“ទោះ​យើង​ក្រ​យ៉ាងណាក៏ដោយ  សូម​កូន​កុំ​ឈប់​រៀន​អោយ​សោះ”

សុភមង្គល​ក្នុង​គ្រួសារ​មួយ​ហាក់​ដូចជា​ត្រូវ​គេ​ឆក់​ទៅ​បាត់មួយ​រំពេច​ ដែល​លោក​ឪពុក​ជា​មេ​គ្រួ​សារ​បាន​បាត់ស្លាប់​ ដោយសារ​ខ្យល់គរ​ហើយ​អ្នក​ម្ដាយ​ក៏បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ទាំង​កំពុង​ពរ​ពោះ​កូន ៧ខែ និង​មាន​កូនតូចៗ ២ នាក់​ទៀត ក្នុង​បន្ទុក​។  នេះ​ជា​អតិ​ត​កាល​ដ៏​ជូរចត់​របស់​ម្ដាយ ​លោក ​វិបុល ដែល​លោក​ជា​កូនច្បង​ក្នុង​គ្រួសារ​កម្សត់​នេះ ។

 

លោក វិបុល​ បាន​រៀបរាប់ថា​ ម្ដាយ​លោក​ជា​ស្ត្រី​មាន​ចរិត​ស្លូតបូត តែ​រឹងមាំ   គាត់​ចូលចិត្ត​នឿយ​មិន​ចេះ​ទំនេរ ទោះ​បច្ចុប្បន្ន​គាត់​មាន​អាយុ ៦២ឆ្នាំ  ហើយ​កូនៗ​ក៏​មាន​លទ្ធភាព  តែ​គាត់​នៅតែ​ទទូច​ចង់​ធ្វើ​អាជីវកម្ម​រក​ចំណូល​ខ្លួនឯង​មិន​ចង់​រំខាន​កូនៗ​ច្រើន​ឡើយ ដោយ​គាត់​ប្រកប​របរ​ទិញ ​និង​លក់​ស្រូវ​នៅ​ខេត្ត​កំពង់ឆ្នាំង។

 
“ទោះ​យើង​ក្រ​យ៉ាងណាក៏ដោយ  សូម​កូន​កុំ​ឈប់​រៀន​អោយ​សោះ”

 លោក វិបុល និង ម្ដាយ (រូបថត៖ ផ្ដល់ឲ្យ)

 

និយាយ​ដល់​អតីតកាល  លោក​ វិបុល​ បាន​អោយដឹងថា កាលនោះ​ជីវភាព គ្រួសារ​លោក ​គឺ​ក្នុងចំណោម​ក្រីក្រ​លំបាក​បំផុត​ក្នុង​ភូមិ គ្រួសារ​លោក ​គឺ​ឋិត​ក្នុងចំណោម​គ្រួសារ​ក្រីក្រ​ក្នុង​ភូមិ ព្រោះ​លោក​ដែល​ជា​កូនច្បង​ទើបតែ​មាន​អាយុ ៤ឆ្នាំ​ប៉ុណ្ណោះ​ពេល​ដែល​ឱ​ពុក​ជានា​យក​វិទ្យាល័យ​ម្នាក់​បាន​ស្លាប់ ហើយ​ប្អូន​បន្ទាប់ អាយុ ៣ឆ្នាំ និង ប្អូន​ពៅ​នៅ ក្នុង​ពោះ​ម្ដាយ​នៅឡើយ  ដូច្នេះ​ម្ដាយ​លោក​ត្រូវ​ដើរតួ​ជា​ម្ដាយ​ផង និង ឱ​ពុក​ផង ទាំង​ខ្លួន​កំពុង​មាន​ផ្ទៃពោះ​ជិត​សម្រាល។
 

លោក បាន​រៀបរាប់​ពី​ការ​លំបាក​របស់​ម្ដាយ​លោក ​ដែល​តស៊ូ​ចិញ្ចឹម​កូន​តូចៗ ទាំង​បី​កាលពីមុន​ដោយ​មោទនភាព​ថា ទោះ​មាន​ការ​ជួយ​យកអាសា​ពី​ញាតិមិត្ត​បងប្អូន លោកយាយ​ លោកតា ពិសេស​ គឺ​លោក​ឱ​ពុក​មា​ក៏ដោយ ក៏​ម្ដាយ​របស់​លោក​បាន​ប្រឹង​ប្រកបរបរ​ជាច្រើន​​ដើម្បី​រកលុយ​ចិញ្ចឹម​កូន  ហើយ​ការងារ​ភាគច្រើន​គឺ​ហួស​ពី​កម្លាំង​គាត់​អាច​ធ្វើ​បាន តែ​គាត់​នៅតែ ស៊ូ​ធ្វើ ដូចជា​ត្រូវ​ធាក់​កង់​ដឹក​ស្រូវ​អង្គរ​ធ្ងន់​ៗ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ជា​រៀងរាល់ថ្ងៃ​ដើម្បី ជួញដូរ  លក់ដូរ​អីវ៉ាន់ បិតស្រា និង ធ្វើស្រែ ។

 

