លោក ជា សុផារ៉ា ព្រមាន​ដាក់ឈ្មោះ​​អ្នក​រំលោភ​ដី​ពលរដ្ឋ​ក្នុង​បញ្ជី​ខ្មៅ​ជូន​ប្រមុខ​រដ្ឋាភិបាល

រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ព្រមានអ្នករំលោភដីពលរដ្ឋទាំងអស់ ថានឹងដាក់ឈ្មោះអ្នកទាំងនោះទៅក្នុងបញ្ជីស្បែកខ្មៅជូនប្រមុខរដ្ឋាភិបាល បើទោះបីជាអ្នកនោះមានឋានៈធំប៉ុណ្ណាក៏ដោយ។

លោក ជា សុផារ៉ា ព្រមានដូច្នេះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី៦ ឧសភា នេះ សម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លីរបស់បុគ្គលណាដែលតែងតែមានករណីរំលោភយកដីប្រជាពលរដ្ឋ។

លោក ជា សុផារ៉ា ជាអតីតអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលទើបតែប្ដូរមកកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក អ៊ឹម ឈុនលឹម ដែលទើបចូលនិវត្ត កាលពីដើមខែមេសា។

បញ្ហាជម្លោះដីធ្លីរបស់ពលរដ្ឋ ភាគច្រើនកើតឡើងជាមួយមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ឧកញ៉ាដែលវិនិយោគលើវិស័យឯកជន រួមនឹងក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាដើម។

របាយការណ៍របស់អង្គការលីកាដូ (LICADHA) បង្ហាញថា ទំនាស់ដីធ្លីសម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ មានចំនួន ១៨០ករណី សម្រាប់ខេត្តក្រុងចំនួន១៦ ក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០០ មក ប្រជាជនកម្ពុជា ជាង ៧០ម៉ឺននាក់ ធ្លាប់ជួបប្រទះជម្លោះដីធ្លី៕

លោក ជា សុផារ៉ា ព្រមាន​ដាក់ឈ្មោះ​​អ្នក​រំលោភ​ដី​ពលរដ្ឋ​ក្នុង​បញ្ជី​ខ្មៅ​ជូន​ប្រមុខ​រដ្ឋាភិបាលសកម្មភាពប្រឈមមុខដាក់គ្នារវាងពលរដ្ឋជាមួយកម្លាំងសមត្ថកិច្ចចម្រុះនិងកម្មករក្រុមហ៊ុន ខេ.ឌី.ស៊ី នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៤។

ប្រភពៈ RFA