សេចក្តីថ្លែងការណ៍​៖ «​អំពី​សកម្មភាព​ប្លន់គេហទំព័រ​សម្តេច​តេ​ជោ​»

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៧ ​ឧសភា ឆ្នាំ​២០១៦ ​នេះ វេលា​ម៉ោង​ប្រមាណ​០៤ និង១២​ព្រឹក មាន​ក្រុម​ចោរប្លន់​វ៉េបសាយ (Hacker) បាន​ចូល​មក​ប្លន់ (Hacked) វ៉េប​សាយសម្តេច​តេ​ជោ ហ៊ុន សែន www.samdechhunsen.gov.kh ដោយ​បាន​លួច​ប្តូរ​រូបភាព និង​បាន​លួច​ប្តូរ​ដាក់​សារ​សម្លេងជា​ភាសា​ខ្មែរ តាម​ទ្រង់ទ្រាយ HACKER ដែល​បាន​បំផ្លាញ​កិត្តិយសសម្តេច​នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រមទាំង​បង្កការ​រំខាន និង​ធ្វើ​ឱ្យ​​បាត់បង់​ទិនន័យ​​មួយ​​ចំនួន​ធំ នៅ​ក្នុងវ៉េប​​សាយ​ផង​ដែរ​ ។

យោង​តាម Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចេញផ្សាយ​នៅ​មុន​​នេះ​បន្តិច បាន​បញ្ជាក់​ថា​ «​នេះ​ជា​បទឧក្រិដ្ឋ​ផ្នែក ព័ត៌មានវិទ្យា ដែល​ជនល្មើស​​បាន​ប្រព្រឹត្តិ​ដោយ​ចំហមក​លើ​ទំព័រ​ផ្លូវការ​របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​។ ភស្តុ​តាង​ទាំងនេះ គឺជា​ទ​ង្វើ​មិន​អាច​ប្រកែក​បាន​របស់​ក្រុម​បក្ស​ប្រឆាំង ​ដែល​តែងតែ​រិះរក​វិធី​ទុច្ចរិត គម្រក់​ៗ​គ្រប់យ៉ាង​ធ្វើការវាយប្រហារ​មក​លើសម្តេច​តេ​ជោ ហ៊ុន សែន​។ ជនល្មើស ​ទោះបី​មាន​ប្រភព​​មកពីណា​ក៏​ដោយ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​​ ចំពោះ​មុខ​ច្បាប់​ជាតិ និង​អន្តរជាតិ​» ​។

នៅ​ពេល​នេះ ​ក្រុម​ជំនាញ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា (IT Crimes) របស់​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ស្រាវជ្រាវ​រក​ប្រភព​​ជន​ល្មើស HACKER យក​មក​ផ្តន្ទារ​ទោស​តាម​ច្បាប់​ជា​ធរមាន​៕