ក្រុម​យុវជន​បន្ត​ទាម​ទារ​ឲ្យ​​លោក កឹម សុខា បកស្រាយ​រឿង​អាស្រូវ​ស្នេហា​ដល់​ខេត្ត​កំពង់ធំ

ក្រុមយុវជនដែលអះអាងថា ជានិស្សិត ដឹកនាំដោយលោក ស្រី ចំរើន បរាជ័យក្នុងការទាមទារឱ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បកស្រាយរឿងស្នេហាជាមួយស្រីកំណាន់របស់ខ្លួនក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ការបរាជ័យនេះ ដោយសារប្រធានស្ដីទីលោក កឹម សុខា  ក្នុងឱកាសជួបថ្នាក់ដឹកនាំខេត្តកំពង់ធំ ហាក់មិនខ្វល់ទៅនឹងការតវ៉ារបស់ក្រុមយុវជនទាំងនោះឡើយ។

ពលរដ្ឋរស់នៅក្រុងស្ទឹងសែន យល់ថា ក្រុមយុវជនទាំងនោះគប្បីធ្វើរឿងទាំងឡាយណាដែលមានប្រយោជន៍ដល់ជាតិគឺល្អជាងរឿងបែបនេះ។

ក្រុមយុវជនដឹកនាំដោយលោក ស្រី ចំរើន នាំគ្នាឈរនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅម្ខាងផ្លូវ ស្រែកទាមទារតាមឧបករណ៍បំពងសំឡេង ឱ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេងដែលគេចោទប្រកាន់ថា ជាទំនាក់ទំនងស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ។ យុវជន ស្រី ចំរើន ដែលអះអាងថា មានគ្នាប្រមាណ ៣០នាក់ លើកឡើងថា ពុំមែនជារឿងបរាជ័យ ឬជោគជ័យនោះទេ ប៉ុន្តែលោកគ្រាន់តែចង់ទាមទារឱ្យលោក កឹម សុខា ចេញមុខបកស្រាយចំពោះការចោទប្រកាន់លោកកន្លងមកប៉ុណ្ណោះ៖ «ករណីស្រីមុំ និងលោកពាក់ព័ន្ធរឿងខ្សែអាត់សំឡេងនោះពិតប្រាកដ»

បើទោះបីជាពួកគេនាំគ្នាស្រែកទាមទាររហូតដល់មានការប៉ះទង្គិចគ្នានៅនាទីចុងក្រោយពេលលោក កឹម សុខា លាថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងក៏ដោយ ប៉ុន្តែប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រូបនេះ ហាក់មិនខ្វល់ទៅនឹងការទាមទារនោះឡើយ។ លោក កឹម សុខា ដែលស្ថិតនៅក្នុងវេទិកាគឺផ្ដោតទៅលើការណែនាំថ្នាក់ដឹកនាំរបស់ខ្លួនអំពីយុទ្ធសាស្ត្របំពេញការងារ និងការដឹកនាំប៉ុណ្ណោះ គឺលោកមិនបានឆ្លើយតបទៅក្រុមយុវជន ឬចេញជួបយុវជនទាំងនោះទេ។

ក្រុម​យុវជន​បន្ត​ទាម​ទារ​ឲ្យ​​លោក កឹម សុខា បកស្រាយ​រឿង​អាស្រូវ​ស្នេហា​ដល់​ខេត្ត​កំពង់ធំ

ក្រុមយុវជនមួយក្រុមមានគ្នា២០នាក់ ដឹកនាំដោយលោក ស្រី ចំរើន បន្តទៅតាមវេទិការបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នាសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។ RFA/Saut Sokpratna

ចំណែកពលរដ្ឋរស់នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន វិញ បានបញ្ចេញទស្សនៈថា យុវជនត្រូវធ្វើរឿងដែលមានប្រយោជន៍ដល់ប្រទេសជាតិ គឺជាការល្អ។ ពលរដ្ឋរស់នៅសង្កាត់អាចារ្យលាក់ លោកស្រី ប៊ី គឹមលីម មានប្រសាសន៍ថា រឿងស្រីញីដែលក្រុមយុវជនទាមទារឱ្យលោក កឹម សុខា បកស្រាយនោះ គឺជារឿងឥតប្រយោជន៍។ លោកស្រីថា រឿងដែលមានប្រយោជន៍សម្រាប់យុវជន ពួកគេគប្បីទាមទារឱ្យមានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ និងរឿងទឹកដីជាដើម៖ «ឱ្យតវ៉ារកដីធ្លីជូនប្រជាជន កុំកាប់ឈើកាប់ព្រៃទៅ។ តវ៉ារឿងអ៊ីចឹងបានត្រឹមត្រូវ»

