បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តរតនគិរី នៅតែ​កើតមាន​ឥតឈប់ឈរ​

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្ត​នេះ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ព្រោះ​លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​មន្ត្រីក្រោមឱវាទ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ មានការ​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​តែ​ឈ្មួញ​ឈើ​ដែល​គ្មាន​ទំនាក់ទំនង​ជាមួយ​ពួកគេ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែល​ចេះដឹង​ទុក្ខ​ធុរៈ​របស់​ពួកគេ គឺ​ពួកគេ​ជួយ​សម្របសម្រួល​គ្រប់ពេល​។ ហេតុនេះហើយ​ទើប​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ ហើយ​ព្រៃឈើ​ក្នុងស្រុក​អូរ​ជុំ ស្រុក​អណ្ដូង​មាស ស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​វ៉ើ​ន​សៃ​ជាដើម នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​។

កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦ កម្លាំងចម្រុះ​ក្នុងស្រុក​អូរ​ជុំ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ឈើ​ប្រណីត​នៅ​ចំណុច​ដីចម្ការ​កៅស៊ូ​មួយកន្លែង​ក្នុងភូមិ​តង​កាពូ ស្រុក​អូរ​ជុំ ហើយ​រឹបអូស​ឈើ​ធ្នង់​បាន​ជាង​១០០​ដុំ​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​នោះ បាន​ឲ្យ​ដឹងថា​ម្ចាស់​ឈើ​បាន​រត់​គេចខ្លួនបាត់ ហើយ​បន្សល់ទុក​នៅ​ឈើ​រាយប៉ាយ​ក្នុង​ចម្ការកៅស៊ូ​។ ឈើ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រួមមាន មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កម្លាំង​កងរាជអាវុធហត្ថ​ដឹកជញ្ជូន​យកមក​ទុក​នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

សកម្មជន​ព្រៃឈើ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​មូលដ្ឋាន​ពួកគាត់​បន្ត​កើតមាន​យ៉ាង​រាលដាល ព្រោះ​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​លើកឡើងថា​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​ឈ្មួញ​ឈើ​ដោយ​រើសមុខ​ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១​ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ខ្លះ​ផង ព្រោះ​លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​បក្ខពួក គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​៕

abc-5-2 abc-3-2 abc-9