៥​យ៉ាង​ដែល​ទំនាក់​ទំនង​រវាង​ម្ដាយ​អ្នក​និង​អ្នក​មាន​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​អ្នក​

ខណៈដែលថ្ងៃទិវាម្ដាយ កំពុងតែខិតមកដល់ មនុស្សគ្រប់គ្នាលើផែនដី បានបង្ហាញពីការស្រលាញ់ម្ដាយរបស់ខ្លួន និងថ្លែងអំណរគុណដល់អ្នកម្ដាយដែលបានផ្ដល់ជីវិតដល់ខ្លួន និងអំណោយពិសេសៗផ្សេងទៀតសម្រាប់ជីវិត។ អ្នកម្ដាយគ្រប់រូបមានលក្ខណៈខុសប្លែកពីគ្នា និងមានការប្រព្រឹត្តក្នុងទំនាក់ទំនងជាមួយកូន ខុសគ្នាផងដែរ។ មនុស្សទាំងអស់ដឹងថា អ្នកម្ដាយមានសារៈសំខាន់ ប៉ុន្តែមិនមានមនុស្សច្រើនទេ ដែលដឹងថា ទំនាក់ទំនងរវាងម្ដាយ និងកូន មានឥទ្ធិពលលើភាពជោគជ័យរបស់កូនប៉ុណ្ណា។ ខាងក្រោមនេះ គឺជា ចំណុច ឬរបៀប៥យ៉ាង ដែលទំនាក់ទំនងរវាងម្ដាយអ្នកនិងអ្នកមានឥទ្ធិពលលើភាពជោគជ័យរបស់អ្នក៖

១. ទំនាក់ទំនងរបស់អ្នកម្ដាយនិងអាជីពការងាររបស់គាត់

ចំណុចសំខាន់នៅទីនេះ គឺថា ទំនាក់ទំនងរបស់ម្ដាយអ្នក និងការងារ បានបង្ហាញពីការប្ដេជ្ញា និងការខិតខំប្រឹងប្រែងរបស់គាត់ទាំងក្នុងភាពជាម្ដាយ និងក្នុងអាជីពការងាររបស់ខ្លួន។ នេះជាសារមួយដែលផ្ដល់ឲ្យអ្នក សម្រាប់ស្វែងយល់ពីអាជីពការងាររបស់ខ្លួនអ្នក ។

២. សារអំពីភាពជោគជ័យដែលម្ដាយអ្នកផ្ដល់ឲ្យអ្នក

នៅពេលដែលអ្នកធំពេញវ័យ តើអ្នកម្ដាយរបស់អ្នកប្រាប់អ្វីខ្លះដល់អ្នក អំពីភាពជោគជ័យ? ទស្សនៈរបស់អ្នកអំពីភាពជោគជ័យ អាចមានភាពដូចគ្នានឹងទស្សនៈរបស់ម្ដាយអ្នក អាស្រ័យលើថា ម្ដាយរបស់អ្នកមានឥទ្ធិពលលើអ្នកកម្រិតណា។ អ្នកអាចពិនិត្យមើលឡើងវិញនូវជីវិតរបស់ម្ដាយអ្នក ថាតើគាត់រស់នៅបែបណា មើលពីជម្រើសដែលគាត់ជ្រើសធ្វើ ហើយមើលថា តើអ្នកបានទទួលយកនូវទស្សនៈរបស់គាត់ដោយមិនបានដឹងខ្លួនដែរឬទេ ហើយទទួលយកលើចំណុចអ្វីខ្លះ?

៣. ឥរិយាបថរបស់ម្ដាយអ្នកជុំវិញភាពជោគជ័យ

តើម្ដាយអ្នកជាអ្នកដែលសម្លឹងឃើញតែភាពជោគជ័យ ឬយ៉ាងណា? តើគាត់ចាប់អារម្មណ៍លើភាពជោគជ័យរបស់អ្នកជាងអាកប្បកិរិយារបស់អ្នក ឬយ៉ាងណា? ឥរិយាបថរបស់អ្នកចំពោះភាពជោគជ័យ អាចមានឫសគល់ពីឥរិយាបថរបស់ម្ដាយអ្នក។ ប្រសិនបើអ្នកធ្វើការប្រៀបធៀបឥរិយាបថរបស់ម្ដាយអ្នក និងឥរិយាបថរបស់អ្នកចំពោះភាពជោគជ័យ អ្នកនឹងមានភាពភ្ញាក់ផ្អើល ព្រោះតែវាមានភាពដូចគ្នាជាច្រើន។

៤. លក្ខណៈនៃការគាំទ្ររបស់ម្ដាយអ្នក

តើម្ដាយអ្នកគាំទ្រអ្នកបែបណា? គាំទ្រដោយមានលក្ខខណ្ឌ ឬឥតលក្ខខណ្ឌ? តើអ្នកត្រូវធ្វើខ្លួនជាលក្ខណៈមួយផ្សេងមិនមែនជាខ្លួនអ្នក ដើម្បីទទួលបានការយល់ព្រម ឬការគាំទ្រពីគាត់ ឬអ្នកគ្រាន់តែធ្វើខ្លួនជាលក្ខណៈរបស់ខ្លួនអ្នកផ្ទាល់?

