ខ្យល់​កន្ត្រាក់​ផ្ដួល​ផ្ទះ​រំលំ​រាប និង​ប៉ើង​ដំបូល​ជិត​២០០​ខ្នង​ផ្ទះ​របួស​មនុស្ស​៨​នាក់​

ខ្យល់​កន្ត្រាក់​ផ្ដួល​ផ្ទះ​រំលំ​រាប និង​ប៉ើង​ដំបូល​ជិត​២០០​ខ្នង​ផ្ទះ​របួស​មនុស្ស​៨​នាក់​



កំពង់ធំ​ ៖ ​កាលពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ នៅ​ស្រុក​បារាយណ៍​ មាន​ករណី​ខ្យល់​កន្ត្រាក់​ប៉ះពាល់​១២​ភូមិ​ ក្នុង​២​ឃុំ មាន​ឃុំ​ទ្រៀល និង​ឃុំ​ស្រឡៅ។

តាម​ការ​បញ្ជាក់​របស់​លោក​ហាក់ ម៉ុង​ហួត អភិបាលស្រុក​បារាយណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ខ្យល់​កន្ត្រាក់​នេះ​បណ្ដាល​ឲ្យ​ខូចខាត​​ផ្ទះ​១៩០​ខ្នង​ ក្នុង​នោះ​របួស​មនុស្ស​៨​នាក់ ​ស្រី​៤​នាក់​ ដួល​រលំ​ទាំងស្រុង​១៦​ខ្នង​ (​ផ្ទះ​១៤​ខ្នង​និង​តូប​លក់​អីវ៉ាន់​ចាប់ហួយ​២​ខ្នង) ផ្ទះ​របើក​ដំបូល​១៦៥​ខ្នង(​របើក​ទាំង​ស្រុង​៣៤​ខ្នង និង​របើក​បន្តិចបន្តួច​១៣១​ខ្នង)។

លោក​បន្ត​ទៀត​ថា ​ការ​របើក​ដំបូល​ មាន​សាលារៀន​១​ខ្នង កុដិ​លោក​១​ខ្នង និង​របើក​ជញ្ជាំង​ផ្ទះ​១​ខ្នង។ ចំពោះ​ជនរងគ្រោះ​៨​នាក់ ក្នុង​នោះ​សិស្ស​វិទ្យាល័យ​ទ្រៀល​ចំនួន​៤​នាក់។

ក្រោយពី​កើតហេតុ លោក​បាន​ចាត់វិធានការ​សង្គ្រោះ​បន្ទាន់ ​ដោយ​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព នៅ​តាម​គ្លីនិក​ឯកជន​ ដែល​នៅ​ជិត​ ហើយ​ពួកគាត់​បាន​វិល​ត្រឡប់​ទៅផ្ទះ​​​២​នាក់ ​ហើយ​២​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្ស្រុក។ លោក​បាន​ទៅ​សាកសួរ​សុខទុក្ខ គឺ ​៖​ យុវ​សិស្ស​មួ​ត ច​ន្ធូ អាយុ​១៦​ឆ្នាំ​ នៅ​ភូមិ​ប្រិច ឃុំ​ទ្រៀល​ ហើយ​លោក​បាន​ជូន​ប្រាក់​២០ ម៉ឺន​រៀល និង​ចេញថ្លៃ​សេវា​ព្យាបាល​ជូន​លោក ​ហាក់ សុវិជ្ជា អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​ដំរី​ស្លាប់​ ​​​​នូវ​ទឹក​ប្រាក់​១០ ម៉ឺន​រៀល​វិល​មក​ផ្ទះ​វិញ)។

ចំណែក​ស្រុក​ប្រាសាទ​សំបូរ​ លោក​ខៀវ ប៉ាង​ អភិបាលស្រុក​ ក៏បាន​រាយការណ៍​ពី​ករណី​ខ្យល់​កន្ត្រាក់​នេះ​ដែរ​ គឺ​បណ្ដាល​ឲ្យ​យុវជន​បី​នាក់ រង​របួស​ ទី​១​.ឈ្មោះ ភាព​ឡុ​ត អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ ស្វាយ ឃុំ​ស្រើង ដោយសារ​ដើមឈើ​បាក់​លើ​កំពុង​ជិះ​ម៉ូតូ ទី​២. ​ឈ្មោះ​ខៀន រ៉​ន អាយុ​៣៦ ឆ្នាំ ទី​៣. ឈ្មោះ តុំ រក្សា អាយុ​៣៦​ឆ្នាំ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ឈូក​ រងគ្រោះ​ ដោយសារ​រន្ទះបាញ់ ​ហើយ​រន្ទះ​ក៏​​បាញ់​ស្លាប់​ក្របី​មួយ​ក្បាល​ផង​ដែរ។ អ្នក​ទាំង​បី​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​កំពង់ធំ៕