សំណួរ​ដែល​អ្នក​គួរ​សួរ​ពេទ្យ ចំពោះ​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​

សំណួរ​ដែល​អ្នក​គួរ​សួរ​ពេទ្យ ចំពោះ​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​

​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន គឺ​ជា​ជំងឺ​មួយ​ប្រភេទ ដែល​កើត​ជា​ដំបៅ​បើកមុខ​។ វា​អាច​នៅលើ​បំពង់​លើ​ក្រពះ ក្រពះ និង​ផ្នែក​ខាង​លើ​របស់​ពោះវៀន​តូច​។ រោគសញ្ញា​ញឹកញាប់​បំផុត​របស់​ជំងឺ​នេះ គឺជា​ការឈឺ​ក្នុង​ពោះ​តែម្តង​។

​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែល​និយាយថា មូលហេតុ​នាំឲ្យ​មាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន គឺជា​ការ​ញ៉ាំ​អាហា​រហឹរ ឬ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ពេក​។ ប៉ុន្តែ បច្ចុប្បន្ន​នេះ​គ្រូពេទ្យ​ដឹងថា មានតែ​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​ទេ ដែល​បង្ក​ឲ្យមាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​ភាគច្រើន​។

ចូរ​ធ្វើការ​ណាត់ជួប​គ្រូពេទ្យ បើសិន​ជា​អ្នក​មាន​អាការៈ ឬ​រោគសញ្ញា​ដែល​អ្នក​សង្ស័យ​។ បើសិន​ជា​អ្នក​គិតថា​វា គឺ​ជា​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​មែន​នោះ អ្នក​គួរតែ​ទៅ​ជួប ពេទ្យ​ជំនាញ​ខាង​ជំងឺ​ក្រពះ​ពោះវៀន​។

ខាងក្រោម​នេះ គឺជា​កម្រង​សំណួរ​មួយចំនួន ដែល​អាច​ជួយ​អ្នក​បាន ហើយក៏​អាច​ជា​អ្វី​ដែល​អ្នក​ចង់​ដឹង​ដែរ ចំពោះ​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​នេះ​។ អ្នក​អាច​យក​សំណួរ​ទាំងនេះ ទុក​សួរ​គ្រូពេទ្យ​បន្ថែម ដើម្បី​ជា​ចំណេះដឹង និង​ស្វែងយល់​នៅ​ថ្ងៃក្រោយ​។​

  • ​តើ​អាការៈ​របស់​ខ្ញុំ ភាគច្រើន​បណ្តាល​មកពី​អ្វី​ទៅ​?
  • ​តើ​មាន​មូលហេតុ​អ្វី​ផ្សេង​ទៀត​ទេ ដែល​បង្ក​ជា​អាការៈ​បែបនេះ​?
  • ​តើ​ខ្ញុំ​ត្រូវការ​ធ្វើ​តេស្ត​អ្វី​ខ្លះ​ទៅ ហើយ​ត្រូវ​ត្រៀម​ខ្លួន​ដូច​ម្តេច​ខ្លះ​ទៅ​?
  • ​ជំងឺ​ខ្ញុំ​កើតឡើង​ជា​បណ្តោះអាសន្ន ឬ​រ៉ាំរ៉ៃ​?
  • ​តើ​ខ្ញុំ​គួរ​ព្យាបាល​ម៉េច​ខ្លះទៅ​? តើ​ឆាប់​ជា​វិញ​ទេ​?
  • ​តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ បើសិនជា​អា​ការៈមិន​ធូរស្រាល​?
  • ​តើ​មាន​វិធី​អ្វី​ជួយ​ដល់​ការព្យាបាល​ដែរ​ទេ​?
  • ​តើ​ខ្ញុំ​ត្រូវ​តម​អាហារ​អ្វីខ្លះ​?
  • ​តើ​ខ្ញុំ​អាច​ទិញ​ថ្នាំ​អី​ខ្លះ ដោយ​ខ្លួនឯង​បាន ដើម្បី​ប្រើ​?
  • ​ខ្ញុំ​នៅ​មាន​ជំងឺ​ផ្សេងទៀត​ជាប់​ខ្លួន តើ​ខ្ញុំ​អាច​គ្រប់គ្រង​ជំងឺ​ទាំងនេះ ជាមួយ​គ្នា​ដូច​ម្តេចទៅ​?
  • ​តើ​លោកគ្រូ​មាន​លិខិត ឬ​ក្រដាស​ណែនាំ​អ្វី ដែល​ខ្ញុំ​អាច​ស្វែងយល់ អំពី​ជំងឺ​នេះ​បន្ថែម​ទៀត​ទេ​?
  • ​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ខ្ញុំ មាន​ជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​អឺចឹង​?

​ជាមួយគ្នានេះដែរ អ្នក​ក៏ត្រូវ​ត្រៀម​ចម្លើយ សម្រាប់​ឆ្លើយ​ទៅលើ​សំណួរ របស់​គ្រូពេទ្យ​វិញ​ដែរ​ដូចជា ៖

  • ​តើ​អាការៈលោក ចាប់ផ្តើម​ដំបូង​នៅ​ពេល​ណា​?
  • ​អាកា​រៈទាំង​អស់ហ្នឹង កើតឡើង​ជាប់​រហូត ឬ​មាន​បាត់ៗ​?
  • ​អាកា​រៈទាំង​អស់ហ្នឹង ធ្ងន់ធ្ងរ​ដល់​កម្រិត​ណា​ដែរ​?
  • ​តើ​អាកា​រៈទាំង​អស់ហ្នឹង ធ្ងន់ធ្ងរ​អត់​នៅ​ពេល​ឃ្លាន​?
  • ​មាន​ធ្លាប់​ធូរស្រាល ទៅ​វិញ​ដែរ​ទេ​?
  • ​មាន​ដឹង​អត់​ថា អ្វី​ទៅ​ដែល​ធ្វើឲ្យ​អាការៈ​អ្នក កាន់តែ​ធ្ងន់ធ្ងរ​ទៅ​?
  • ​តើ​អ្នក​មាន​ប្រើ ថ្នាំ​បំបាត់​ការឈឺចាប់ ឬ​ថ្នាំ​អាស្ពីរីន​ដែរ​ទេ​? បើ​មាន ញឹកញាប់​ប៉ុណ្ណា​?
  • ​តើ​អ្នក​ធ្លាប់​ក្អួត​ចេញឈាម ឬ​ក្អួត​មក​មាន​ពណ៌​ខ្មៅ​ដែរ​ទេ​?
  • ​ធ្លាប់​មាន​ចង្អោ​រដែរ​ទេ​?
  • ​តើ​មាន​សង្កេតឃើញ​លាមក​មាន​ឈាម ឬ​ខ្មៅ​ដែរ​ទេ​?
  • ​តើ​អ្នក​ធ្លាប់​ធ្វើ​អ្វី ដើម្បី​បំបាត់​អាកា​រៈទាំង​អស់ហ្នឹង​ដែរ​ទេ​?

​ខណៈពេល​ដែល​អ្នក កំពុងតែ​រងចាំ​ជួប​ជាមួយ​គ្រូពេទ្យ យក​ល្អ គួរតែ​ចៀសវាង​ការជក់បារី គ្រឿង​ស្រវឹង អាហារ​ហឹរ និង​ស្ត្រេ​ស​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។