ចុះការគាំទ្ររបស់អ្នកចំពោះអ្នកដទៃវិញ? តើវាមានលក្ខណៈស្រដៀងគ្នានឹងឥរិយាបថរបស់ម្ដាយអ្នកទេ? តាមពិតទៅលក្ខណៈដែលអ្នកទទួលបានការគាំទ្រ(ដូចជាការគាំទ្ររបស់ម្ដាយអ្នកចំពោះអ្នក) វាបានបង្កប់នៅក្នុងចិត្តគំនិតរបស់អ្នកស្រាប់ទៅហើយ ហើយវានឹងមានឥទ្ធិពលលើការគាំទ្ររបស់អ្នកចំពោះអ្នកដទៃដូចគ្នា។

៥.ទំនាក់ទំនងរបស់ម្ដាយអ្នកជាមួយភាពរឹងមាំ

ចំណងទាក់ទងរបស់អ្នកនិងម្ដាយ មានឫសគល់ក្នុងទំនាក់ទំនងរបស់គាត់ជាមួយភាពរឹងមាំ។ ប្រសិនបើម្ដាយអ្នកជាមនុស្សដែលមានភាពរឹងមាំ មិនភ័យខ្លាច នោះអ្នកនឹងមានអារម្មណ៍ថា មានភាពសុខ ស្រួលជាមួយនឹងលក្ខណៈជាខ្លួនរបស់អ្នក និងមិនបាច់ព្រួយបារម្ភពីគាត់ច្រើន។ ប៉ុន្តែបើម្ដាយអ្នកជាមនុស្សមិនមានភាពរឹងមាំ មានភាពភ័យខ្លាចវិញ នោះគាត់នឹងមានការការពារជ្រុល ទាមទារការមើលថែ និងយកចិត្តទុកដាក់ពីអ្នកច្រើនដើម្បីឲ្យគាត់មានអារម្មណ៍ថាមិនមានបញ្ហាអ្វីទេ ហើយអ្នកក៏នឹងអាចមានលក្ខណៈបែបនេះដូចម្ដាយរបស់អ្នកដែរ។ ជា រួម បើម្ដាយអ្នករឹងមាំច្រើន នោះអ្នកក៏នឹងមានលក្ខណៈរឹងមាំច្រើនដូចម្ដាយអ្នកដែរ។

ចំណុចសំខាន់នៅទីនេះ គឺថា ទំនាក់ទំនងរបស់អ្នកជាមួយនឹងភាពរឹងមាំ មានឥទ្ធិពលដោយផ្ទាល់លើសមត្ថភាពរបស់អ្នកក្នុងការហ៊ានប្រថុយនឹងហានិភ័យ និងដើរចេញពីលក្ខណៈសុខ ស្រួលនិយម ដើម្បីឈានទៅរកភាពជោគជ័យ។

ជាទូទៅមិនមានមនុស្សច្រើនទេ ដែលបានដឹងច្បាស់អំពីចិត្តគំនិតរបស់ខ្លួន ប៉ុន្តែដើម្បីឈានទៅសម្រេចបានជោគជ័យ ការដឹងច្បាស់ពីលក្ខណៈចិត្តគំនិតរបស់ខ្លួន និងឫសគល់របស់វាគឺមានសារៈសំខាន់ណាស់។ អ្នកអាចក្លាយជាមនុស្សបែបណាមួយតាមដែលអ្នកចង់បាន លុះត្រាតែអ្នកបានយល់ច្បាស់ពីជម្រៅចិត្ត និងលក្ខណៈរបស់ខ្លួនអ្នកច្បាស់។

ប្រែសម្រួល៖ Sophany
ប្រភព៖


  • ៥​យ៉ាង​ដែល​ទំនាក់​ទំនង​រវាង​ម្ដាយ​អ្នក​និង​អ្នក​មាន​ឥទ្ធិពល​លើ​ភាព​ជោគជ័យ​របស់​អ្នក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/07  Category:ចំនេះដឹង
Tags: