​ត្រូវ​បាន​គេ​វាយតប​វិញ​សន្លប់​ឈឹង​ក្លាយ​ជា​ជនរងគ្រោះ​វិញ​ក៏​មិន​ដឹង​ព្រោះ​ពួកគាត់​មិនដឹង​ថា​ ច្បាប់​គេ​គិត​យ៉ាង​ណា​ទេ​មានតែ​សមត្ថកិច្ច​ទេ​ទើប​កំណត់​បាន។

ប្រភព​បន្ដ​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភាគី​ទំនាស់​ទាំងពីរ​នាក់​បាន​ឈ្លោះ​គ្នា​ដោយ​ពាក្យសម្ដី​ដោយ​មុន​ដំបង​បុរស​ដែល​មាន​មាឌ​ធំ​មាំ​នៅ​អង្គុយ​លើ​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ​របស់​ខ្លួន​បាន​ជជែក​ឈ្លោះ​គ្នា​ទៅវិញទៅមក​ជាមួយ​គូ​ទំនាស់​របស់​ខ្លួន​ដោយ​នឹក​ស្មាន​ថា​ គេ​មិន​ហ៊ាន​ធ្វើ​អី​ខ្លួន​ទើប​មិនបាន​ប្រុងប្រយ័ត្ន​ឡើយ ប៉ុន្ដែ​ភ្លាមៗ​នោះ​គូ​ទំនាស់​របស់​គាត់​បាន​ទាញ​យក​ច្រវាក់​ទាក់​សោ​មក​វាយ​ក្បាល​បុរស​មាឌ​ធំ​នេះ​បណ្ដាល​ឲ្យ​រយះ​បែរ​ក្បាល​ហូរឈាម​កក្លាក់។

ប្រភព​បន្ដ​ថា​ ទាល់តែ​គេ​វាយ​បែកក្បាល​ទើប​បុរស​នេះ​ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​ដេញ​វាយ​បុរស​ជា​គូទំនាស់​នោះ នៅ​ពេល​ដេញតាម​ទាន់​បាន​វាយ​វិញ​តាម​កំហឹង​របស់​ខ្លួន​បណ្ដាល​ឲ្យ​ភាគី​បង្ក​មុន​នោះ​ដេក​ដួល​ស​ន្ល​ប់​ស្កូ​ក​ស្ដឹង​នៅ​នឹងកន្លែង​កើតហេតុ ហើយ​ខ្លួនឯង​ឯណេះ​ក៏​បែក​ក្បាល​របួសធ្ងន់​ដែរ។ ដោយសារតែ​វាយ​ទៅ​វា​យមក​បែប​នេះ​ហើយ​ទើប​ពួកគាត់​មិន​ដឹង​ថា ​អ្នកណា​ល្មើស​អ្នកណា​រងគ្រោះ​ទេ​ព្រោះ​អ្នក​វាយ​គេ​មុន​បាន​សន្លប់​គឺ​វា​ធ្ងន់ធ្ងរ​ជាង​អា​ខ្លួនឯង​វាយ​គេ​ទៀត។

ប្រភព​បន្ដ​ថា​ ដែល​ការ​វាយតប់​គ្នា​នេះ​តាម​ពួកគាត់​ដឹង​ គឺ​ផ្ដើមចេញពី​ការដណ្ដើម​ម៉ូយ​គ្នា​និង​លាយឡំ​នឹង​គំនុំ​ពី​មុន​មក​ផង​ ព្រោះ​ពីរ​នាក់​នេះ​មិន​ត្រូវ​គ្នា​តាំង​ពីមុនមក​ម្ល៉េះ​។ ក្រោយពេល​កើតហេតុ​នគរបាល​បាន​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​អ្នករបួសធ្ងន់​ទៅកាន់​ពេទ្យ​ព្រះ​កុ​សុ​មះ​និង​អ្នក​របួសស្រាល​ទៅកាន់​គ្លីនិក​ឯកជន​ដើម្បី​ជួយសង្គ្រោះ​រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​នគរបាល​យកទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​កា​កាប​មួយអន្លើ​សិន​រង់ចាំ​ចរចា​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