ការទាមទាររបស់ក្រុមយុវជនពេលនេះ ស្របពេលគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ រៀបចំពិធីផ្ទេរតំណែងប្រធានក្រុមការងារខេត្ត គឺលោក ម៉ែន សុថាវរិន្ទ្រ ជំនួសដោយអ្នកស្រី កែ សុវណ្ណរតន៍ ដែលជាអតីតប្រធានក្រុមការងារខេត្តសៀមរាប ដោយមានថ្នាក់ដឹកនាំបក្សចូលរួមជាង ៣០០នាក់។ មិនខុសគ្នានេះ ពលរដ្ឋមួយរូបទៀត ដែលបានឈរមើលការស្រែកទាមទាររបស់ក្រុមយុវជន ស្រី ចំរើន លោកស្រី ខៀវ មិន ចង់ឱ្យក្រុមយុវជនមួយនេះបំពេញសកម្មភាពដើម្បីប្រយោជន៍ជាតិ។

ជាងនេះទៀត លោកស្រីថា សកម្មភាពតវ៉ាបែបនេះធ្វើឱ្យសង្គមជាតិវឹកវរទៀតផង៖ «មិនពេញចិត្តទេ ពួកហ្នឹងនោះ វាខ្មែរដែលតែវាមិនគិតពីប្រយោជន៍ជាតិ បើវាគ្រាន់បើវាទៅការពារព្រៃអូរពោធិ៍ អូអីទៅ»

បើទោះបីពលរដ្ឋមើលឃើញបែបនេះក្តី ប៉ុន្តែសម្រាប់យុវជន ស្រី ចំរើន ដែលជាអ្នកដឹកនាំការទាមទារនោះយល់ថា អ្នកដែលធ្វើឱ្យអាប់ឱនកិត្តិយសជាតិ គឺលោក កឹម សុខា ទៅវិញទេ ដែលមិនព្រមចេញមុខបកស្រាយការពិតចំពោះការចោទប្រកាន់រូបលោកកន្លងមក។

ពាក់ព័ន្ធបញ្ហាស្នេហានេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនបានចេញបកស្រាយ ឬជួបជាមួយក្រុមយុវជនទាំងនោះទេ ប៉ុន្តែកន្លងមកលោកធ្លាប់បានបញ្ជាក់ពីគោលជំហររបស់បក្សខ្លួនថា មិនឆ្លង មិនឆ្លើយ និងមិនឈ្លោះ។ ជាមួយគ្នានេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៥ ខែឧសភា ថា គណបក្សខ្លួននឹងឆ្លើយតបពាក់ព័ន្ធរឿងផលប្រយោជន៍របស់ប្រទេសជាតិ ប៉ុន្តែរឿងបុគ្គលវិញ សមាជិកបក្សខ្លួនមិនត្រូវឆ្លើយតបទេ។

ការទាមទាររបស់ក្រុមយុវជន ស្រី ចំរើន នៅនាទីចុងក្រោយ ខណៈលោក កឹម សុខា លាថ្នាក់ដឹកនាំបក្ស ហើយដើរសំដៅរថយន្តនោះ ខាងក្រុមយុវជននាំគ្នាសម្រុកចង់ទៅជួបលោក កឹម សុខា ប៉ុន្តែត្រូវរារាំងដោយក្រុមការពារសណ្ដាប់ធ្នាប់របស់គណបក្សសង្គ្រោះជាតិ។ ហេតុការណ៍រុញច្រានគ្នានោះ លោក ស្រី ចំរើន ក្នុងហ្វេសប៊ុក របស់ខ្លួនថា សមាជិករបស់លោកប្រមាណ ៥នាក់ របួសស្រាល និងម្នាក់របួសធ្ងន់។ បន្ថែមពីនេះ លោក ស្រី ចំរើន មានគម្រោងប្ដឹងលោក កឹម សុខា ដែលបណ្ដោយឱ្យអង្គរក្សរារាំងរុញច្រាន និងប្រើអំពើហិង្សាលើក្រុមរបស់ខ្លួន។

មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក ឈួម រុណ យល់ថា សកម្មភាពរបស់ក្រុមយុវជន ស្រី ចំរើន ពេលនេះ ធ្វើឡើងដើម្បីអុកឡុកវេទិការបស់គណបក្សសង្គ្រោះជាតិ តែម្ដង។ លោកថា យុវជនគប្បីសម្លឹងមើលបញ្ហាជាតិធំៗ ដូចជាអំពើពុករលួយ ការបាត់បង់ធនធានធម្មជាតិ និងភាពអយុត្តិធម៌នៅក្នុងសង្គមជាតិជាដើម៖ «បាទ! យើងត្រូវគិតពីរឿងសង្គម ឬរឿងប្រទេសជាតិ ពីព្រោះយុវជន គឺជាទំពាំងស្នងឫស្សី»

បើទោះបីជាការទាមទារឱ្យលោក កឹម សុខា បកស្រាយរឿងអាស្រូវស្នេហាត្រូវបរាជ័យនៅក្នុងទឹកដីខេត្តកំពង់ធំ ក៏ដោយ ប៉ុន្តែលោក ស្រី ចំរើន អះអាងថា ក្រុមយុវជនលោកប្រមាណ ៣០នាក់ នឹងបន្តទាមទារឱ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បកស្រាយជុំវិញបញ្ហានេះ នៅខេត្តសៀមរាប បន្តទៀត៕

ប្រភពៈ RFA