“ម៉ាក់​ខ្ញុំ គឺជា​មិត្ត​ល្អ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ” រឿង​ពិត​របស់​យុវតី​ម្នាក់

«យើង​ស្និត​ស្នាល​នឹង​គ្នា​ខ្លាំង​ណាស់ យើង​តែង​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ដូចជា​មិត្ត​ល្អ​បំផុត​ម្នាក់ ហើយ កាលពី​តូច​ខ្ញុំ​មិន​ចេះ​តុបតែង​ខ្លួន​ទេ ម៉ាក់​សុខចិត្ត​ចង​សក់ និង ស្លៀកពាក់​អោយ​ខ្ញុំ​រហូតដល់​ខ្ញុំ​រៀន​ថ្នាក់​ទី៩ »។

 

នេះ​ជា​សំដី​ដ៏​ផ្អែមល្ហែម របស់​ប្អូនស្រី​វ័យ ២៤ឆ្នាំ ឈ្មោះ សុភារី​  ពេល​និយាយ​ដល់​អ្នក​ម្ដាយ​ជាទី​ស្រលាញ់ ដែល​បច្ចុប្បន្ន​អ្នក​ទាំងពីរ​មិន​រស់នៅ ជាមួយគ្នា​ឡើយ ព្រោះ​នាង ត្រូវ​មក​ធ្វើការ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​នៅ ភ្នំពេញ ឯ​ម្ដាយ​គឺ​នៅ ស្រុក​កំណើត​ឯ​ខេត្ត​សៀមរាប។  ​ពេល​ចេញ​ឆ្ងាយ​ពី​ផ្ទះ ទើប​សុភារី​​ដឹង​ថា អ្នកផ្ទះ​សំខាន់​ប៉ុណ្ណា សម្រាប់​ជីវិត​នាង។

 

អ្នក​ម្ដាយ​របស់​សុភារី​ មាន​អាយុ​ ៦៥ ឆ្នាំ​ជា​មន្ត្រីរាជការ​ចូល​និវត្ត  ទោះ​បច្ចុប្បន្ន​គាត់​នៅផ្ទះ​តែ​គាត់​មិន​ចេះ​ទំនេរ​ឡើយ​ធ្វើ​នេះ​ធ្វើ​នោះ​មិន​ឈប់ ។ ម្ដាយ​​នាង​ជា​មនុស្ស​រួស​រាយ រាក់ទាក់ កាច​តិច​ៗ   តឹង​តែងតែ​ចំពោះ​រឿង​ខ្លះ ប៉ុន្តែ​បាន​ផ្ដល់​សេរីភាព​គ្រប់គ្រាន់ ក្នុង​ការ​សម្រេចចិត្ត​របស់​នាង​ ។

 

កាល​នៅ​ពី​តូច សុភា​រី ក៏​ធ្លាប់​ធ្វើ​ឱ្យ​​​ម្ដាយ​ខ្លួន​យំ​ដែរ ព្រោះ​នាង​​រពឹស​ពេក ចូលចិត្ត​យក​របស់​លេង​ របស់​បងស្រី​មក​បំផ្លាញ​ចោល។
​កាលនោះ​សុភារី​ចេះ​តែ​នឹក​អន់ចិត្ត​ថា ម្ដាយ​នាង​​ហាក់​ដូច​ជា​ស្រលាញ់​បងស្រី​ជាង​ខ្លួន ។ ពេល​មួយ​នោះ​ម្ដាយ​នាង​ខឹង​ទប់​អារម្មណ៍​មិនបាន​ក៏​វាយ​នាង  ប៉ុន្តែ​ក្រោយមក​គាត់​ក៏​ទ្រហោយំ យ៉ាង​ខ្លាំង ហើយ​និយាយ​ថា៖

 

«ហេតុអ្វី​កូន​ឯង​មិន​ស្ដាប់​បង្គាប់? ហេតុអ្វី​បំផ្លាញ​ម្ល៉េះ ? តើ​ឲ្យ​ខ្ញុំ​រស់​យ៉ាង​ម៉េច? កូន​ឯង​ចង់​សម្លាប់​ម៉ាក់? យក​កាំបិត​មក​ចាក់​ម៉ាក់​មក មិន​បាច់​ធ្វើ​ចឹង​ទេ?»
សុភា​រី នៅចាំ​ឃ្លា​នេះ​រហូត សូម្បី​ពេលនេះ​រំលឹក​ដល់​គ្រានោះ ក៏​នាង​នៅ​តែ​មាន​អារម្មណ៍​ថា​ក្ដុកក្ដួល។

 

តែ​ទាំង​អស់​នេះ មិន​មាន​ទៀត​ឡើយ​ព្រោះ ពេល​ចម្រើន​វ័យ ចាប់​ផ្ដើម​ចេះ​គិត​រាក់​ជ្រៅ សុភា​រី បាន​យល់​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​ ក្ដី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​គ្រួសារ​​ចំពោះ​នាង។ ​រាល់ពេល​ត្រលប់​ទៅ​ស្រុក​ម្ដង​ៗ​មិន​ចង់​មក​ភ្នំពេញ​វិញ​ឡើយ ព្រោះ​នៅផ្ទះ​ពិតជា​កក់​ក្ដៅ​ខ្លាំង​ណាស់ ។

 

ក្រោយពេល​ឪពុក​​ស្លាប់​កាលពី៤ឆ្នាំមុន  សុភា​រី​កាន់តែ​យល់​ពី​ទុក្ខ​លំបាក និង​ផ្លូវចិត្ត​របស់​អ្នក​ម្ដាយ ដោយ​នាង​​តែង​ព្យាយាម​បំពេញ​កិត្តិយស​គ្រួសារ ធ្វើ​ឲ្យ​ម្ដាយ​របស់​នាង​​ទទួល​បាន​ការ​សរសើរ​រថា មាន​កូនស្រី​ប្រកបដោយ​គន្លង​ធម៌ មានការ​ងារ​ធ្វើ​ល្អ ជា​ក្មេង​ស្រី​ថ្លៃថ្នូរ មិន​ចេះ​មាន​សង្សារ​រញ៉េរញ៉ៃ ។

 

ជាង​នេះ​ទៅ​ទៀត នាង​មានការ​តាំងចិត្ត​ព្យាយាម​សងគុណ​អ្នក​ម្ដាយ​បន្ថែម​ទៀត ដោយ​ឆ្នាំនេះ នាង​​ប្ដេជ្ញា​ឈប់​ធ្វើ​ឲ្យ​គាត់​បារម្ភ​រឿង​អនាគត​របស់​នាង​ទៀត​ហើយ។

 

ពេល​សុភារី​ប្រលង​ជាប់​បាក់​ឌុប ប្រហែលជា​ពេល​ដែល​ម្ដាយ​នាង​សប្បាយចិត្ត​បំផុត​ ព្រោះ​ម្ដាយ​នាង​នឹក​ស្មាន​ថា​នាង​អាច​នឹង​ប្រឡងជាប់​ទេ ដោយសារ​​មុន​ថ្ងៃ​ប្រលង​មួយថ្ងៃ នាង​មើល​បាល់ ​World Cup ឆ្នាំ 2006ថ្ងៃ ផ្ដាច់​ព្រ័ត្រ ដល់​ម៉ោង ៥ព្រឹក ។

 

«ពេល​នោះ​ម៉ាក់​បារម្ភ​ខ្លាំង​ណាស់ ហើយ​គាត់​ភ័យ​ខ្លាច​ខ្ញុំ​ប្រឡង​ធ្លាក់ ប៉ុន្តែ​ពេល​ទៅ​មើល​លទ្ធផល គាត់​ឃើញ​ខ្ញុំ​ប្រឡង​ជាប់ គាត់​ស្រាប់តែ​អរ​ដល់​ស្រក់​ទឹកភ្នែក ហើយ​ក្រោយមក គាត់​ជឿជាក់​ថា ខ្ញុំ​ចេះ​​ទទួល​ខុស​ត្រូវ​ចំពោះ​ការសិក្សា»

 

សុភារី​មាន​មោទនភាព​ត្រង់​ថា ម្ដាយ​របស់​នាង​​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ម្នាក់​ព្រោះ ទោះ​ស្ថានភាព​គ្រួសារ​ពិបាក​យ៉ាង​ណា​ក៏​ដោយ ម្ដាយ​នាង​​មិន​ភ្លេច​ថ្ងៃកំណើត​នាង​ឡើយ​ហើយ​បាន​ព្យាយាម​រៀបចំ​កម្មវិធី ធ្វើ​ឱ្យ​​នាង​រំជួល​ចិត្ត​រហូត​ដល់​ស្រក់​ទឹកភ្នែក៖

 

«ពេល​ខួប​កំណើត​អាយុ ១២ឆ្នាំ  ខ្ញុំ​មិន​ចាំ​ថា​នោះ​ជា​ថ្ងៃកំណើត​ខ្ញុំ​ទេ ព្រោះ​ពេលនោះ​គ្រួសារ​ខ្ញុំ​មាន​ស្ថាន​ភាព​លំបាក ដោយសារ​យើង​ទើបតែ​ទិញ​ផ្ទះ ហើយ​ការ​ហូបចុក​ក៏​មិនសូវ​បាន​ឆ្ងាញ់​ដែរ។ ប៉ុន្តែ​ម៉ាក់ បាន​ទិញ​នំពុម្ព មក​ធ្វើជា​នំ​ខួបកំណើត ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​សម្រាប់​ខ្ញុំ រហូតដល់​ខ្ញុំ​ស្រក់​ទឹកភ្នែក​ពេល​ផ្លុំ​ទាន  ខ្ញុំ​មិន​អាច​បំភ្លេច​គ្រានោះ​បាន​ឡើយ។ គេ​យក​ថ្ងៃ ០៨ឧសភា​ជា​ទិវា​មាតា ប៉ុន្តែ​ខ្ញុំ​យក​ថ្ងៃកំណើត​ខ្ញុំ សម្រាប់​ប្រារព្ធ​ទិវា​នេះ ព្រោះ​ខ្ញុំ​បាន​ស្គាល់​ម៉ាក់​មុនគេ នៅ​ថ្ងៃ​នោះ»

 

ពេល​និយាយ​ដល់​ទិវា​អ្នក​ម្ដាយ ​សុភា​រី​សារភាព​ថា​ នាង​មិន​ធ្លាប់​ធ្វើ​កម្មវិធី​ពិសេស​នៅ​ថ្ងៃ​នោះ​​ទេ ប៉ុន្តែ​នាង​តែង​ធ្វើ​បាយ​ម្ហូប និង ជូន​ម្ដាយ​ទៅ​វត្ត​រាល់ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​និង បុណ្យ​ភ្ជុំបិណ្ឌ ។

 

ចំណែក​កម្ម​វិធិ​ពិសេស​សម្រាប់​បង្ហាញ​ការ​ដឹង​គុណ​អ្នក​ម្ដាយ គឺ នាង​តែង​ធ្វើ​ចំ​ថ្ងៃកំណើត​របស់​នាង​តែ​ម្ដង ដោយ​នាង​​តែង ចំណាយ​ពេល​សម្រាប់​អ្នក​ម្ដាយ​ជាពិសេស នាំ​គាត់​ទៅ​ហូប​អី ឬ  ធ្វើ​កម្មវិធី​បន្តិចបន្តួច​នៅផ្ទះ ។

 

ប្រសិនបើ​ចំ​ពេល​ខ្លះ​រវល់​ខ្លាំង​មិនបាន​ទៅ​ស្រុកកំណើត នាង​​តែង​និយាយ ទូរស័ព្ទ​ជាមួយ​អ្នក​ម្ដាយ​រាប់​ម៉ោង រៀបរាប់​រឿង​ពីតូច។

 

សុភារី​មិន​ដែល​ខកខាន ក្នុង​ការ​ជូន​កាដូ​ពិសេស​ដល់​អ្នក​ម្ដាយ​នៅ ថ្ងៃ​កំណើត​របស់​នាង​នោះ​ទេ។ ហើយ​​សម្រាប់​ឆ្នាំ​នេះ​នាង​​បាន​ត្រៀម​រួម​ជាស្រេច​ថា​ត្រូវ​ជូន​អ្វី​ដល់​អ្នក​ម្ដាយ៖
«ខ្ញុំ​បាន​ត្រៀម​ថ្នាំ​វីតាមីន ដែល​ខ្ញុំ​បាន​ផ្ញើ​មិត្តភ័ក្ដិ​ឲ្យ​ទិញ​ពី​អាមេរិក សម្រាប់​ជូន​គាត់ ហើយ​នឹង​ជូន​ប្រាក់​គាត់ និង​ជូន​គាត់​ទៅ​ទិញ​សំលៀកបំពាក់ និង​គ្រឿង​អលង្ការ​ល្អ​ៗ ព្រម​ទាំង​យក​ចង្ហាន់​ទៅ​ប្រគេន​លោក​នៅ​វត្ត​ជាមួយ​គាត់! លើស​ពី​នេះ ខ្ញុំ​ចង់​នាំ​គាត់​ទៅ​ធ្វើ​ពិធី​សប្បុរសធម៌​ជាមួយគ្នា រួចហើយ ខ្ញុំ​នឹង​មុជទឹក ដុសក្អែល​ឲ្យ​គាត់ ​ឲ្យ​ស្អាត ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ និង​បង្កើត​កម្មវិធី​ជប់លៀង​សប្បាយ​ៗ​នៅផ្ទះ​ជុំ​គ្នា»។

 

“ម៉ាក់​ខ្ញុំ គឺជា​មិត្ត​ល្អ​បំផុត​ក្នុង​ជីវិត​របស់ខ្ញុំ” រឿង​ពិត​របស់​យុវតី​ម្នាក់

(សុភារី និង ម្ដាយរបស់នាង)

 

និយាយ​ដល់​ការ​ធ្វើ​កម្មវិធី​ផ្សេង​ៗ​ក្នុង​ឱកាស​ទិវា​អ្នក​ម្ដាយ សុភា​រី ក៏​មាន​ពាក្យពេចន៍​ខ្លះ ចង់​ផ្ដាំ​ផ្ញើ​ទៅ​យុវជន និង យុវតី ផ្សេង​ទៀត​ថា៖
«ម្ដាយ​ណា​ក៏​ស្រលាញ់​កូន​ដែរ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​កូន​គ្រប់រូប​ត្រូវតែ​ស្រលាញ់​គាត់​វិញ ហើយ​កុំ​បោះបង់​គាត់ ដូច​គាត់​មិនដែល​បោះបង់​យើង! ម្ដាយ​សប្បាយចិត្ត​បំផុត គឺ​ពេល​មាន​កូន​នៅ​ក្បែរ ក្នុង​ឱកាស​បុណ្យ​ទាន​ធំ​ៗ ឬ​ពេល​មាន​គ្រោះអាសន្ន​នានា! ម្ដាយ​ណា​ក៏​រីករាយ ពេល​កូន​ស្ដាប់​បង្គាប់»
 

នាង​ក៏​ជំរុញ​លើកទឹកចិត្ត​ដល់​កូន​ៗ​ខ្លះ ដែល​មាន​ម្ដាយ​ជា​មនុស្ស​តឹងតែង​ ចិត្តច្រើន​ពិបាក​សម្រប​ដែរ​ថា ៖
 

«កូន​ៗ​ត្រូវ​ចាំ​ថា ទោះបីជា​ការ​គិត​របស់​គាត់​ខុស​ពី​យើង ប៉ុន្តែ​គំនិត​ទាំងនោះ គឺ​ដើម្បី​យើង​ល្អ​តែប៉ុណ្ណោះ។ កុំ​ស្ដី​ឲ្យ​គាត់ ត្រូវ​ព្យាយាម​ពន្យល់​គាត់​វិញ ល្អ​ជាង! មួយទៀត ចំពោះ​អ្នក​ដែល​មាន​ម្ដាយ​ចាស់​ៗ ត្រូវ​ចាំ​ថា មនុស្ស​កាន់​តែ​ចាស់ កាន់​តែ​ដូច​កូនក្មេង! គាត់​ត្រូវការ​ការ​ថ្នាក់ថ្នម និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ ពេលខ្លះ​គាត់​និយាយ​ដដែលៗ និង​សាំញ៉ាំ​ច្រើន ប៉ុន្តែ​នេះ​ជា​ការ​វិវត្តន៍​នៃ​អាយុកាល​របស់​គាត់ ។ ដូច្នេះ​ខ្ញុំ​សំណូមពរ​សូម​កុំ​ឲ្យ​មានការ​ធុញទ្រាន់ ហើយ​ដាច់ខាត​កុំ​បន្ទោស ឬ​ដើរ​ចេញពី​គាត់ ពេល​គាត់​មានរឿង​ទាំង​នេះ ព្រោះ​ម៉ាក់ ត្រូវ​ការ​កូន ដូច​ពេល​កូន ត្រូវការ​ទឹកដោះ​ម៉ាក់ ពេល​ទើប​សម្រាល​អញ្ចឹង​ដែរ»៕
 

អានអត្ថបទ៖ ស្នេហា​ក្លែងក្លាយ
 

អានអត្ថបទមនុស្សដែលខ្ញុំចងចាំទាំងអស់ដើម្បីដឹងពីរបៀបសរសេរផ្សេងៗគ្នា
 

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