អ្នកជំនាញ កំពុង​ស្រាវជ្រាវ​រក​ជនល្មើស HACKER គេហទំព័រ​សម្តេច​តេ​ជោ​

ភ្នំពេញ:
សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សេចក្តីថ្លែងការណ៍ អំពី​សកម្មភាព​ប្លន់​គេហទំព័រ​សម្តេច​តេ​ជោ www.samdechhunsen.gov.kh ហើយ​អ្នកជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស HACKER យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​។​

​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៦ ម៉ោង​ប្រមាណ ៤​និង​១២​នាទី​ព្រឹក មាន​ក្រុម​ក្រុមចោរប្លន់​វេ​ប​សាយ (Hacker) បាន​ចូលមក​ប្លន់ (Hacked) វេ​ប​សាយ សម្តេច​តេ​ជោ ហ៊ុន សែន www.samdechhunsen.gov.kh ដោយបាន​លួច​ប្តូរ​រូបភាព និង​បាន​លួច​ប្តូ​រដាក់​សារ​សម្លេង​ជា​ភាសា​ខ្មែរ​តាម​ទ្រង់ទ្រាយ HACKER ដែល​បាន​បំផ្លាញ​កិត្តិយស​សម្តេចនាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បង្ក​ការរំខាន និង​ធ្វើអោយ​បាត់បង់​ទិន្ន័យ​មួយចំនួនធំ​ក្នុង​នៅក្នុង​វេ​ប​សាយ​ផងដែរ​។ ។ នេះ​ជា​បទឧក្រិដ្ឋ​ផ្នែក​ព័ត៌មានវិទ្យា ដែល​ជនល្មើស​បាន​ប្រព្រឹត្តិ​ដោយ​ចំហរ​មកលើ​ទំព័រ​ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ភស្តុតាង​ទាំងនេះ គឺជា​ទង្វើ​មិនអាច​ប្រកែក​បាន​របស់​ក្រុម​បក្សប្រឆាំង ដែល​តែងតែ​រិះរក​វិធី​ទុច្ចរិត គម្រក់ៗ​គ្រប់យ៉ាង​ធ្វើការ​វាយប្រហារ​មកលើ សម្តេច​តេ​ជោ ហ៊ុន សែន​។ ជនល្មើស​ទោះបី​មាន​ប្រភព​មកពីណា​ក៏ដោយ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជាតិ និង​អន្តរជាតិ​។​

​នៅពេលនេះ ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រក​ប្រភព​ជនល្មើស HACKER យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​៕​

អ្នកជំនាញ កំពុង​ស្រាវជ្រាវ​រក​ជនល្មើស HACKER គេហទំព័រ​សម្តេច​តេ​ជោ​