ទោះជា​មានការ​លំបាក​យ៉ាង​នេះ​ក្ដី ម្ដាយ​របស់​លោក​នៅតែ​ជំរុញ​អោយ​កូនៗ​ទៅ រៀន​អោយ​បាន​ទៀងទាត់ និង​ខិតខំ​សិក្សា ដោយ​នេះ​ គឺជា​ការ​ប្រៀនប្រដៅ​ដ៏​ធំ​ជាងគេ​របស់​គាត់  ៖ “ពាក្យសំដី​របស់​ម៉ែ​ដែល​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ខ្លាំង​បំផុត គឺ “កូន​ត្រូវ​ខំ​រៀន​ឲ្យ​ពូកែ  ត្រូវ​មាន​ការងារ​ល្អ​ធ្វើ​ដើម្បី​ស្តា​កិត្តិយស​គ្រួសារ​យើង​ឡើងវិញ កុំ​ឲ្យ​មាន​គេ​មើលងាយ​យើង​ដូច​ពេលនេះ”។
 

ការ​តស៊ូ​លំបាក​ជិត ១៥ឆ្នាំ ​របស់​អ្នក​ម្ដាយ​លោក​មិន​អត់​ប្រយោជន៍​នោះ​ទេ ព្រោះ​កូន​ទាំង​បី​បាន​ធំ​ដឹង​ក្តី ប្រកបដោយ​គន្លង​ធម៌​និង​មាន​លទ្ធផល​ល្អ​ក្នុង​ការ​សិក្សា ហើយ បន្ទុក​គ្រួសារ​កាន់តែ​បាន​ធូរ​ស្បើយ​បន្តិច​ម្តងៗ រហូត​ប្រែ​ពី​ក្រីក្រ​លំបាក​មក​ស្ថានភាព​សមរម្យ​ដូច​គេឯង នៅ​ឆ្នាំ ២០១០  ពេល​ដែល កូនៗ ទាំង​បី​រៀន​ចប់​ជា​បន្តបន្ទាប់​ហើយ​មានលទ្ធភាព​ស្វែងរក​ការងារ​ដោះស្រាយ​ជីវភាព​ខ្លួនឯង។

 

បំណង​ប្រាថ្នា​ដ៏​ធំ​មួយ របស់​ម្ដាយ​លោក​បាន​ក្លាយ​ការពិត​នោះ​ គឺ​ពេល​ដែល លោក ​វិបុល​ ដែល​ជា​កូនច្បង​ក្នុង​គ្រួសារ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ទៅ ប្រទេស​ជប៉ុន ផ្នែក​សុខភាព​សាធារណៈ​អន្តរជាតិ។
 

លោក​យល់ថា​ម្ដាយ​របស់​លោក​រំភើប​សប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិត នៅ​ពេល​ដែល​លោក​បាន នាំ​គាត់​ទៅលេង​ប្រទេស​ជប៉ុន​រយៈពេល ១ខែ ពេល​លោក​ជិត​បញ្ចប់​ការសិក្សា​ និង​ទទួល​សញ្ញាប័ត្រ។
 

ទោះជា​បច្ចុប្បន្ន​លោក និង​ប្អូនៗ​បាន​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ ក៏​មិន​ភ្លេច​បំពេញ​កាតព្វកិច្ច​ជា​កូន​ចំពោះ​អ្នក​ម្ដាយ​ឡើយ ដោយ​លោក​បាន​លើក​ឡើង​ថា  “យើង​នៅតែ​រក្សា​ភាព​កតញ្ញូ​ចំពោះ​គាត់ ដោយ​ធ្វើ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​គាត់​សប្បាយចិត្ត និង មិន​អោយ​គាត់​ហត់នឿយ​ដូច​ពេល​មុន​ទេ ។ ”សម្រាប់​ឆ្នាំនេះ ​លោក​មាន​គម្រោង នាំ​ម្ដាយ​របស់​លោក​ទៅលេង​ប្រទេស​ថៃ និង​ទៅលេង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ជាប់​សមុទ្រ​ក្នុងស្រុក​យើង។
 

ស្រប​នឹង​ទិវា​អ្នក​ម្ដាយ ​ខិត​ជិត​មកដល់ លោក​វិបុល មាន​ពាក្យពេចន៍​មួយ​ចំនួន ផ្ដាំផ្ញើ​ទៅ កូន​គ្រប់រូប​ថា ការ​ធ្វើជា​កូន​កតញ្ញូ​មិនមែន​ជា​ការពិបាក​ដូច​ភាព​លំបាក​របស់​ម្ដាយ​មួយ​រូប​ ដែល​បាន​ឆ្លងកាត់​ និង​លះបង់​សព្វបែបយ៉ាង​ដើម្បី​អនាគត​កូន​ជាច្រើន​រូប​នោះ​ទេ ។ ដូច្នេះ​កូន​គួរ​គប្បី​ធ្វើអំពើ​ជា​កុសល​ចំពោះ​អ្នកមានគុណ​ឲ្យ​បាន​គ្រប់ពេលវេលា ជៀសវាង​ធ្វើ​អ្វី​ឲ្យ​អ្នកមានគុណ​ស្រក់​ទឹកភ្នែក៕

 

អត្ថបទ៖ ដេត លីដា