គ.ជ.ប​ថា​ សំណុំរឿង​លោក​ នី ចរិយា ​ហួស​ដែន​សមត្ថកិច្ច​ខ្លួន

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិកឯករាជ្យរបស់ គ.ជ.ប.បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា សមាជិកក្រុមការងារនេះគឺជាអ្នកច្បាប់ ដើម្បីតាមដានយ៉ាងយកចិត្តទុកដាក់លើករណីលោកនី ចរិយា ដែលកំពុងជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទរួមគំនិតសូកប៉ាន់សាក្សី។

ភ្នំពេញ — មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា ស្ថាប័នរបស់ខ្លួនបានបង្កើតក្រុមការងារពិសេសមួយ ដើម្បីសិក្សាអំពីសំណុំរឿងរបស់លោក នី ចរិយា អគ្គលេខាធិការរងរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ និងជាសមាជិកឯករាជ្យរបស់ គ.ជ.ប.បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា សមាជិកក្រុមការងារនេះគឺជាអ្នកច្បាប់ ដើម្បីតាមដានយ៉ាងយកចិត្តទុកដាក់លើករណីលោកនី ចរិយា ដែលកំពុងជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទរួមគំនិតសូកប៉ាន់សាក្សី។

ក្រុមការងារនេះរួមមានលោក កែវ ផល្លា ប្រធាននាយកដ្ឋានច្បាប់ លោក កែ រិទ្ធ ទីប្រឹក្សាច្បាប់ប្រធាន គ.ជ.ប. និងលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន។

លោកក៏បានឲ្យដឹងដែរថា ភរិយារបស់លោក នី ចរិយា បានសរសេរលិខិតសុំអន្តរាគមន៍ពីគ.ជ.ប.ដើម្បីធានាឲ្យលោក នី ចរិយា នៅក្រៅឃុំ។ ប៉ុន្តែលោកនិយាយថា៖«គ.ជ.ប.បានរៀបចំកិច្ចប្រជុំ ហើយបានយកទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌ យកលក្ខន្តិកៈដោយឡែក និងយកច្បាប់បោះឆ្នោតហ្នឹង យកមកពិនិត្យ ពិចារណាទៅឃើញថា គ.ជ.ប.មិនមានសមត្ថកិច្ចលូកលាន់ក្នុងដែនសមត្ថកិច្ចនៃស្ថាប័នដទៃទៀត។ អញ្ចឹងហើយគ.ជ.ប.មិនអាចធ្វើអ្វីបានទេ បាទ»។

គ.ជ.ប​ថា​ សំណុំរឿង​លោក​ នី ចរិយា ​ហួស​ដែន​សមត្ថកិច្ច​ខ្លួន

រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីតមន្ត្រីរបស់អង្គការអាដហុក និងជាសមាជិកម្នាក់នៃគណៈកម្មាការរៀបចំការបោះឆ្នោត កំពុងត្រូវបានបញ្ចូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានចូលបង្ហាញខ្លួន នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ទោះជាយ៉ាងណាក្តី គ.ជ.ប.ក៏បានបញ្ជូនលិខិតនោះទៅតុលាការដែរ ក្រោយពីបានសិក្សាទិដ្ឋភាពច្បាប់។ លោកក៏បានឲ្យដឹងផងដែរថា លោក នី ចរិយា នៅមានតួនាទីជាអគ្គលេខាធិការរងរបស់គ.ជ.ប.នៅឡើយ។

«ត្រៀមខ្លួនទៅសួរសុខទុក្ខគាត់តាមរយៈមេធាវីរបស់គាត់នោះបាទ»។

ក្នុងពេលជាមួយគ្នានេះដែរ មេធាវីរបស់លោក នី ចរិយា ក៏កំពុងរៀបចំឯកសារដាក់ទៅតុលាការ ដើម្បីសុំធានាឲ្យលោក នី ចរិយា នៅក្រៅឃុំ។

លោក សំ សុគង់ មេធាវីរបស់លោក នី ចរិយា បានប្រាប់ VOA កាលពីថ្ងៃអង្គារថា លោកមានអង្គហេតុមួយចំនួនក្នុងការធានាឲ្យលោក នី ចរិយា នៅក្រៅឃុំ។ តែលោកសុំមិនទាន់បញ្ចេញអង្គហេតុទាំងនេះជាសាធារណៈនៅឡើយទេ។

«ការងារខ្លះ ពេលខ្លះ យើងគិតថា រឿងមួយដែលឋិតក្នុងការស៊ើបអង្កេត អញ្ចឹងអង្គហេតុខ្លះ យើងអត់ចង់បញ្ចេញទេ។ ហើយខ្ញុំគិតថា អ្នកសារព័ត៌មាននឹងដឹង នៅពេលមានសវនាការ ចេញជាសាធារណៈនោះណា៎»។

លោកនិយាយថា ការបញ្ចេញអង្គហេតុមុនការដេញដោលនៅតុលាការ ប៉ះពាល់ដល់ប្រយោជន៍កូនក្តីរបស់លោក។

ក្រៅពីលោក នី ចរិយា ដែលជាអតីតមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកនោះ នៅមានមន្ត្រីសិទ្ធិមនុស្សរបស់សមាគមនេះ៤នាក់ទៀត ត្រូវឃុំឃាំងនៅពន្ធនាគារព្រៃស ពីបទសូកប៉ាន់សាក្សី។ មន្ត្រីសិទ្ធិមនុស្សទាំងនេះ រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេត លោក យី សុខសាន្ត និងលោក ណៃ វង់ដា ដែលអ្នកទាំងពីរជាអនុប្រធានផ្នែកស៊ើបអង្កេត និងលោកស្រី លឹម មុន្នី មន្រ្តីអង្កេតជាន់ខ្ពស់។

ក្រៅពីនេះមន្ត្រីសិទ្ធិមនុស្ស អ.ស.ប. ក៏ត្រូវតុលាការប្រកាសតាមចាប់ខ្លួនដែរ ក្រោយពីរងការចោទជាផ្លូវការនៅថ្ងៃតែមួយនោះ។ ការនាំខ្លួនទៅសាកសួរ និងការឃុំឃាំងនេះ បានធ្វើឡើងក្រោយពីនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានចេញលិខិតចំហមួយរៀបរាប់អំពីរឿងរ៉ាវ ដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការណ៍ពិតប្រាប់មន្ត្រីនាយកដ្ឋានប្រឆាំងចារកម្មនៃក្រសួងមហាផ្ទៃ។

ទោះជាយ៉ាងណាក្តី ចម្លើយចុងក្រោយរបស់នាងនេះមិនធ្លាប់មានការបញ្ជាក់ពីនាងដោយផ្ទាល់មាត់ជាសាធារណៈទេ គឺគ្រាន់តែជាចម្លើយតាមលិខិតចំហ និងសម្តីរបស់មន្ត្រីតុលាការ និងមន្ត្រីប៉ូលិសតែប៉ុណ្ណោះ។ ក្រៅពីនេះ ចម្លើយរបស់នាងក៏នាំឲ្យមានការកោះហៅឡើងតុលាការជាបន្តបន្ទាប់ ដែលរួមមានតំណាងរាស្ត្រពីររូប រួមមានលោក កឹម សុខា ផងដែរ។

លិខិតចំហរបស់នាង ខុម ចាន់តារ៉ាទី ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដែលគេបានចែកផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា នាងបានដាក់ពាក្យប្តឹងទៅតុលាការភ្នំពេញ ទារជំងឺចិត្តគិតជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារពីលោក កឹម សុខា និងជនពាក់ព័ន្ធដទៃទៀត៕

ប្រភពៈ VOA