បក្ស​ប្រជាជន​កម្ពុជាយក​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ធ្វើ​សក្ខីកម្ម​ដល់​តុលាការ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានយកអត្ថបទផ្សាយរបស់វិទ្យុអាស៊ីសេរី ធ្វើសក្ខីកម្ម ឬផ្ដល់ភស្តុតាងដល់តុលាការ ក្នុងពេលលោក និងមេធាវីចូលបំភ្លឺនៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា។ លោក អ៊ូ វីរៈ ដែលរងការប្ដឹងនេះថា លោកសោកស្ដាយដែលគណបក្សកាន់អំណាចប្ដឹងលោកដូចនេះ ប៉ុន្តែលោកថា នឹងចូលខ្លួនបំភ្លឺនៅតុលាការតាមកាលកំណត់។

ដូចការគ្រោងទុក និងការអះអាង មូលដ្ឋានគ្រឹះរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងអ្នកវិភាគស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ ជាអត្ថបទផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានដកស្រងសម្ដីលោក អ៊ូ វីរៈ ថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោកពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅតុលាការ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា  លោកផ្ដល់បន្ទះស៊ីឌី ថតសំឡេងនៃការផ្សាយរបស់វិទ្យុអាស៊ីសេរី ដល់ព្រះរាជអាជ្ញាជាសក្ខីកម្ម។ លោកថា ការវិភាគរបស់លោក អ៊ូ វីរៈ ជាការថ្លែងហួសពីសិទ្ធិបញ្ចេញមតិដែលជាការបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា៖ «យើងមានសាក្សី ជាពិសេសគឺការផ្សាយរបស់វិទ្យុអាស៊ីសេរី យើងវាយតម្លៃថា ជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ»

បក្ស​ប្រជាជន​កម្ពុជាយក​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​ធ្វើ​សក្ខីកម្ម​ដល់​តុលាការ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Brach Chev

កាលពីថ្ងៃទី២៥ ខែមេសា គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ពាក្យប្ដឹងលោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោកបានវិភាគថា ពាក់ព័ន្ធនឹងសំណុំរឿងស្នេហាអាស្រូវរបស់លោក កឹម សុខា ជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ គណបក្សប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់លោក អ៊ូ វីរៈ គឺជាការបំផ្លើស និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងជាការបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា។

ប្រធានអង្គការវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ ថា លោកនឹងទៅឆ្លើយបំភ្លឺនៅតុលាការជាមួយមេធាវី។ ទោះត្រូវរងនឹងបណ្ដឹងព្រោះការវិភាគក្តី លោក អ៊ូ វីរៈ នៅតែអះអាងថា លោកនៅតែបន្តផ្ដល់ការវិភាគទាក់ទងនឹងស្ថានការណ៍នយោបាយដដែល៖ «ខ្ញុំសោកស្ដាយព្រោះរឿងហ្នឹង មិនគួរទៅជាអ៊ីចឹងទេ ព្រោះជារឿងនយោបាយ ប៉ុន្តែខ្ញុំបន្តការពារកិត្តិយសរបស់ខ្ញុំគ្រប់ពេល»

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលធ្វើជាដើមបណ្ដឹងប្ដឹងទៅតុលាការទាមទារសំណងជំងឺចិត្តពីលោក អ៊ូ វីរៈ ចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ។

ទាក់ទងរឿងនេះ មេធាវីការពារក្តីនៅតុលាការខ្មែរក្រហម លោក គង់ សំអុន យល់ថា ប្រសិនបើលោក អ៊ូ វីរៈ បង្ហាញភស្តុតាងពីអ្វីដែលលោក អ៊ូ វីរៈ និយាយនោះថា ជាការពិត នោះលោក អ៊ូ វីរៈ អាចរួចផុតការពីបណ្ដឹងបរិហារកេរ្តិ៍៖ «លោក អ៊ូ វីរៈ គាត់អាចបង្ហាញភស្តុតាងទៅថា ជារឿងហ្នឹងជាយុទ្ធសាស្ត្រអ៊ីចឹងមែន អ៊ីចឹងមតិរបស់គាត់គឺត្រឹមត្រូវស្របតាមអង្គហេតុ ប៉ុន្តែបើមិនអាចមានភស្តុតាងបង្ហាញដូចការនិយាយទេ លោក អ៊ូ វីរៈ បរិហារកេរ្តិ៍»

តុលាការកោះហៅលោក អ៊ូ វីរៈ  ទៅឆ្លើយបំភ្លឺនៅតុលាការ នៅថ្ងៃទី១២ ខែឧសភា។ លោក  អ៊ូ វីរៈ អះអាងថា ប្រសិនតុលាការមិនផ្ដល់កិត្តិយស ឬមិនការពារសិទ្ធិរបស់លោក លោកនឹងមានយន្តការបន្ថែមទៀត ប៉ុន្តែលោកមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ។ ក្រៅពីប្ដឹងលោក អ៊ូ វីរៈ ជាផ្លូវការ លោក សុខ ឥសាន ព្រមានប្ដឹងអ្នកវិភាគនយោបាយផ្សេងទៀត ដែលនិយាយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា៕

ប្រភពៈ RFA