រថយន្ត​មួយ​ក្រឡាប់​បះជើង នៅ​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ​

6 Videos


ភ្នំពេញ : រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿន និង ផ្ទុកទំនិញលើសចំណុះ ផង ខណៈមកដល់ផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ដែលជាផ្លូវកោងហើយមិនបន្ថយល្បឿននោះ បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ជាំង បណ្ដាលឲ្យក្រឡាប់ផ្អៀងជើងឡើងលើ រងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ២០ នាទីយប់ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ២ តោនកន្លះពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 2Q-4306 បានបើកបរតាមបណ្ដោយព្រះមុន្នីរ៉េត ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ហើយបានបើកចូលផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ បំណងទៅជើង ខណៈមកដល់ពាក់កណ្ដាលនៃផ្លូវក្រោមដីដែលជាចំណុចកើតហេតុត្រង់ផ្លូវកោងហើយមិនបន្ថយល្បឿន ក៏បួងចង្កូតមិនទាន់ជ្រុលទៅបុកជញ្ចាំងថ្មក្រោមស្ពានបណ្ដាលឲ្យក្រឡាប់ផ្អឿងជើងឡើងលើ ។  ចំណែកឯទំនិញដែលនៅលើរថយន្តបង្កនោះក៏បែកធ្លាយទំនិញរាយពេញផ្លូវ រងការខូចខាត តែសំណាងល្អហើយ ដែលមិនប៉ះពាល់គ្រោះថ្នាក់ដល់អ្នកដទៃ ។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និង បានសហការណ៍ជាមួយកម្លាំងជំនាញ ចុះធ្វើការវាស់វែងយករថយន្ដបង្កនោះ ទៅរក្សាទុកនៅការិយាល័យចរារចណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

                                                                                                         TV5